ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចាយវាយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា កំពុង​មាន​និន្នាការ​កើនឡើង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន និង​ទាន់សម័យ ធ្វើ​ឱ្យ​រាល់​ការងារ​ស្មុគស្មាញ និង​ពិបាក​ទាំងឡាយ​ត្រូវ​បាន​កាត់​បន្ថយ និង​សម្រួល​ឲ្យ​កាន់តែ​ងាយស្រួល ។ តួយ៉ាង

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន និង​ទាន់សម័យ ធ្វើ​ឱ្យ​រាល់​ការងារ​ស្មុគស្មាញ និង​ពិបាក​ទាំងឡាយ​ត្រូវ​បាន​កាត់​បន្ថយ និង​សម្រួល​ឲ្យ​កាន់តែ​ងាយស្រួល ។ តួយ៉ាង ការ​ប្រាស្រ័យ​ទាក់ទង​តាម​ទូរស័ព្ទ ដែល​កាលពីមុន​ត្រូវ​បាន​ចំណាយ​ច្រើន តែ​ជម្រើស​តិច ប៉ុន្ដែ​បច្ចុប្បន្ន ចំណាយ​តិច តែ​មាន​ជម្រើស​ច្រើន ។ ចំណែក​ការ​ចាយវាយ​ទូទាត់​សាច់ប្រាក់​បច្ចុប្បន្ន​វិញ ក៏​បាន​វិវត្តន៍​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។

នៅ​កម្ពុជា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ការ​ចាយវាយ​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ពុំ​សូវ​ជា​ទូលំ​ទាយ​ទេ មាន​ន័យ​ថា ត្រូវ​ដោះ​ដូរ​ភ្លាម​ៗ​រវាង​សាច់ប្រាក់ និង​ទំនិញ ដែល​គេ​ហៅ​ថា «​លុយ​ដល់​ដៃ ទំនិញ​ដល់​ដៃ​» ប៉ុន្ដែ​បច្ចុប្បន្ន​នេះ ការ​ចាយវាយ​ហាក់ដូចជា​មាន​និន្នាការ​ផ្លាស់​ប្ដូរ​ជា​បន្ដបន្ទាប់ ពី​ការ​ចាយវាយ​ដោយ​សាច់ប្រាក់ មក​ចាយវាយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​វិញ ដោយ​មិន​ចាំបាច់​ត្រូវការ​មាន​លុយ​ជាប់​ខ្លួន គ្រាន់​មាន​គណនី​ក្នុង​ធនាគារ​ណាមួយ ហើយ​ជ្រើសរើស​ការ​ប្រើ​កាត​ដូច​ជា Master, Visa, UnionPay ឬ​ក្រុមហ៊ុន​ផ្ដល់​ហិរញ្ញវត្ថុ​ផ្សេង​ទៀត គឺ​អាច​ប្រើប្រាស់​បាន​គ្រប់​ទីកន្លែង​ទាំង​ក្នុង និង​ក្រៅ​ស្រុក ។

លោក វ៉ា​ន់ ចក្រភព​វី​ន​នើ​រ បុគ្គលិក​ក្រុមហ៊ុន​ផ្សព្វផ្សាយ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​ប្រើប្រាស់​ប្រព័ន្ធ e-Banking របស់​ធនាគារ​មួយ បានឱ្យ​ដឹង​ថា លោក​ប្រើប្រាស់ Master Card ដែល​ជួយ​ឲ្យ​លោក​អាច​ទិញ​ទំនិញ​ពី​ខាងក្រៅ​ប្រទេស ហើយ​បង់ប្រាក់​តាម​ប្រព័ន្ធ​មួយ​នេះ ។ ដូចនេះ លោក​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​ទំនិញ​ផ្ទាល់​ឡើយ ដោយ​គ្រាន់តែ​ផ្ញើ​ប្រាក់​ពី​គណនី​ធនាគារ​របស់​លោក​ទៅ​កាន់​គណនី​ធនាគារ​របស់​ក្រុមហ៊ុន​លក់ទំនិញ​នោះ​ជា​ការ​ស្រេច ។

លោក​បន្ត​ថា ៖« សម្រាប់​ការ​ចំណាយ​ក្នុង​ប្រទេស​វិញ ខ្ញុំ​បាន​ប្រើប្រាស់​វា (e-Banking) សម្រាប់​បង់ថ្លៃ​ទឹក ភ្លើង និង​សេវាកម្ម​ផ្សេង​ៗ​។ ម្យ៉ាងទៀត ពេល​ទូរស័ព្ទ​របស់ខ្ញុំ​អស់​លុយ ខ្ញុំ​ក៏​អាច​ទិញ​កាត​ទូរស័ព្ទ​ពី​ក្រុមហ៊ុនទូរស័ព្ទ​តាម​ប្រព័ន្ធ​នេះ​បាន​ផង​ដែរ តែ​ចាំបាច់​ត្រូវ​មាន​អុ​ី​ន​ធើ​រ​ណេ​ត​ដើម្បី​ភ្ជាប់​មក​ក្នុង​ទូរស័ព្ទ​របស់​យើង » ។

កញ្ញា ស្រុង ចាន់​រតនា អ្នកគ្រប់គ្រង​ក្រុមហ៊ុន​Fashion​មួយ ដែល​កំពុង​ប្រើប្រាស់​វី​សា​កាត​របស់​ធនាគារ​ក្នុងស្រុក បានឱ្យ​ដឹង​ដែរ​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​ចាយវាយ​តាម​អេ​ឡិច​ត្រូ​និក​នេះ បើសិនជា​នៅ​ក្នុងស្រុក ហាក់​មិនសូវ​ខ្លាច​ប៉ុន្មាន​ទេ ប៉ុន្តែ​បើសិនជា​ការ​ចំណាយ​នៅ​ក្រៅ​ស្រុក​វិញ ហាក់​មិនសូវ​មាន​ទំនុកចិត្ត​ប៉ុន្មាន​ដែរ ក៏​ប៉ុន្តែ​តាម​បទ​ពិសោធន៍​កន្លង​មក មិន​ដែល​មាន​បញ្ហា​បាត់​លុយ​នៅ​ក្នុង​គណនី​ទេ ។

កញ្ញា​និយាយ​ថា ៖«​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​បែប​ទំនើប​ដូចនេះ វា​ងាយស្រួល​ត្រង់​យើង​មិន​ចាំបាច់​យក​លុយ​តាម​ខ្លួន​ច្រើន និង​មិន​ភ័យ​ព្រួយ​ក្នុង​ការ​បាត់​លុយ បាត់​កាក់​ដែរ » ។

កញ្ញា​បន្ត​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ e-Banking ក៏​គួរតែ​មើលទៅ​លើ​ធនាគារ​ផង​ដែរ​ថា ធនាគារ​ណា​ដែល​ទុកចិត្ត​បាន និង​ធានា​ពី​សុវត្ថិភាព​សាច់ប្រាក់​នៅ​ពេល​មានការ​ចាយវាយ​ម្ដង​ៗ ។

លោក Shuan Ghaidan នាយក​ផ្នែក​ផលិតផល​របស់ UnionPay International បានឱ្យ​ដឹង​ថា វា​ដល់​ពេល​ដែល​ប្រទេស​កម្ពុជា ត្រូវ​ប្រើប្រាស់​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ហើយ គឺ​ដើម្បី​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​បណ្ដា​ប្រទេស​ជឿនលឿន​ដទៃ​ទៀត ។

លោក​ថា ៖« ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រែក្លាយ​ពី​សេដ្ឋកិច្ច ដែល​ធ្លាប់​ប្រើប្រាស់​ការ​ទូទាត់​ដោយ​សាច់ប្រាក់​ផ្ទាល់ មក​ប្រើប្រាស់​តាម​បែប​ទំនើប​វិញ » ។
គួរ​កត់​សម្គាល់ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ៗ​មួយ​ចំនួន​បាន​មក​កម្ពុជា ស្វែងរក​ដៃគូ​ធនាគារ​ដើម្បី​បង្កើន​ប្រតិបត្តិការ​របស់​ខ្លួន លើ​ការ​ចាយវាយ​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដូច​ជា វី​សា​កាត និង UnionPay ជាដើម ។ ជាក់ស្ដែង កាលពី​ពេល​ថ្មី​នេះ ក្រុមហ៊ុន UnionPay International បាន​សហការ​ជាមួយ​ធនាគារ​កា​ណា​ឌី​យ៉ា ដើម្បី​ចេញ​ប្រតិបត្តិការ​ប័ណ្ណ​ឥណ​ពន្ធ UnionPay Debit សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា និង​ជំរុញ​ការ​ប្រើប្រាស់​ប័ណ្ណ​ទំនើប​កាន់តែ​ច្រើន​ឡើង​ៗ​នៅ​ក្នុង​ប្រទេស​មួយ​នេះ ៕