ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ជាប់​ព្រំដែន​ប្រមូល​ផល​ស្រូវ​បាន​តិច តម្លៃ​ថោក និង​វៀតណាម​បិទ​ច្រក

6 ឆ្នាំ មុន

ខេត្តកំពត ៖ កសិករ​នៅ​ឃុំ​ព្រៃ​ទន្លេ ជាប់​ព្រំដែន​ប្រទេស​វៀតណាម ក្នុងស្រុក​បន្ទាយមាស ពេល​នេះ​បាន​ប្រមូល​ផល​ស្រូវ​ជា​បណ្តើរ​ៗ​ហើយ​។ ទោះបីជា​បែប​ណា

ខេត្តកំពត ៖ កសិករ​នៅ​ឃុំ​ព្រៃ​ទន្លេ ជាប់​ព្រំដែន​ប្រទេស​វៀតណាម ក្នុងស្រុក​បន្ទាយមាស ពេល​នេះ​បាន​ប្រមូល​ផល​ស្រូវ​ជា​បណ្តើរ​ៗ​ហើយ​។ ទោះបីជា​បែប​ណា ការ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ​បាន​បាត់បង់​ទិន្នផល​ច្រើន ។

ស្ត្រី​កសិករ​ឈ្មោះ សំ សា​រ៉​ន អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទន្លេ ឃុំ​ព្រៃ​ទន្លេ បាន​ប្រាប់​ឱ្យ​ដឹង​ថា កសិករ​នៅ​ភូមិ​ព្រៃ​ទន្លេ បាន​ធ្វើ​ស្រូវ​ប្រភេទ​អីុអ៊ែ​រ និង​ខាតបង់​ស្ទើរតែ​គ្រប់​គ្រួសារ​ដោយសារ​តែ​សត្វ​កណ្តុរ​បំផ្លាញ ។ គាត់​បន្ត​ទៀត​ថា បើ​គិត​តាំងពី​ថ្លៃ​ជី និង​ថ្លៃ​ពលកម្ម​ផង ពិតជា​ខាតបង់​ច្រើន ។ ជាមួយ​គ្នា​នេះ តម្លៃ​ស្រូវ​បែរជា​ឈ្មួញ​វៀតណាម​ឱ្យ​តម្លៃ​ថោក ដែល​ក្នុង​ស្រូវ​១​គីឡូក្រាម​តម្លៃ​៧៥០ ឬ​៨០០​រៀល​តាម​ប្រភេទ​ស្រូវ រីឯ​ច្រករបៀង​ដែល​ធ្លាប់តែ​នាំ​ស្រូវ​ទៅ​វៀតណាម​តាម​ព្រែក​អ​ន្សា ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​បិទទ្វារ​ទៀត ។

ជុំវិញ​ករណី​នេះ លោក ស្វាយ ហៀ​ម ប្រធាន​ឃុំ​ព្រៃ​ទន្លេ បាន​ទទូច​ម្តង​ហើយ​ម្តងទៀត​ឱ្យ​អាជ្ញាធរ​វៀតណាម​បើក​ច្រករបៀង​ព្រែក​អ​ន្សា​នេះ​ឡើង​វិញ ព្រោះ​កសិករ​ធ្វើ​ស្រូវ​បាន​ហើយ​អត់​មាន​ទីផ្សារ​ក្រៅពី​លក់​ឱ្យ​ឈ្មួញ​វៀតណាម ប៉ុន្តែ​ពេល​នេះ ខាង​វៀតណាម​បែរជា​បិទ​ច្រក​ថែម​ទៀត ធ្វើ​ប្រជា​កសិករ​វ័ណ្ឌក​មែន ទែន​ហើយ ។

ថ្មី​ៗ​នេះ​ផង​ដែរ នៅ​ក្នុង​ជំនួប​ជាមួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ប្រតិភូ​ធ​រុ​ជន​ជប៉ុន​នៃ​ខេត្ត​អូ​សា​កា ដឹកនាំ​ដោយ​លោក កា​ហ្សូ​យូ​គិ នូ​អិុ (Kazuyuki Nui) អនុប្រធាន​ទី​១១២ នៃ​សភា​ដើម​ខេត្ត​អូ​សា​កា និង​ជា​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍ ទទួល​បន្ទុក​បរិស្ថាន​, កសិកម្ម​, រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ពី​ចេតនា​នាំ​យក​បច្ចេកវិទ្យា​ទំនើប និង​ការ​បណ្តាក់ទុន​មក​កាន់​កម្ពុជា ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម សំដៅ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភព​លោក។

លោក កា​ហ្សូ​យូ​គិ នូ​អិុ បាន​ជម្រាប​លោក​រដ្ឋមន្ត្រី​ថា កម្ពុជា​មាន​ភាព​អំណោយផល​លើ​វិស័យ​កសិកម្ម ប៉ុន្តែ​ត្រូវការ​ធ្វើ​ទំនើប​កម្ម​ផ្នែក​បច្ចេកវិទ្យា ដើម្បី​អភិវឌ្ឍន៍​ចង្វាក់​តម្លៃ​លើ​ផលិតផល​ដែល​មាន​ស្រាប់ សំដៅ​ធ្វើ​ពិពិធ​កម្ម​នាំ​ចេញ​នៃ​វិស័យ​នេះ ។ លោក​បន្ត​ថា អូ​សា​កា គឺជា​ខេត្ត​មួយ​របស់​ជប៉ុន ដែល​មាន​ភាព​លេចធ្លោ​ខាង​ផ្នែក​បច្ចេកវិទ្យា និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម ហើយ​វិនិយោគិន​នៅ​ក្នុង​ខេត្ត​នេះ​កំពុង​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ។

ជា​ការ​ឆ្លើយ​តប លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​របស់​ប្រតិភូ​ជប៉ុន​ខេត្ត​អូ​សា​កា ហើយ​លោក​បាន​ស្នើ​ឲ្យ​មានការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ចង្វាក់​តម្លៃ សម្រាប់​ដំណាំ​មាន​សក្តានុពល​នាំ​ចេញ ដូច​ជា ស្រូវ​, ពោត​, ដំឡូង​មី និង​ផលិតផល​ផ្សេង​ៗ​ដូច​បាន​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា (CTIS) ។

យោង​តាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បង្ហាញ​ថា ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៧ អង្ករ​កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​ទិស​ដៅ​ចំនួន​៥៦​ប្រទេស​នៅ​លើ​ពិភពលោក ក្នុង​នោះ​ប្រទេស​ចិន​ឈរ​លំដាប់​ទី​១ នាំ​ចូល​អង្ករ​ប្រមាណ​៩៧.៧៥២​តោន​, បារាំង​ទី​២ មាន​៤២.៣៦៧​តោន​, ប៉ូ​ឡូញ​ទី​៣ មាន​២៨.៣៨៦​តោន​, អង់​គ្លេស​​ទី​៤ មាន​២២.១៨៦​តោន​, ហូ​ឡង់​ទី​៥ មាន​១៧.៥១១​តោន​, បែ​ល​ហ្ស៊ិក​ទី​៦ មាន​១២.៨៨០​តោន​, ឆែក​ទី​៧ មាន​១០.៣៤៦​តោន​, ម៉ា​ឡេ​ស៊ី​ទី​៨ មាន​៩.៧៤៣​តោន​, កា​បុ​ង​ទី​៩ មាន​៨.៩៥៧​តោន និង​អីុ​តា​លី​ទី​១០ មាន​៨.៣១២​តោន ។

របាយការណ៍​ដដែល​បន្ត​ថា បរិមាណ​អង្ករ​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទិស​ដៅ​សហភាព​អឺរ៉ុប​មាន​២៥​ប្រទេស ក្នុង​បរិមាណ​សរុប​១៧១.១១៩​តោន ៕