ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កំប្លែង​ប្រុស​ល្បីឈ្មោះ​៣​ដួង ពោល​ពាក្យ​យ៉ាង​មាន​អត្ថន័យ​សម្រាប់​ទិវា​នារី​អន្តរជាតិ ៨​មីនា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជួរ​មុខ​នៅ​កម្ពុជា​ចំនួន​៣​ដួង បាន​លាតត្រដាង​អារម្មណ៍​ផ្សេង​ៗ​ពី​គ្នា​ជុំវិញ​អត្ថន័យ​នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា ដោយ​ក្នុង​នោះ​តារា​កំប្លែង​យើង​បាន​ពោល​ថា ក្តី​ស្រលាញ់​មិនមែន​មាន​តែ​ថ្ងៃ ៨​មីនា​ឡើយ ខណៈ​តារា​កំប្លែង​ប្រុស​ផ្សេង​ទៀត​ពោល​ថា វា​ជា​ថ្ងៃ​បង្ហាញ​នូវ​ការ​គោរព​ដឹងគុណ​ដល់​ឪពុក​ម្តាយ​ផង​ដែរ​។

ប្រាកដ​ណាស់ នៅ​ដែល​និយាយ​ដល់​តារា​កំប្លែង​ល្បី​ទាំង​៣​ដួង​នេះ ប្រាកដជា​ប្រិ​យ​មិត្ត​អ្នក​តាមដាន​ចង់​ដឹ​ចង់​លឺ​ហើយ​ថា តើ​នៅ​ថ្ងៃ ៨​មីនា ដែល​ជា​ទិវា​នារី​អន្តរជាតិ បុរស​ទាំង​៣​ដួង នឹង​ទម្លាយ​អារម្មណ៍​អ្វីខ្លះ​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់ និង​ក្រុម​គ្រួសារ​យ៉ាងដូចម្តេច? តើ​តារា​ទាំង​៣​ដួង​នោះ​ជា​នរណា?។

សម្រាប់​កម្ពុជា ក៏​បាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា លើក​ទី​១១២ ក្នុង​ឆ្នាំ​២០២៣​នេះ ក្រោម​ប្រធានបទ «​ស្ត្រី​រួម​គ្នា រក្សាសុខ​សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​»​។ ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​ក្រោម​ប្រធានបទ​នេះ មាន​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ​នៃ​ការ​ចូលរួម​របស់​ស្ត្រី ដែល​មិន​អាច​កាត់ថ្លៃ​បាន ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព ក៏​ដូច​ជា​កំពុង​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​ព​ន្លឿ​ន​កិច្ច​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ត្រូវ​បាន​ពិភពលោក​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​នូវ​ការ​តស៊ូ និង​គំរូ​វីរភាព​របស់​នារី​ៗ​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរី និង​គេច​ផុត​ពី​ទ​ង្វើ​ជិះជាន់​នានា​។

ងាក​មក តារា​កំប្លែង​បុរស​ទាំង​៣​ដួង​វិញ យើង​ក៏​បាន​សាកសួរ​ពី​ចំណាប់អារម្មណ៍​របស់​តារា​កំប្លែង​ខ្លះ​ៗ ដូច​ជា តារា​កំប្លែង​នាយ ពាក់​មី នាយ គ្រឿន និង​នាយ​ពាង ជាដើម ថា តើ​ចំណាប់​របស់​ពួក​គាត់​បែប​ណា​ក្នុង​ថ្ងៃ​ពិសេស​មួយ​នេះ?​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព តារា​កំប្លែង​នាយ ពាក់​មី មានឈ្មោះ​ពិត ចែ​ម ចាន់​ដា​រ៉ា បាន​ទម្លាយ​អារម្មណ៍​ទាំង​បែប​នេះ​ថា សម្រាប់​ថ្ងៃ​៨​មីនា លោក​គិត​ថា​ថ្ងៃនេះ​ល្អ ដោយ​ក្នុង​នាម​ជា​ស្វាមី​ម្នាក់ ត្រូវ​តែ​មាន​អ្វី​អោយ​ភរិយា ធ្វើ​រឿង​អ្វី​ដែល​ល្អ​ៗ និយាយ​ពាក្យ​ផ្អែមល្ហែម​ចំពោះ​មនុស្ស​ជាទី​ស្រឡាញ់ សម្រាប់​គ្រួសារ ជាំ​ពិសេស​ម្តាយ ភរិយា និង​កូន​ៗ​។

តារា​កំប្លែង នាយ​ពាក់​មី បាន​បន្ត​ថា ទិវា​៨​មីនា ក៏​ជា​ថ្ងៃ​ដែល​យើង​គួរតែ​បង្ហាញ​នូវ​ភាព​កតញ្ញូ និង​ធ្វើ​អ្វី​ល្អ​ៗ​សម្រាប់​អ្នក​មានគុណ ដោយ​យើង​ត្រូវ​ទិញ​របស់​អ្វី​ដែល​ឆ្ងាញ់​ៗ​អោយ​គាត់​ពិសារ​ទាន់​គាត់​នៅ​មើលឃើញ នៅ​ពិសារ​កើត កុំ​ចាំ​ដល់​បាត់បង់​ទើប​ស្តាយក្រោយ​។ ត្រង់នេះ មាន​ន័យ​ថា បុណ្យ​ទាន់​ខែភ្លឺ ទាន់​អ្នក​មានគុណ​លោក​នៅ​មានជីវិត និង​នៅ​អាច​ទទួលទាន​បាន​។ ជា​ចុង​ក្រោយ​សម្រាប់​លោក ក្នុង​នាម​ជា​អ្នកសិល្បៈ​មួយ​រូប លោក​ក៏​ជូនពរ​អោយ​ស្ត្រី​គ្រប់​រូប​ជួប​ប្រទះ​អ្វី​ដែល​សមបំណង ជា​ពិសេស​ជួប​បុរស​ល្អ​ៗ​ក្នុង​ជីវិត និង​ទទួល​បាន​សុខ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​។

ចំណែក​តារា​កំប្លែង​នាយ​គ្រឿន​វិញ ក៏​បាន​ពោល​ពី​អារម្មណ៍​របស់​លោក​ថា សម្រាប់​លោក​និង​ក្រុម​គ្រួសារ​ប្រពន្ធ​កូន​ថ្ងៃ​ណា ក៏​ជា​ថ្ងៃ​ល្អ​ដែរ​។ មាន​ន័យ​ថា លោក​មិនមែន​ធ្វើ​ល្អ​ដល់​អ្នក​មានគុណ និង​ក្រុម​គ្រួសារ​តែ​មួយ​ថ្ងៃ​នោះ​ទេ​។ ពេល​ខ្លះ​អាច​មាន​បញ្ហា​ល្អក់កករ​បន្តិច​ជាមួយ​គ្រួសារ តែ​លោក​នៅ​ចាត់​ទុក​ថា​វា​ជា​ថ្ងៃ​ល្អ ព្រោះ​ការ​ស្រឡាញ់​មើលថែ​គ្នា​មិនមែន​តែ​មួយ​ថ្ងៃនេះ​ទេ ពោល​គឺ​ស្រឡាញ់​គ្នា​អស់​មួយ​ជីវិត​។ សម្រាប់​ថ្ងៃ ៨​មីនា ដែល​ជា​ទិវា​សិទ្ធិ​នារី​អន្តរជាតិ លោក​ក៏​ជូនពរ​ដល់​អ្នកគាំទ្រ​របស់​លោក មហាជន និង​ក្រុម​គ្រួសារ​លោក ឱ្យ​ពើបប្រទះ​រឿង​ល្អ​ៗ ជា​ពិសេស​ការ​ចេះ​គោរព​គ្នា ចេះ​អធ្យាស្រ័យ​អត់អោន​អោយ​គ្នា ទើប​ទទួល​បាន​សុខ​សុភមង្គល​។

លើស​ពី​នេះ តារា​កំប្លែង​នាយ គ្រឿន បាន​ពោល​ថា សម្រាប់​លោក​ផ្ទាល់​ថ្ងៃ​៨​មីនា លោក​រវល់​ជាប់​ថត ប៉ុន្តែ​លោក​ក៏​ពុំ​ភ្លេច​ថ្ងៃ​នោះ​ដែរ​។ បន្ថែម​ពី​នេះ តារា​រូប​នេះ ពិតជា​រីករាយ​ជា​ខ្លាំង​ដែល​នា​ពេល​បច្ចុ ប្បន្ន ស្ត្រី​ត្រូវ​បាន​គេ​អោយ​តម្លៃ​លើកកម្ពស់​ស្មើនឹង​បុរស ដោយ​ស្ត្រី​ជា​កម្លាំង​ច​លករ​នៅ​ក្នុង​សង្គម និង​ប្រទេស​ជាតិ ដូច្នេះ​សង្គម​ជាតិ​មួយ​មានការ​អភិវឌ្ឍ​ចាំបាច់​ត្រូវការ​ស្ត្រី​។

សម្រាប់​តារា​កំប្លែង​នាយ ពាង វិញ លោក​ក៏​បាន​និយាយ​ថា ថ្ងៃ​៨​មីនា ដែល​ជា​ទិវា​នារី​អន្តរជាតិ​ជា​ថ្ងៃមួយ​ដែល​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ស្ត្រី ដែល​ជា​ថ្ងៃមួយ​របស់​ស្ត្រី​នៅ​ជុំវិញ​ពិភពលោក​ទទួល​បាន​សេរីភាព ប​ញ្ឍ​ប់​ការ​រើសអើង ជា​ពិសេស​លើកកម្ពស់​ស្រី្ត​ដែល​ជា​មាតា​ពិ​ភ​ពើ​លោក​។ លើស​ពី​នេះ ក្នុង​នាម​លោក​ជា​សិល្បៈ​មួយ​រូប លោក​ជូនពរ​អោយ​ស្ត្រី​ដែល​ជា​មាតា​ពិភពលោក ជួប​តែ​ភាព​សុខដុមរមនា សម្រស់​កាន់តែ​ស្រស់ ជា​ពិសេស​ទទួល​បាន​សុខ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​។

គួរ​រលឹក​ផង​ដែរ​ថា សម្រាប់​ថ្ងៃ​ពិសេស​នេះ តារា​ទាំង​៣​ដួង​នេះ ហាក់ដូចជា​កាន់តែ​មមាញឹក​ជាមួយ​ការងារ​របស់​ខ្លួន ដោយ​រក​ពេល​សម្រាប់​គ្រួសារ​សឹងតែ​ពុំ​បាន ប៉ុន្តែ​តារា​ទាំង​៣​រូប​នេះ​ក៏​ពុំ​ភ្លេច​ថ្ងៃ​ពិសេស​ដ៏​ល្អ​មួយ​នេះ​ដែរ ពោល​គឺ​ថែម​ទាំង​បាន​ទម្លាយ​អារម្មណ៍ល្អ​ៗ ពាក្យពេចន៍​ផ្អែមល្ហែម​សម្រាប់​ក្រុម​គ្រួសារ​ទៀត​ផង​៕ ដោយ ​៖ ​លី​ហួ គី​ម​ឆាយ