ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​ត្រា​ថ្មី​! ក្លិប​នៅ EPL ចាយ​ជិត​១​ពាន់​លាន​ដុល្លារ ក្នុង​ទីផ្សារ​ដោះ​ដូរ​ខែមករា​នេះ

1 ឆ្នាំ មុន

អង់គ្លេស ៖ ក្លិប​នៅ​លី​គ​កំពូល​អង់គ្លេស English Premier League (EPL) បាន​ចាយប្រាក់​យ៉ាងច្រើន​

អង់គ្លេស ៖ ក្លិប​នៅ​លី​គ​កំពូល​អង់គ្លេស English Premier League (EPL) បាន​ចាយប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពោល​គឺ​ជិត ៨០០​លាន​ផោន ស្មើនឹង​ប្រមាណ ៩៨៤​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បំបែក​កំណត់​ត្រា លើ​ការ​ផ្ទេរ​កីឡាករ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា នៅ​ក្នុង​បាល់ទាត់​ប្រទេស​អង់គ្លេស​។

Chelsea ក្លាយជា​ក្លិប​ចាយ​លុយ​ច្រើន​បំផុត នៅ​ទីផ្សារ​ដោះ​ដូរ​ខែមករា​នេះ ដែល​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ ពួក​គេ​បាន​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​កណ្តាល​អា​ហ្ស​ង់​ទី​ន Enzo Fernandez ពី​ក្លិប Benfica ក្នុង​តម្លៃ ១០៥​លាន​ផោន ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៣១ មក​រា កន្លង​ទៅ​។ សេចក្តីថ្លែងការណ៍​ក្លិប Benfica បញ្ជាក់​ថា កិច្ចព្រមព្រៀង​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​ក្លិប Chelsea សម្រាប់​ការ​ផ្ទេរ​កីឡាករ​ម្ចាស់​មេដាយមាស​ព្រឹត្តិការណ៍ World Cup 2022 វ័យ​២២​ឆ្នាំ​រូប​នេះ ដែល​បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល​៨​ឆ្នាំ​កន្លះ នៅ​ទឹក Stamford Bridge​។

កិច្ចព្រមព្រៀង​នេះ បាន​បំបែក​តម្លៃ​កំណត់​ត្រា ការ​ផ្ទេរ​ក្នុង​តម្លៃ​ខ្ពស់​បំផុត​នៅ Premier League របស់​ក្លិប Manchester City ដែល​ចាយ ១០០​លាន​ផោន នាំ​យក​ខ្សែបម្រើ​ប្រយុទ្ធ Jack Grealish ពី​ក្លិប Aston Villa នៅ​ក្នុង​ឆ្នាំ ២០២១​។

ចាប់តាំងពី​ការ​កាន់កាប់​របស់​ក្រុមហ៊ុន​វិនិយោគ ដែល​ដឹកនាំ​ដោយ​មហាសេដ្ឋី​អា​មេ​រិ​ក លោក Todd Boehly កាលពី​ឆ្នាំ​មុន រហូត​មក​ទល់​ពេល​នេះ Chelsea បាន​ចាយប្រាក់​លើ​ផ្ទេរ​កីឡាករ​សរុប​ជាង ៥០០​លាន​ផោន យ៉ាង​ភ្ញាក់ផ្អើល​បំផុត​។ ខណៈ​ដែល​ត្រឹម​ពេញ​១​ខែ ខែមករា​នេះ ពួក​គេ​ចាយ​ជាង ៣០០​លាន​ផោន​រួច​ទៅ​ហើយ​។

នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ ក្លិប​កាំភ្លើង​ធំ Arsenal បាន​បញ្ចប់​ការ​ចុះហត្ថលេខា​ដ៏​ភ្ញាក់ផ្អើល​របស់​ពួក​គេ នាំ​យក​ខ្សែបម្រើ​ប្រេ​ស៊ី​ល Jorginho ពី​ក្លិប Chelsea ដែល​ជា​គូប្រជែង នៅ​ក្នុង​តម្លៃ ១០​លាន​ផោន ជាមួយ​កុងត្រា​រយៈពេល​១​ឆ្នាំ​កន្លះ​។ ស្រប​ពេល​ក្លិប​បិសាច​ក្រហម Manchester United ក៏​បាន​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ប្រយុទ្ធ Marcel Sabitzer ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លិប Bayern Munich រហូត​ដល់​ចប់​រដូវ​កាល​នេះ​។ ការ​តាម​ប្រមាញ់​ភ្លាម​ៗ លើ​ខ្សែបម្រើ​សញ្ជាតិ​អូ​ទ្រី​ស​វ័យ​២៨​ឆ្នាំ​រូប​នេះ កើតឡើង​បន្ទាប់​ពី​ខ្សែបម្រើ Christian Eriksen ត្រូវ​អវត្តមាន​ច្រើន​ខែ ដោយសារ​របួស​កជើង​។

Southampton ក៏​ស្ថិត​ក្នុង​ចំណោម​ក្លិប​ចាយ​ធំ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះ​ដូរ​ខែមករា​នេះ ផង​ដែរ ដោយ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ស្លាប Kamaldeen Sulemana ពី​ក្លិប Rennes ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ក្លិប ២២​លាន​ផោន និង​បញ្ចប់​ការ​ផ្ទេរ​ខ្សែប្រយុទ្ធ Paul Onuachu ពី​ក្លិប Genk ដែល​មាន​តម្លៃ ១៨.៥​លាន​ផោន​។

Tottenham Hotspur ក៏​បាន​បញ្ចប់​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ខ្សែការពារ​ស្តាំ Pedro Porro ពី​ក្លិប Sporting CP រហូត​ដល់​ចប់​រដូវ​កាល​នេះ ជាមួយ​លក្ខខណ្ឌ​ទិញ​ផ្តាច់​តម្លៃ ៤០​លាន​ផោន នៅ​ពេល​ក្រោយ​។

ការ​ចំណាយ​រួម​របស់​ក្លិប​ទាំងអស់​នៅ Premier League រយៈពេល​ពេញ​១​ខែ ក្នុង​ខែមករា​នេះ គឺ​ជិត ៨០០​លាន​ផោន ដោយ​បាន​បំបែក​កំណត់​ត្រា​ចាស់ កាលពី​ខែមករា ឆ្នាំ​២០១៨ ដែល​ចាយ​ច្រើន​បំផុត​ចំនួន ៤៣០​លាន​ផោន តែ​ប៉ុណ្ណោះ​៕ (​ដកស្រង់​ចេញពី The Telegraph និង Sky Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ