ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពោះម៉ាយ​ម្នាក់​បំផ្ទុះ​គ្រាប់បែក​លាន់​កណ្តាល​រាត្រី សង្ស័យ​រឿង​ស្នេហា​ត្រីកោណ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ពោះម៉ាយ​ម្នាក់​ត្រូវ​គេ​អះអាង​ថា បាន​បំផ្ទុះ​គ្រាប់បែក​ធ្វើ​អ​.​ត្ត​.​ឃា​.​ត​ខ្លួនឯង ដែល​គេ​សង្ស័យ​អាច​ផ្ដើម​ចេញពី​រឿង «​ស្នេហា​ត្រីកោណ​» នៅ​លើ​ទូក​ស្មាច់​តូច​មួយ ពន្លិច​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង ស្ថិត​ក្នុង​បរិវេណ «​វិមាន​រំលឹក​គុណ​វរ​យុទ្ធ​ជន​ពលី…


ខេត្តបាត់ដំបង ៖ បុរស​ពោះម៉ាយ​ម្នាក់​ត្រូវ​គេ​អះអាង​ថា បាន​បំផ្ទុះ​គ្រាប់បែក​ធ្វើ​អ​.​ត្ត​.​ឃា​.​ត​ខ្លួនឯង ដែល​គេ​សង្ស័យ​អាច​ផ្ដើម​ចេញពី​រឿង «​ស្នេហា​ត្រីកោណ​» នៅ​លើ​ទូក​ស្មាច់​តូច​មួយ ពន្លិច​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង ស្ថិត​ក្នុង​បរិវេណ «​វិមាន​រំលឹក​គុណ​វរ​យុទ្ធ​ជន​ពលី ឬ​វិមាន​សព​» នៅ​ក្នុងភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដោយ​ពុំ​មាន​នរណា​ម្នាក់​បានដឹង​ភ្លាម​ៗ​ឡើយ ក្រៅ​តែ​ពី​ឮ​សម្លេង​ផ្ទុះ​លាន់​កក្រើក​រាត្រី តែ​គេ​បានដឹង​ក្រោយ​ពី​គេ​ប្រទះ​ឃើញ​សា​.​ក​.​ស​.​ព​បាន​អណ្ដែត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ កុម្ភៈ ទើប​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច ដើម្បី​ចុះ​ពិនិត្យ​សា​.​ក​.​ស​.​ព ។

សមត្ថកិច្ច​បាន​ធ្វើការ​សួរនាំ​អ្នក​ប្រទះ​ឃើញ​សា​.​ក​.​ស​.​ព​នោះ និង​មនុស្ស​មួយ​ចំនួន​ទៀត ដែល​ស្នាក់​នៅ​ក្នុង«​វិមាន​ស​.​ព​» ទើប​គេ​ស្កាល់​ថា សា​.​ក​.​ស​.​ព​ដែល​អណ្ដែត​ទឹក​នោះ​ឈ្មោះ ចិន ធុ​រ៉េ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល និង​ជា​បុគ្គលិក​បំរើ​ការ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង នៅ​ក្រុង​ប៉ោយប៉ែ​ត ។ សា​.​ក​.​ស​.​ព​បុរស​នេះ​មាន​សភាព​ធំក្លិន​បន្តិច​ទៅ​ហើយ ត្រូវ​គេ​ប្រទះ​ឃើញ​អណ្ដែត​ក្នុង​ទឹកស្រះ​នៅ​ក្នុង​បរិវេណ «​វិមាន​រំលឹក​គុណ​វរ​យុទ្ធ​ជន​ពលី ឬ​វិមាន​ស​.​ព​» ។

បើ​តាម​សមត្ថកិច្ច​ដែល​បាន​ស្រង់​សំដី​សាក្សី​បាន​ប្រាប់​ថា ហេតុ​ការ​ណ៏​ដ៏​រ​.​ន្ធ​.​ត់​នេះ បាន​កើត​កាល​ពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ កុម្ភៈ ក្រោយ​ជន​រង​គ្រោះ​បាន​បញ្ចប់​ការ​ផឹកស៊ី​ជាមួយ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ស្នាក់​នៅ​ក្នុង​«​វិមាន​ស​.​ព​»​នោះ​។ សាក្សី​បាន​និយាយ​ប្រាប់​សមត្ថ​កិច្ច​ថា គេ​ឮ​តែ​សម្លេង​ផ្ទុះ​លាន់​កក្រើក​រាត្រី​នៅ​យប់​កើតហេតុ​នោះ តែ​ពេល​គេ​ទៅ​រក​មើល​ចំណុច​កើតហេតុ ពុំ​​ឃើញ​មាន​អ្វី​ឡើយ ។ ព្រោះ​ពេល​បំផ្ទុះ​គ្រាប់បែក ជន​រង​គ្រោះ​បាន​ជិះ​លើ​ទូក​ស្មាច់​តូច​មួយ​បណ្ដែត​​​ក្នុង​ស្រះ ហើយ​ពេល​ផ្ទុះ​ក៏​បាន​លិច​ទាំង​ទូក ទាំង​មនុស្ស​ទៅ​ក្នុង​ទឹក ទើប​គេ​រក​មិនឃើញ​អ្វី ហើយ​ក៏​ស្ងាត់ឈឹង​រហូត​មក​។ សូ​ម្បី​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​ព្រែក​ព្រះស្ដេច ដែល​ស្ថិត​ខាងត្បូង​ចំណុច​កើតហេតុ ប្រហែល​៣០០​ម៉ែត្រ​ក៏​មិនដឹង មិន​ឮ​សម្លេង​ផ្ទុះ​ដែរ ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី ០៧ កុម្ភៈ ទើប​មានការ​ភ្ញាក់ផ្អើល ក្រោយ​ពី​ប្រទះ​ឃើញ​សា​.​ក​.​ស​.​ព​អណ្ដែត​ឡើង ។ ជុំវិញ​ព័​ត៏​មាន​ដែល​គេ​អះអាង​ថា ជន​រង​គ្រោះ​បាន​បំផ្ទុះ​គ្រាប់បែក​ធ្វើ​អត្តឃាត​ខ្លួនឯង បើ​តាម​ប្រភព​ជា​ច្រើន​ដែល​កោះសន្តិភាព​ទទួល​បាន​នៅ​កន្លែង​កើតហេតុ ទាំង​មន្ត្រី​ជំនាញ ទាំង​សាក្សី​នានា បាន​បំភ្លឺ​ប្រហាក់ប្រហែល​គ្នា​អំពី​ហេតុ​ការ​ណ៏​ខាងលើ​នេះ ក្នុង​នោះ ក៏​មានការ​បំភ្លឺ​ពី​សាច់​ញាតិ​​ជន​រង​គ្រោះ​ផង​ដែរ ។ គេ​បាន​ទម្លាយ​អំពី​ប្រវត្តិ​ខ្លះ​ៗ ដែល​នាំ​ឲ្យ​ជន​រង​គ្រោះ​សម្រេច​ធ្វើ​អ​.​ត្ត​.​ឃា​.​ត​តាម​រយៈ​ការ​ប្រើប្រាស់​គ្រា​.​ប់​បែក​ដៃ​បញ្ចប់ជីវិត​ខ្លួនឯង ។

ជន​រង​គ្រោះ​ឈ្មោះ ចិន ធុ​រ៉េ​ន ជា​បុរស​ពោះម៉ាយ​កូន​០១ និង​ជា​បុគ្គលិក​បំរើ​ការ​នៅ​ក្នុង​ភោជ​នីយ​ដ្ឋាន​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។ ក្រោយ​បែកបាក់​គ្រួសារ បុរស​ពោះម៉ាយ​វ័យ​២៣​ឆ្នាំ​រូប​នេះ បាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​ស៊ីជម្រៅ​ជាមួយ​នារី​ម្នាក់​ឈ្មោះ​ដា​វ៉ា​ន់ អាយុ​ប្រហែល​២៥​ឆ្នាំ មានកូន​០២​នាក់​។ នេះ​ជា​ការ​បំភ្លឺ​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ។ ហើយ​ការ​ទំនាក់ទំនង​ស្នេហា​ដ៏​ផ្អែមល្ហែម​នេះ​ក៏​បាន​កើតឡើង​នៅ​ក្នុងអំឡុងពេល​ដែល​ស្វាមី​របស់​នាង​ដា​វ៉ា​ន់ កំពុង​ជាប់​ពន្ធនាគារ​។ ហើយ​ក៏​ស្ថិត​នៅ​ក្នុងអំឡុងពេល​ដែល​នាង​ដា​វ៉ា​ន់​នេះ ធ្វើការ​នៅ​ក្នុង​ភោជនីយដ្ឋាន​ជាមួយ​គ្នា​នឹង​ជន​រង​គ្រោះ​ដែរ ។

ព័ត៌មាន​ដែល​សមត្ថកិច្ច​ស្រង់​ពី​សាច់ញាតិ ស្នេហា​ហេងស៊យ​រវាង​បុរស​ពោះម៉ាយ ធុ​រ៉េ​ន និង នាង​ដា​វ៉ា​ន់ ផ្អែមល្ហែម​យ៉ាង​ស៊ីជម្រៅ​អស់​រយៈពេល​ប្រហែល​ជាង​មួយ​ឆ្នាំ​កន្លង​មក​ហើយ​។ ប៉ុន្តែ​ស្រាប់​តែ​រយៈ​ថ្មី​ៗ​នេះ ប្ដី​របស់​នាង​ដា​វ៉ា​ន់ ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធនាគារ​វិញ ហើយ​បុរស​នេះ​ក៏​ត្រឡប់​ទៅ​រួមរស់​ជាមួយ​ប្រពន្ធ​កូន​ខ្លួន​វិញ​ដែល​ប្រៀប​បាន​នឹង​កាំ​.​បិ​.​ត​ពុះ​ញែក​ចែក​ស្នេហា​តួអង្គ​ទាំង​០២​នេះ ឲ្យ​បែកបាក់​គ្នា​ត្រឹម​មួយ​ប៉​ព្រិច​ភ្នែក ខណៈ​ពួក​គេ​បាន​និង​កំពុង តែ​នៅ​ផ្អែមល្ហែម​ជាមួយ​គ្នា ។ ធ្វើ​ឲ្យ​បេះដូង​បុរស​ពោះម៉ាយ​ដ៏​កំសត់ ត្រូវ​ខ្ទេចខ្ទាំ​ហ្មត់​សារ​ជា​ថ្មី​ម្ដងទៀត​។

នេះ​ជាដើម​ចម ដែល​នាំ​ឲ្យ​បុរស​ពោះម៉ាយ​កូន​០១ ចិន ធុ​រ៉េ​ន ឈឺចាប់​ខ្លាំង​ក្រៃ​រហូត​សម្រេច​ស្វែង​រក​គ្រាប់បែកដៃ យក​មក​ប្រល័យ​សង្វារ​ខ្លួនឯង​ដោយ​គ្មាន​ស្រណោះ បន្សល់​ទុក​តែ​បណ្ដាំ​ប៉ុន្មាន​ឃ្លា​នៅ​លើ​ក្រដាស​ពណ៌​លឿង ។ សមត្ថកិច្ច​បាន​និយាយ​ថា ក្រោយ​ពី​ដឹង​ថា នាង​ដា​វ៉ា​ន់ បាន​ជួបជុំ​រួមរស់​ជាមួយ​ស្វាមី​នាង​វិញ ជន​រង​គ្រោះ​ហាក់​ខូចចិត្ត​យ៉ាង​ខ្លាំង ។ គេ​សង្កេត​ឃើញ​ប៉ុន្មាន​ថ្ងៃ មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ជួប​ក្រុម​គ្រួសារ​នាង ដែល​ស្នាក់​នៅ​ក្នុង​«​វិមាន​ស​.​ព​» ក្នុង​បំណង​សួរនាំ​រឿង​នាង​ដា​វ៉ា​ន់​ផង និង​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​សាច់ញាតិ​នាង​ផង ។

សមត្ថកិច្ច​ដែល​បាន​សួរនាំ​សាច់ញាតិ​ភាគី​ខាង​ស្រី​បាន​បញ្ជាក់​ថា នៅ​យប់​កើតហេតុ ជន​រង​គ្រោះ​បាន​ផឹកស៊ី​ជុំ​គ្នា​នៅ​ទីនោះ​ជាមួយ​សាច់ញាតិ​របស់​នាង​រហូត​ដល់​ម៉ោងជាង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ កុម្ភៈ ក៏​នាំ​គ្នា​សម្រាក​។ ប៉ុន្តែ​ប្រហែល​កន្លះ​ម៉ោង​ក្រោយ ស្រាប់តែ​ឮ​ស្នូរ​ផ្ទុះ​ដ៏​កក្រើក​រាត្រី ។ អ្នក​នៅ​ទីនោះ​ធំក្លិន​ឈ្ងៀម​ផ្សែង ហើយ​បាន​នាំ​គ្នា​ទៅ​រក​មើល​ប្រភព​នៃ​ចំណុច​ផ្ទុះ តែ​ពុំ​មាន​ឃើញ​អ្វី​ឡើយ​។

នៅ​ព្រឹក​ថ្ងៃ​ដដែល គេ​ក៏​ប្រទះ​ឃើញ​ទូក​ស្មាច់​ទូច​មួយ​ក្រឡាប់​អណ្ដែត​នៅ​ក្នុង​ស្រះ ដែល​មាន​ស្នាម​ធ្លុះធ្លាយ តែ​គេ​នៅ​តែ​ពុំ​បាន​ចាប់អារម្មណ៍​ទៀត​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី ០៦ កុម្ភៈ ស្រាប់តែ​គេ​ប្រទះ​ឃើញ​ស្រមោល​ខ្មៅ​បាន​អណ្ដែត​ឡើង គេ​ក៏​ដើរទៅ​មើល​ក៏​មានការ​ភ្ញាក់ផ្អើល​ឡើង ដោយសារ​តែ​ស្រមោល​ខ្មៅ​នោះ​ជា​សា​.​ក​.​ស​.​ព​បុរស​ពោះម៉ាយ ចិន ធុ​រ៉េ​ន ទើប​គេ​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម​ន៏​តែ​ម្ដង ។

មន្ត្រី​បច្ចេកទេស​ដែល​បាន​ពិនិត្យ​សា​.​ក​.​ស​.​ព​បាន​និយាយ​ដែរ​ថា សា​.​ក​.​ស​.​ព​មាន​ស្នាម​របួស​សុះសាច់​នៅ​ផ្នែក​ខាងស្ដាំ​ទាំង​ដៃ​ទាំង​ជើង រីឯ​ទូក​ស្មាច់​មាន​ស្នាម​ធ្លុះធ្លាយ ។ នៅ​ក្បែរ​ម៉ាត់​ស្រះ​ទឹក គេ​រក​ឃើញ​បំណែក​គ្រាប់បែក​មួយ​ចំនួន និង​ស្លាបព្រា​(​កន្លះ​)​គ្រាប់បែក​ផង ដែល​គេ​សន្និដ្ឋាន​បឋម​ថា អាច​ជា​គ្រាប់បែក​ប្រភេទ​ក្រឡា​ទៀប ហើយ​ជន​រង​គ្រោះ​បាន​ប្រើប្រាស់​គ្រាប់បែក​នេះ​បំផ្ទុះ ដើម្បី​ធ្វើ​អ​.​ត្ត​.​ឃា​.​ត​.​ខ្លួនឯង ។

ដោយឡែក យើង​ងាក​ទៅ​អាន​បណ្ដាំ​ប៉ុន្មាន​ឃ្លា​ដែល​ជន​រង​គ្រោះ​បាន​បន្សល់​ទុក​នៅ​លើ​ក្រដាស់​ពណ៌​លឿង​ប៉ុន្មាន​សន្លឹក ដែល​មាន​ភ្ជាប់​ជាមួយ​នូវ​លេខ​ទូរស័ព្ទ​ជា​ច្រើន​ខ្សែ​ផង ។ មនុស្ស​ទូទៅ​ហាក់​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​បណ្ដាំ​ប៉ុន្មាន​ពាក្យ​ប៉ុណ្ណោះ ដែល​អាន​ហើយ​គួ​ឲ្យ​ស្រណោះ​និង​រន្ធត់​ចិត្ត​បំផុត «​ខ្ញុំ​ចាញ់​គ្រប់យ៉ាង ខ្ញុំ​ហត់នឿយ ខ្ញុំ​សុំ​ទោស​ចេញ​ទៅ​អត់​បាន​លា​» ។

រីឯ​មួយ​ឃ្លា​ទៀត ដែល​មាន​ភ្ជាប់​លេខ​ទូរស័ព្ទ​ចំនួន​០២​ខ្សែ ដែល​មួយ​ខ្សែ​អាច​ជា​លេខ​របស់​នាង​ដា​វ៉ា​ន់​ផង «​អរគុណ​ពី​មុន​ធ្វើ​ល្អ​ដាក់​ខ្ញុំ លេខ​០៩៦….. ដា​វ៉ា​ន សង្ឃឹមថា​អ្នក​បាន​សុខ​»​។ នៅ​មាន​បណ្ដាំ​ជា​ច្រើន​ទៀត ដែល​បុរស​ពោះម៉ាយ​ក៏​កំសត់​បាន​ផ្ដាំផ្ញើ​ទៅ​កាន់​ក្រុម​គ្រួសារ​មុន​ពេល​បញ្ចប់ជីវិត ។ កាន់តែ​រន្ធត់ និង​សោក​ស​ង្រែ​ង​បំផុត ចំពោះ​បណ្ដាំ​ចុង​ក្រោយ ដែល​ជន​រង​គ្រោះ​បាន​ផ្ដែផ្ដាំ​ឲ្យ​បងប្អូន​ជួយ​មើលថែ​កូន​ខ្លួន ក្នុង​ន័យ​ដើម «​ចែ​ឡា បង​ដំ ចែ​ង៉ា ផ្ញើ​មើល​កូន​ខ្ញុំ​ផង កុំ​ឲ្យ​វា​ល្ងង់​ដូច​ខ្ញុំ ម៉ាក់​ប៉ា​កូនសុំ​ទោស​» ។

ទោះ​យ៉ាងណា​ក្ដី មន្ត្រី​ជំនាញ​បាន​ប្រមូល​វត្ថុ​តាង​មួយ​ចំនួន​យក​ទៅ​រក្សា​ទុក ក្រោយ​បញ្ចប់​ការ​ត្រូ​ត​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យវិច័យ​លើ​សា​.​ក​.​ស​.​ព​។ មន្ត្រី​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​នៅ​កន្លែង​កើតហេតុ​ថា ជន​រង​គ្រោះ​បាន​ធ្វើ​«​អត្ត​.​ឃា​.​ត​ខ្លួន ដោយ​បំផ្ទុះ​គ្រាប់បែក​»​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ​នៅ​តែ​បន្ត​ការ​សួរនាំ​មនុស្ស​មួយ​ចំនួន​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​«​ស្នេហា​ត្រីកោណ​»​នេះ​នៅឡើយ​ទេ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។​

អត្ថបទសរសេរ ដោយ