ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង៤០ម៉ឺននាក់មកលេងបុណ្យទន្លេនៅខេត្តកំពង់ធំ

1 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​ការ​បញ្ចា​ក់​ពី​លោក​លោក​សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ នា​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៣​មាន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ជាង​៤០​ម៉ឺន​នាក់​បាន​ចូលរួម​ទស្សនា​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ តាម​ការ​បញ្ចា​ក់​ពី​លោក​លោក​សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ នា​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៣​មាន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ជាង​៤០​ម៉ឺន​នាក់​បាន​ចូលរួម​ទស្សនា​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ ក្នុង​រយៈពេល​២​ថ្ងៃ​ដំបូង គឺ​ថ្ងៃ​ទី​៧ និង​ទី​៨ ខែមីនា ឆ្នាំ​២០២៣​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​បាន​ថ្លែង​ថា «​ចំនួន​ប្រជា​ពល​ដ្ឋ​ចូលរួម​ថ្ងៃ​ទី​៧ មាន​ប្រមាណ​១៨,៥០០​នាក់ និង​ថ្ងៃ​ទី​៨ មាន​ប្រមាណ​៣៨៥,០០០​នាក់ សរុប​៤០៣,៥០០​នាក់​»​។ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​មួយ​នេះ គឺ​មានការ​តាំងពិព័រណ៍​សមិទ្ធផល មហោស្រព​ម្ហូបអាហារ និង​ភេសជ្ជៈ និង​ការ​តាំងពិព័រណ៍​ក​សិ​ទេសចរណ៍ ផលិតផល​សហគ្រាស​ធុន​តូច​និង​មធ្យម ផលិតផល​ខ្មែរ ផលិតផល​កសិកម្ម និង​ផលិតផល​របស់​សហគមន៍ សរុប​ចំនួន​៣០០​ស្តង់​។

ការ​រៀបចំ​ពិព័រណ៍​នេះ គឺជា​ការ​រួមចំណែក​មួយ​ក្នុង​ការ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​នៃ​វិស័យ​ទេសចរណ៍ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ពិសេស​ការ​បង្កើត​ឱកាស​ការងារ​សម្រាប់​កសិករ សិប្បករ និង​អ្នក​ផលិត​តាម​រយៈ​ទីផ្សារ​ទេសចរណ៍​។

លោក​បាន​បញ្ចា​ក់​ទៀត​ថា​ក្រៅពី​នេះ មានការ​សម្តែង​ទស្សនីយភាព​សិល្បៈ​ចម្រុះ​បុរាណ​-​សម័យ ដែល​មានការ​ចូលរួម​ពី​សិល្បករ​-​សិល្បការ​នី​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​មាន​សកម្មភាព​កីឡា​ដែល​រួម​មាន​៖ កីឡា​រត់ប្រណាំង​កម្សាន្ត​៣​គម និង​៥​គម កីឡាបាល់ទាត់​ឆ្នេរ​ខ្សាច់ កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់ កីឡា​ប៉េតង់ ប្រដាល់​គុន​ខ្មែរ កីឡាបាល់ទាត់​លើ​តុ ដែល​សកម្មភាព​កីឡា​ទាំងនេះ​នឹង​បង្ហាញ​អំពី​ការ​ចូលរួម​អបអរសាទរ​ដល់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​នៅ​សល់​តែ​៥៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កម្ពុជា​យើង​នឹង​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​។

គួរ​ជម្រាប​ថា ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ គឺ​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨-១០ ខែមីនា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន និង​អនាគត (Our River for Now and Next)» ប៉ុន្តែ​ប្រជាជន​បាន​មក​ទស្សនា​កម្សាន្ត​បណ្ដើរ​ៗ​មុន​ថ្ងៃ​ចាប់ផ្ដើម​ព្រឹត្តិការណ៍​ទៅ​ទៀត​។

យ៉ាងណា លោក​រដ្ឋមន្ត្រី​ធ្លាប់​បង្ហាញ​ការ​រំពឹង​ទុក​ថា រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ធំ​នេះ​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​យ៉ាងតិច​១​លាន​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ