ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ពលកម្ម​វិស័យ​កសិកម្ម​កម្ពុជា​នឹង​ធ្លាក់ក្នុង​ឆ្នាំ​2020

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាំងពី​ដើម​មក គេ​ដឹង​ថា កម្ពុជា​ជា​ប្រទេស​កសិកម្ម​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ហើយ​តាម​អ្វី​ដែល​គ្រប់​គ្នា​នៅ​តែ​ទន្ទេញ គឺ

រាជធានី​ភ្នំពេញ ៖ តាំងពី​ដើម​មក គេ​ដឹង​ថា កម្ពុជា​ជា​ប្រទេស​កសិកម្ម​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ហើយ​តាម​អ្វី​ដែល​គ្រប់​គ្នា​នៅ​តែ​ទន្ទេញ គឺ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៨០%​ប្រកប​របរ​កសិកម្ម ។ ក៏​ប៉ុន្តែ​ថ្មី​ៗ​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្លាំង​ពលកម្ម​លើ​វិស័យ​កសិកម្ម​បាន​ធ្លាក់​ចុះ​យ៉ាងច្រើន មិន​ដូច​អ្វី​ដែល​គ្រប់​គ្នា​លើក​ឡើង​កន្លង​មក​ទេ ពោល​គឺ​កាលពី​ឆ្នាំ​២០០៧ កម្លាំង​ពលកម្ម​ធ្លាក់​នៅ​ត្រឹម​៦០% ហើយ​នៅ​ឆ្នាំ​២០១៧​នេះ វា​បាន​បន្ត​ធ្លាក់​មក​នៅ​៤២%​ប៉ុណ្ណោះ ។

លោក វេ​ង សា​ខុន បន្ត​ថា កម្លាំង​ពលកម្ម​នឹង​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់​ទៀត ហើយ​បើ​តាម​ការ​ព្យាករ​ថា នៅ​ឆ្នាំ​២០២០​ខាង​មុខ កម្លាំង​ពលកម្ម​វិស័យ​កសិកម្ម​នៅ​កម្ពុជា នឹង​នៅ​សល់​ត្រឹម​២៩%​ប៉ុណ្ណោះ ។ លោក​ថា ៖«​មនុស្ស​ទូទៅ​តែងតែ​យល់​ច្រឡំ​ថា កម្ពុជា​មាន​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​៨០% គឺ​មិន​ពិត​ទេ​។ តាម​ពិត ៨០%​នេះ​គឺ​ស្ថិតិ​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ ។ ជាក់ស្ដែង វា​បាន​ធ្លាក់​ចុះ​មក​នៅ​ទាប​ជា​បន្តបន្ទាប់ ។ តាម​ស្ថិតិ​នៅ​ឆ្នាំ​២០០៧ កម្លាំង​ពលកម្ម​កសិកម្ម​កម្ពុជា​មាន​តែ​៦០%​ប៉ុណ្ណោះ ហើយ​នៅ​ឆ្នាំ​២០១៧ គឺ​ធ្លាក់​នៅ​តែ​៤២%​ទេ » ។

លោក​បន្ថែម​ថា ស្រប​ពេល​កម្លាំង​ពលកម្ម​កសិកម្ម​ធ្លាក់​ចុះ​នេះ​ដែរ ផលិតផល​សរុប​លើ​វិស័យ​កសិកម្ម​ដែល​ចូលរួម​ចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ឬ​ហៅ​ថា GDP ក៏​បាន​ធ្លាក់​ចុះ​តាម​គ្នា​ដែរ ។ ជាក់ស្ដែង កាលពី​ឆ្នាំ​២០១២ GDP សរុប​នៃ​វិស័យ​កសិកម្ម​បាន​រួមចំណែក​ប្រមាណ​ជាង​៣០% ហើយ​រហូត​មក​ដល់​ឆ្នាំ​២០១៦​កន្លង​ទៅ វា​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​២៦,៦%​ប៉ុណ្ណោះ ប៉ុន្តែ​តម្លៃពិត​នៃ​វិស័យ​កសិកម្ម​បាន​កើនឡើង​ខ្ពស់​ទៅ​វិញ ។ ជាក់ស្ដែង នៅ​ឆ្នាំ​១៩៩៤ ផលិតផល​សរុប​នៃ​វិស័យ​កសិកម្ម​កម្ពុជា មាន​តម្លៃ​សរុប​តែ​ប្រមាណ​១,៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​មក​ដល់​ឆ្នាំ​២០១៦​កន្លង​ទៅ វា​បាន​កើន​ដល់​ជាង​៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​។ លោក​ថា ៖«​អ្វី​ដែល​ព្រួយបារម្ភ​បំផុត​ចំពោះ​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ គឺ​នៅ​ពេល​យើង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ប្រឈម​ហើយ​ពិបាក​ដោះស្រាយ ដោយសារ​តែ​យើង​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ឬ​អាច​និយាយ​​បាន​ថា ហេដ្ឋារចនាសម្ព័ន្ធ​មិន​ទាន់​គាំទ្រ​ដល់​ការ​នាំ​ចេញ​ផលិតផល​របស់​យើង ក៏​ដូច​ជា​ការ​ផលិត​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​នៅឡើយ ហើយនឹង​ធ្វើ​ឱ្យ​ពិបាក​សម្រេច​តាម​ផែនការ ។ កសិករ​ម្នាក់​ៗ​ត្រូវ​រក​ឲ្យ​បាន​ចំណូល​ជាង​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ នៅ​ឆ្នាំ​២០៣០​ខាង​មុខ ដើម្បី​ទប់ទល់​នឹង​ជីវភាព​នៅ​តាម​ជនបទ​បាន » ។

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារពិភពលោក បង្ហាញ​ថា វិស័យ​កសិកម្ម​កម្ពុជា នឹង​បន្ត​ធ្លាក់​នៅ​ឆ្នាំ​ខាង​មុខ​ៗ​ទៀត ក៏​ប៉ុន្តែ​បាន​ជំនួស​មក​វិញ​នូវ​វិស័យ​ឧស្សាហកម្ម កាត់ដេរ សំណង់ និង​សេវាកម្ម ។

លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា ឱ្យ​ដឹង​ថា វិស័យ​កសិកម្ម​ធ្លាក់​ចុះ វា​មិនមែន​ជា​ការ​បារម្ភ​សម្រាប់​កម្ពុជា​ទេ ។ នៅ​បណ្ដា​ប្រទេស​រីក​ចម្រើន​នានា​លើ​ពិភពលោក វិស័យ​កសិកម្ម​របស់​គេ​បាន​រួមចំណែក​តិចតួច​បំផុត ប៉ុន្តែ​ប្រទេស​គេ​នៅ​តែ​រីក​ចម្រើន ខណៈ​គេ​យក​វិស័យ​ផ្សេង​ជា​ចំណុច​ស្នូល​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ។ លោក​ថា ៖« សម្រាប់​កម្ពុជា ថ្វី​ដ្បិតតែ​វិស័យ​កសិកម្ម​ធ្លាក់​ចុះ និង​រួមចំណែក​សេដ្ឋកិច្ច​បាន​តិចតួច​ក៏​ពិតមែន តែ​វិស័យ​សំណង់ ឧស្សាហកម្ម កាត់ដេរ ជា​ពិសេស សេវាកម្ម​នានា​បាន​កើនឡើង​ខ្ពស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រក្សា​បាន​អត្រាកំណើន​ក្នុង​រង្វង់​៧% » ។

គួរ​បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​នៃ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នេះ ក៏​បណ្ដាល​មក​ពី​កំណើន​នៃ​ការ​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ផង​ដែរ​។ ជាក់ស្ដែង កាលពីដើម​ឡើយ សមាជិក​ក្នុង​គ្រួសារ​ត្រូវ​ធ្វើស្រែ​ចម្ការ​ស្ទើរ​ទាំងអស់​គ្នា ប៉ុន្តែ​បន្ទាប់​ពី​បច្ចេកវិទ្យា​កាន់តែ​ទំនើប កសិករ​មួយ​ចំនួន​បាន​ប្រើប្រាស់​គ្រឿងយន្ត​ជំនួស​មនុស្ស​វិញ​។ ដូចនេះ អ្នកខ្លះ​ក៏​ទៅ​បំពេញការងារ​ផ្សេង​ៗ​ក្រៅពី​កសិកម្ម ដូច​ជា ធ្វើការ​ក្នុង​រោងចក្រ​កាត់ដេរ ជា​អ្នកបម្រើ​សេវាកម្ម​ទេសចរណ៍ ឬ​ធ្វើ​ការងារ​ក្នុង​វិស័យ​សំណង់​ជាដើម ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ សីហា លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​អនុញ្ញាត​ឲ្យ​លោកស្រី Inguna Dobraja ប្រធាន​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា និង​លោក Nathan M. Belete ប្រធាន​ធនាគារពិភពលោក​ប្រចាំ​អាស៊ី​ខាងកើត និង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក ពិភាក្សា​អំពី​វឌ្ឍនភាព និង​គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​សម្រាប់​រយៈពេល​៥​ឆ្នាំ ដែល​ផ្តោត​ជា​សំខាន់​លើ​ការងារ​អភិវឌ្ឍន៍​ការ​ស្រាវជ្រាវ និង​ហេដ្ឋារចនាសម្ព័ន្ធ ។

នា​ឱកាស​នោះ លោកស្រី​បាន​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី​ពី​គម្រោង​អភិវឌ្ឍន៍​រយៈពេល​៥​ឆ្នាំ ដែល​ជំរុញ​និង​លើកទឹកចិត្ត​ការ​ផលិត​បន្លែ និង​ផ្លែ​ឈើ​សរីរាង្គ ដោយ​មិន​ចាំបាច់​ពឹងផ្អែក​តែ​លើ​ផលិតកម្ម​ស្រូវ​ជា​ចម្បង​។​ល​។

ទាក់ទង​នឹង​សកម្មភាព​គម្រោង​រយៈពេល​៥​ឆ្នាំ​ខាងលើ​នេះ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​ឲ្យ​ធនាគារពិភពលោក គិតគូរ​ពិចារណា​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ៖

១-​គួរ​មានការ​សិក្សា​ស្រាវជ្រាវ​បច្ចេកទេស​ថ្មី​ៗ ធ្វើ​យ៉ាងណា ជំរុញ​ផលិតភាព​ផលិតកម្ម​ឲ្យ​សម​ស្រប​តាម​តម្រូវការ​ទីផ្សារ ។

២-​លើកកម្ពស់​ផលិតកម្ម​សត្វ សុខភាព​សត្វ និង​សុខភាព​សាធារណៈ តាម​រយៈ​បង្កើន​ប្រសិទ្ធភាព​លើ​ការ​គ្រប់គ្រង​អនាម័យ​សត្វ និង​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ ។

៣-​សិក្សា​ពី​លទ្ធភាព​លើ​ការ​ផ្តល់​ឥណទាន​ដល់​ប្រជា​កសិករ និង​វិស័យ​ឯកជន ដែល​មាន​លទ្ធភាព​ធ្វើការ​កែ​ច្នៃ​កសិផល និង​ជំរុញ​អនុវត្ត​ការ​ធ្វើ​អនាម័យ និង​ភូតគាម​អនាម័យ​​ជា​អាទិភាព ។

៤-​ជំរុញ​ការងារ​គ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ​កសិកម្ម និង​ការ​ប្រើប្រាស់​ទឹក​ឲ្យ​មាន​ប្រសិទ្ធភាព ៕