តារាកំប្លែង ស៊ូយ៉ា ទម្លាយមូលហេតុមួយដែលទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាកំប្លែងពន្លកថ្មីដែលទើបនឹងរះប្អូនស៊ូយ៉ា ដែលកំពុងល្បីឈ្មោះបោះសម្លេងក្នុងការសម្តែងកំប្លែង ថ្មីៗនេះបានទម្លាយឱ្យដឹងអំពីមូលហេតុដែលខ្លួនទទួលបានការគាំទ្រពីសំណាក់មហាជន បើទោះបីជាទើបប្រឡូកក្នុងវិស័យសិល្បៈក្នុងរយៈពេលខ្លី ។

ស៊ូយ៉ាដែលកំពុងតែល្បីឈ្មោះតាមរយៈរឿងកំប្លែងខ្លី «ស៊ូយ៉ាចង់បានប្តី» មានឈ្មោះពិតថា សុខ រិទ្ធីយ៉ា ។ ទោះបីជាតារាកំប្លែងពន្លកថ្មីពិតមែន តែស៊ូយ៉ា ពិតជាមានទេពកោសល្យខាងសិល្បៈ ដោយប្អូនអាចសម្តែងបានគ្រប់ទម្រង់ទាំងអស់មិនថា តួកូនក្មេងប្រុស សូម្បីតែដើរតួអង្គជាម្តាយ ជាយាយគេ ក៏សម ឬជាតួភេទទីបីអ្វីនោះទេ ពោលគឺតារាកំប្លែងរូបនេះ អាចសម្តែងបានយ៉ាងសមរម្យ ដោយមើលទៅពុំមានកន្លែងណាដែលឆ្គាំឆ្គង ឬទើសភ្នែកអ្វីនោះទេ ។

តាមរយៈចរិកតួអង្គសម្តែងកន្លងមក គឺអាចនិយាយបានថា ប្អូនស៊ូយ៉ា ដែលត្រូវគេបង្អាប់លេងថា មានភ្នែកធំៗលៀន មាត់ធំគ្រហុប គឺពិតជាមានដុងសិល្បៈពីកំណើត និងគួបផ្សំការបើកចិត្តទូលាយទទួលយកការបណ្តុះបណ្តាល និងការណែនាំពីមនុស្សជុំវិញខ្លួនផងដែរ ។ ជាការសម្គាល់ តារាកំប្លែងប្អូនយ៉ា ទើបតែចាប់ផ្តើមប្រឡូកការងារសិល្បៈតែប៉ុន្មានឆ្នាំនោះប៉ុណ្ណោះ តែប្អូនហាក់ដូចជាទទួលការគាំទ្រ និងការចូលចិត្តពីមហាជនច្រើន ពោលតារាកំប្លែងដ៏ក្មេងខ្ចីរូបនេះថែមទាំងបានជួយដល់ក្រុមគ្រួសារទាំងដែលខ្លួនទើបតែមានវ័យ១៤ឆ្នាំ ។

តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព ប្អូន សុខ រិទ្ធីយ៉ា ហៅនាយយ៉ា ឬនាងស៊ូយ៉ា បាននិយាយថា ការដែលប្អូនទទួលបានភាពល្បីល្បាញប្រមាណជាពីរឆ្នាំមកនេះ គឺមិនងាយនោះ ហើយសម្រាប់ប្អូនផ្ទាល់ ក៏ពុំធ្លាប់នឹងស្មានថា មានមហាជនស្គាល់ និងទទួលបានប្រជាប្រិយភាពខ្លាំងដូច្នេះនោះដែរ ពោលមិននឹកស្មានទាល់តែសោះ។

ស៊ូយ៉ា បានបង្ហើបឱ្យដឹងបន្ថែមថា កាលពីដំបូងឡើយ មុនចូលប្រឡូកក្នុងវិថីសិល្បៈ គឺប្អូនគ្រាន់តែថតលេងតាមបណ្តាញសង្គម Tik Tok រួចបង្ហោះលេងប៉ុណ្ណោះ។ តែវីដេអូដែលបានបង្ហោះនោះ តែងតែទទួលបានការគាំទ្រពីមហាជនទូទៅ ដូច្នេះហើយទើបបានជាប្អូនចេះតែថតសម្តែងលេងជាបន្តបន្ទាប់ ហើយក៏ទទួលបានគាំទ្រជាហូរហែ ។

តារាកំប្លែងស៊ូយ៉ា ដែលមានអាយុ១៤ឆ្នាំ ក្នុងឆ្នាំ២០២៣នេះ បានបន្តថា ក្រោយទទួលបានការគាំទ្រលើបណ្តាញសង្គមយក្ស Tik Tok ស្រាប់តែមានឱកាសល្អបានកើតឡើយ។ នោះគឺ តារាកំប្លែង ពូណុយ បានឃើញពីទេពកោសល្យរបស់ប្អូន និងចាប់អារម្មណ៍លើប្អូនយ៉ាក៏បានហៅប្អូន ស៊ូយ៉ា មកចូលរួមថតកំប្លែង និងបានជួយបណ្តុះបណ្តាល រហូតប្អូន ស៊ូយ៉ា មានឱកាសបានដើរលើវិថីសិល្បៈ និងមានមហាជនបានស្គាល់ច្រើន។ ស៊ូយ៉ា បានពោលមិនដាច់ពីមាត់ ពីគុណបំណាច់ដែលតារាកំប្លែងពូណុយបានជួយដល់ខ្លួន ដោយតារាកំប្លែងពូណុយ តែងតែជួយប្អូនជានិច្ចជាកាលទាក់ទងជាមួយការសម្តែងមួយនេះ។

ទាក់ទងជាមួយតម្លៃខ្លួនវិញ ប្អូនស៊ូយ៉ា បានទម្លាយថា ប្អូនថតមួយរឿងអាចទទួលបានថវិកា៥០ដុល្លារ ទៅ១០០ដុល្លារអាមេរិក គឺអាស្រ័យទៅតាមប្រភេទនៃរឿងដែលថត រឿងខ្លីយកតិច និងរឿងវែង យកកម្រៃរាងច្រើនអ៊ីចឹងទៅ បើទាក់ទងជាមួយការសម្តែងនេះ ប្អូនក៏អាចសម្រួលដល់ជីវិភាពគ្រួសាររបស់ប្អូនជាច្រើនផងដែរ។

បើទាក់ទងជាមួយរូបរាងប្អូនស៊ូយ៉ា ក៏បានទម្លាយថា ទោះបីជាភ្នែក ដៃជើងរបស់ប្អូនខុសប្លែកពីគេបន្តិចមែន តែប្អូនមិនដែលអន់ចិត្តនឹងខ្លួនឯងឡើយ ពោលមានតែការលើកទឹកចិត្ត ជំរុញចិត្តខ្លួនឯងបន្ថែម ព្រោះទាក់ទងជាមួយរូបរាងនេះ មិនមែនជាបញ្ហារបស់ប្អូននោះទេ តែវាក៏បានបង្កើតឱកាសឱ្យប្អូនប្រើប្រាស់វាសម្រាប់ការសម្តែងផងដែរ។

គួររម្លឹកថា តារាកំប្លែងប្អូនស៊ូយ៉ា បានប្រឡូកក្នុងសិល្បៈចាប់តាំងពីឆ្នាំ២០២១ ដោយត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ប្អូនទទួលបានការគាំទ្រ ក៏ដូចជាប្រជាប្រិយយ៉ាងខ្លាំង ក្រោយតារាកំប្លែងពូណុយបានហៅថតរឿងជាច្រើនមក។

ជាចុងក្រោយ តារាកំប្លែង ស៊ូយ៉ា បានសម្តេងនូវការអរគុណដល់ប្រិយមិត្តអ្នកគាំទ្រ សម្រាប់ការអាណិតស្រឡាញ់ប្អូន ដោយបងប្អូនមហាជនតែងលើកទឹកចិត្តទាក់ទងមួយការសម្តែងកន្លងមក។ បន្ថែមពីលើនេះ ស៊ូយ៉ា ពោលថា រូបខ្លួនសន្យាថារកនឹងរកអ្វីដែលថ្មី ប្លែកៗសម្រាប់ចែកជូនជាសំណើចទៅកាន់មហាជនជាបន្តបន្ទាប់ទៀត ។ (ដោយ៖លីហួ គីមឆាយ)

ចែករំលែកព័តមាននេះ