ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ ៣ថ្ងៃ នគរបាលមាត់សមុទ្រ បំបែក​មុខសញ្ញាឆក់ ឃាត់ខ្លួនប្រុសស្រីចំនួន ២៤ នាក់ បញ្ជូនទៅតុលាការ​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ រយៈពេល ៣ថ្ងៃកន្លងមកនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបើកយុទ្ធនាការបំបែកសំបុកមុខសញ្ញាឆក់ ដោយបាន​ឃាត់ខ្លួនជនសង្ស័យ ចំនួន ២៤នាក់ ( ស្រី…

ខេត្តព្រះសីហនុ៖ រយៈពេល ៣ថ្ងៃកន្លងមកនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបើកយុទ្ធនាការបំបែកសំបុកមុខសញ្ញាឆក់ ដោយបាន​ឃាត់ខ្លួនជនសង្ស័យ ចំនួន ២៤នាក់ ( ស្រី ៥ នាក់) ពាក់ព័ន្ធនឹងបទល្មើស លួចមានស្ថានទម្ងន់ទោស (ឆក់យកទ្រព្យសម្បត្តិ) យ៉ាងសកម្ម ក្នុងខេត្តមាត់សមុទ្រមួយនេះ។

​​កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ ខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុង កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២១ និង ៣០នាទីយប់ បានបើកប្រតិបត្តិការ តាមប្រជាពលរដ្ឋរាយការណ៍ នៅចំណុចម្តុំកាស៊ីណូ ឆាងឆឹង ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ ដោយមានជនសង្ស័យ ២នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បាន​ឆក់ទូរស័ព្ទដៃ ១គ្រឿង រួចជិះរត់គេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព៌ត័មាននោះរួចមក កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាន​ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២ និង ០០នាទីយប់ ទើបឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាឆក់បានចំនួន ៤ នាក់ និងបន្តការស្រាវជ្រាវរយៈពេល ៣ថ្ងៃ ក៏ឃាត់ខ្លួនបក្ខពួកជនសង្ស័យ ១៧ នាក់ទៀត ​នាំយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ រហូតឃាត់ខ្លួនសរុបចំនួន ២៤ នាក់ (ស្រី៥) ។

ពេលឃាត់ជនសង្ស័យទាំងនេះ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន៖ .ម៉ូតូ៨ គ្រឿង .ទូរស័ព្ទដៃ១០ គ្រឿង .មួកសុវត្ថិភាព ៨ .ពូថៅ ១ .កាំបិតប៉័ងតោ ១ .ស្លាកលេខម៉ូតូ ១។

​ក្នុងចំណោមជនសង្ស័យទាំង ២៤នាក់ ត្រូវបាន​សមត្ថកិច្ច បញ្ជាក់ថា មានជនសង្ស័យ ១៦នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស លួចមានស្ថានទម្ងន់ទោស (ឆក់) ទូរស័ព្ទដៃ និងឆក់កាបូប សរុប ១៨ លើក។

សមត្ថកិច្ច បន្តថា ក្នុងចំណោមជនសង្ស័យចំនួន ២៤​នាក់ មាន ២នាក់ ពាក់ព័ន្ធពីបទល្មើស ទទួលផលចោរកម្ម ហើយសមត្តកិច្ច ក៏បានដកហូតវត្ថុតាង៖ .ទូរស័ព្ទដៃ ១២គ្រឿង (ផលទទួលទិញពីចោរកម្ម)។ ចំណែកជន សង្ស័យ ៦នាក់ (ស្រី ៥) មិនពាក់ព័ន្ធនឹងបទល្មើសទេ ដោយឃាត់ខ្លួន ក្នុងរង្វង់ប្រតិបត្តិការ។ ដូច្នោះសមត្ថកិច្ចអាចស្នើសុំទៅស្ថាប័នអយ្យការ អមសាលាដំបូងខេត្ត អនុញ្ញាតឲ្យពួកគាត់ ៦នាក់ វិលទៅផ្ទះវិញ។

ដោយឡែក ជនសង្ស័យ​ពាក់ព័ន្ធ ១៨នាក់ទៀត ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការ​តាមនីតិវិធី​៕ ​ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ