ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័ន​3​ចាប់ផ្តើម​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​វាយនភ័ណ្ឌ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​អង្គការ​ពលកម្ម​អន្តរជាតិ នៃ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ (ILO-BFC) រួម​សហការ​

រាជធានី​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​អង្គការ​ពលកម្ម​អន្តរជាតិ នៃ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ (ILO-BFC) រួម​សហការ​គ្នា​ធ្វើ​ពង្រាង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ និង​ស្បែកជើង​កម្ពុជា ក្នុង​រយៈពេល​វែង​ពី​ឆ្នាំ​២០១៨-២០២៥ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​GMAC និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ទទួល​បាន​នា​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ដ្រ​២០១៨-២០២៥ នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​ប្រឈម​សំខាន់​ៗ​នៃ​ឧស្សាហកម្ម​នេះ​ដូច​ជា បញ្ហា​ធាតុ​ចូល និង​តម្លៃ​ថ្លៃដើម​ខ្ពស់​, ទំនាក់ទំនង​ឧស្សាហកម្ម​, ផលិតកម្ម និង​សមត្ថភាព​ផលិត​, បរិយាកាស​អាជីវកម្ម​បរិស្ថាន​, បញ្ហា​ខាងក្រៅ​និង​ការ​ប្រកួតប្រជែង ។ គោលនយោបាយ​នេះ​ធ្វើ​ឡើង​ដើម្បី​រក្សា​កំណើន​ខ្ពស់ បង្កើន​គុណភាព​ផលិតផល​ក្នុង​ផ្នែក​ឧស្សាហកម្ម យ៉ាង​ហោច​ណាស់ ឲ្យ​បាន​៥០%​នៅ​ត្រឹម​ឆ្នាំ​២០២៥ ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​និយាយ​ថា វា​គឺជា​កម្លាំង​ច​លករ​ថ្មី​មួយ​សម្រាប់​ឧស្សាហកម្ម​នេះ​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​ជា​គោលនយោបាយ​ឆ្លើយ​តប​ក្នុង​ការ​រក្សា​កំណើន​របស់​ខ្លួន ក៏​ដូច​ជា​បង្កើន​ធនធានមនុស្ស​នៃ​ឧស្សាហកម្ម​នេះ ដើម្បី​បង្កើត​ឱ្យ​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង ។

លោក​បន្ត​ថា ៖« វា​ជា​ការងារ​រួម​គ្នា​រវាង​រាជរដ្ឋាភិបាល GMAC និង ILO-BFC ។ យើង​អាច​និយាយ​បាន​ថា រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​បង្កើត​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​រយៈពេល​វែង​នេះ ដើម្បី​គាំទ្រ និង​អភិវឌ្ឍ​វិស័យ​កាត់ដេរ និង​ស្បែកជើង​ឲ្យ​មាន​កំណើន​ប្រកបដោយ​ស្ថិរភាព ។ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា សូម​កោត​សរសើរ​​ដល់​កិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​លើ​បញ្ហា​នេះ » ។

យោង​តាម​អគ្គនាយកដ្ឋាន​គយ និង​កាត់ដេរ​កម្ពុជា (GDCE) បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង​របស់​កម្ពុជា បាន​កើនឡើង​៦.៨០០​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៥ ដល់​៧.៣០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ស្មើនឹង​កំណើន​៧,២% ។

លោក កាំ​ង ម៉ូ​នី​កា បន្ត​ទៀត​ថា ៖«​គោលនយោបាយ​ចម្បង​នេះ នឹង​ជួយ​កាត់​បន្ថយ​នូវ​ការ​ចំណាយ​ថ្លៃដើម​ខ្ពស់ និង​បង្កើន​ប្រសិទ្ធភាព​ឧស្សាហកម្ម ដែល​រួម​បញ្ចូល​ការ​អភិវឌ្ឍ​ជំនាញ ដើម្បី​បង្កើន​ខ្សែ​សង្វា​ក់​ផលិតកម្ម និង​ផលិតភាព​ផលិតកម្ម ។ គោលនយោបាយ​នេះ ក៏​នឹង​ផ្តោត​សំខាន់​ទៅ​លើ​ការ​កែ​លម្អ​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ ដោយ​នាំ​មក​នូវ​បរិយាកាស​ផលិតកម្ម​មាន​ស្ថិរភាព និង​សន្តិភាព ក្នុង​ន័យ​កាត់​បន្ថយ​ចំណាយ » ។

ការ​ស្ទង់​មតិ​នៃ​ពង្រាង​នេះ បាន​ចាប់ផ្តើម​ប្រហែល​៣​ស​ប្តា​ហ៍​មុន​រួច​មក​ហើយ ។ បច្ចុប្បន្ន វា​ត្រូវ​បាន​គេ​រៀបចំ​ឡើង​ដើម្បី​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​គ្រប់គ្រាន់​ជា​មូលដ្ឋាន​សម្រាប់​យុទ្ធសាស្ត្រ ។

បើ​យោង​តាម​យុទ្ធសាស្ដ្រ ឆ្នាំ​២០១៨-២០២៥​នេះ ក៏​នឹង​ផ្តោត​លើ​និន្នាការ​សកលលោក និង​ឱកាស​នៃ​ឧស្សាហកម្ម​កាត់ដេរ បាន​បន្ត​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង​របស់​កម្ពុជា ហើយ​វិធានការ​យុទ្ធសាស្ត្រ គឺ​ត្រូវ​រៀបចំ​ជា​ពិសេស ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ ដោយ​ពិចារណា​អំពី​រយៈពេល​ខ្លី និង​មធ្យម ក៏​ដូច​ជា​ទស្សនវិស័យ​រយៈពេល​វែង ។

វិស័យ​នេះ នៅ​តែ​ជា​ផ្នែក​សំខាន់​បំផុត​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា ដោយ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង មាន​ចំនួន​៧៨%​នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​នៅ​ឆ្នាំ​២០១៦ ។

យោង​តាម​ទិន្នន័យ​ពី​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បច្ចុប្បន្ន សមាគម​នេះ មាន​សមាជិក​ចំនួន​៥១២ ដោយ​ក្នុង​ចំណោម​៥៩​ក្នុង​វិស័យ​ស្បែកជើង ហើយ​វិស័យ​នេះ​បាន​ស្រូប​យក​ការងារ​ជាង​៧០​ម៉ឺន​នាក់ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ដែល​បាន​ធ្វើការ​ជិត​ស្និទ្ធ​លើ​បញ្ហា​នេះ ថ្លែង​ថា គោលនយោបាយ​នេះ​មាន​សារសំខាន់​ណាស់​ដើម្បី​ធ្វើ​ឲ្យ​មាន​សុខដុម​នី​យ​កម្ម​ក្នុង​វិស័យ​នេះ និង​ឲ្យ​ភាគី​អ្នកបញ្ជា​ទិញ ម្ចាស់​រោងចក្រ និង​កម្មករ និយោជិត​អាច​ធ្វើការ​រួម​គ្នា និង​កុំ​ចង្អុល​ដាក់​គ្នា​តទៅ​ទៀត ។

លោក​បន្ត​ថា ៖« វាយនភ័ណ្ឌ​កាត់ដេរ និង​ស្បែកជើង នៅ​តែ​ជា​វិស័យ​តំណាង​ឲ្យ​ការ​នាំ​ចេញ​ដ៏​ធំ​របស់​កម្ពុជា សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ » ។ លោក​បន្ត​ថា ៖« ទាំង​រាជ​រដ្ឋាភិបាល វិស័យ​ឯកជន និង​អ្នក​ពាក់ព័ន្ធ សុទ្ធតែ​យល់​ពីសារ​សំខាន់ និង​ធ្វើ​យ៉ាងណា ពូន​ជ្រុំ​វិស័យ​នេះ​ឲ្យ​រីក​ចម្រើន​តទៅ​ទៀត ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ មុន​នឹង​កម្ពុជា​ឈាន​ទៅ​កាន់​ប្រទេស​ប្រើប្រាស់​កម្លាំង​ជំនាញ និង​ឧស្សាហកម្ម » ៕