ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តើក​២២​ក្បាល និង​ត្រកួត​៥​ក្បាល បាន​ប្រគល់​ឱ្យ​មន្ត្រី​ព្រៃឈើ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​កង​រាជ​អាវុធ​ខេត្ត សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ

ខេត្តសៀមរាប ៖ កម្លាំង​កង​រាជ​អាវុធ​ខេត្ត សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ ខេត្តសៀមរាប បាន​ចុះ​ឃាត់​រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង របស់​ក្រុមហ៊ុន ហ្គី​ស្តា​ល់ ពី​សៀមរាប​ទៅ​ភ្នំពេញ ដោយ​មានការ​សង្ស័យ ទើប​កម្លាំង​ជំនាញ​សុំ​ឆែកឆេរ ឃើញ​បទល្មើស​ធនធានធម្មជាតិ​(​សត្វ​អណ្តើក​) ភ្លាម​ៗ​រួច​យក​មក​ប្រគល់​ឱ្យ​មន្ត្រី​ព្រៃឈើ បាគង ខណៈ​ពេល​នោះ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ទាំង​យប់ ពេល​សមត្ថកិច្ច​ទៅ​ដល់​។ ហេតុការណ៍​ឃាត់​រថយន្ត​ដឹក​អណ្តើក​នោះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែសីហា ស្ថិត​នៅ​ចំណុច​ភូមិ​ស្ពាន​ត្នោត ឃុំ​ល្វែង​ឫស្សី ជាប់​ព្រំប្រទល់ ស្រុក​ជីក្រែង ខេត្តសៀមរាប និង​ខេត្តកំពង់ធំ​។

តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ធ្វើការ​ឃាត់​រថយន្ត​របស់​ក្រុមហ៊ុន ហ្គី​ស្តា​ល់ ដឹក​អ្នកដំណើរ​នោះ ដោយ​មាន​ព័ត៌មាន​សម្ងាត់​ថា មាន​រថយន្ត​កំពុង​ដាក់​សត្វព្រៃ នៅ​មុខ​ផ្សារ​ជីក្រែង​ទាំង​យប់ ហើយ​កំពុង​ចេញដំណើរ​ទៅ​ភ្មំ​ពេញ ទើប​កម្លាំង​ជំនាញ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង បាន​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​ព្រំប្រទល់​ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់​រថយន្ត​នោះ ពុំ​ឃើញ​មាន​តៃកុង​ឡាន​នោះ​ទេ រួច​កម្លាំង​យើង​បើក​យក​មក​ទុក​នៅ​ក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លុះ​ព្រឹក​ឡើង​ថ្ងៃ​ដដែល ទើប​ធ្វើការ​ប្រគល់​ឱ្យ​មន្ត្រី​ព្រៃឈើ បាគង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

ប្រភព​បាន​បញ្ជាក់​ថា វត្ថុ​តាង​ដែល​កម្លាំង​ជំនាញ​បាន​ចាប់​យក រួម​មាន ១/​អណ្តើក​តម្កល់​ចំនួន ២២​ក្បាល ស្មើនឹង​១៥៦​គីឡូក្រាម ២/​ត្រកួត​ចំនួន​០៥​ក្បាល ស្មើនឹង​២០​គីឡូក្រាម ៣/​រថយន្តក្រុង​ចំនួន​០១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7541 របស់​ក្រុមហ៊ុន ហ្គី​ស្តា​ល់ អ៊ិ​ច​ប្រេស​ដឹក​អ្នកដំណើរ​។ បច្ចុប្បន្ន​រថយន្ត ដឹក​អ្នកដំណើរ និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ឱ្យ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ប្រាសាទបាគង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕