រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណអស់សុពលភាព ត្រូវមកបំពេញបែបបទ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណថ្មីយកទៅប្រើប្រាស់។
យោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ថា «ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព មេត្តារួសរាន់មកបំពេញបែបបទ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដោយហេតុថាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព នឹងគ្មានតម្លៃប្រើប្រាស់ សម្រាប់ការទទួលយកសេវារដ្ឋបាលផ្សេងៗ ជាពិសេសមិនអាចបំពេញសិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខបានទេ»។
![Picture]()
ក្រសួងមហាផ្ទៃ ក៏សូមជម្រាបជូនប្រជាពលរដ្ឋដែលធ្វើចំណាកស្រុក ហើយមកបំពេញការងារជាកម្មករ កម្មការិនី ឬការងារផ្សេងៗ ជាពិសេសនៅរាជធានីភ្នំពេញ អាចអញ្ជើញមកបំពេញបែបបទសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬនៅផ្សារអីអន២ សែនសុខ ដោយមិនចាំបាច់អញ្ជើញទៅឃុំ-សង្កាត់ ដែលជាលំនៅដ្ឋានអចិន្ត្រៃយ៍របស់ខ្លួននោះទេ។
ក្រសួងបានលើកឡើងថា យោងតាមទិន្នន័យដែលស្រង់ចេញពីប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានផ្តល់ជូនចាប់ពីឆ្នាំ២០១២ និងក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៣ គិតដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវអស់សុពលភាពប្រើប្រាស់មានចំនួន ១.៧២៧.០៩៤នាក់។ ក្នុងនោះផងដែរ សម្រាប់លទ្ធផលនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានចំនួន ៦១៦.៧២១នាក់ ហេតុនេះ ចំនួននៅសល់ដែលត្រូវបន្តផ្ដល់មានចំនួន ១.១១០.៣៧៣នាក់ ទៀត។
ជាមួយគ្នានោះដែរ ក្រសួងមហាផ្ទៃ នឹងបន្តជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាតាមគ្រប់មធ្យោបាយទាំងអស់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានតម្លៃប្រើប្រាស់ក្នុងការទទួលយកសេវារដ្ឋបាលផ្សេងៗ និងក្នុងការបំពេញសិទ្ធិនយោបាយរបស់ខ្លួន៕
ចែករំលែកព័តមាននេះ