រាជធានីភ្នំពេញ ៖ តារាសម្តែងលោកភីម៉ៃ ធូរស្រាលក្នុងអារម្មណ៍បន្តិចបន្ទាប់ពីបានសុំទោសជាសាធារណៈចំពោះការចូលរួមសម្តែងបទ «តារាបែកស្លុយ២០១៧ » ចម្លងពីថៃដែលមានការរិះគន់ខ្លាំង ។
លោកភី ម៉ៃ ជាតារាសម្តែងដែលមានការងារជាប់រដឹកទាំងសម្តែងរឿងដុំ និងរឿងភាគ។ នៅពេលលោកភី ម៉ៃ ភ្លាត់ស្នៀតចូលរួមសម្តែងបទចម្រៀង «តារាបែកស្លុយ២០១៧» ដែលចម្លងពីថៃច្រៀងដោយលោកម៉ារ៉ា ប៊ុណ្ណា ធ្វើឱ្យផលិតករនានា និងអ្នករាប់អានស្រឡាំងកាំង ។ លោកភី ម៉ៃ មិនបានពិនិត្យឱ្យបានដិតដល់មុន ពេលថតទើបជួបរឿងបែបនោះ ។
លោកភី ម៉ៃ ដែលត្រៀមបង្ហាញស្នាដៃថ្មីរឿង«សសរកន្លោង» របស់ផលិតកម្មឥន្ទ្រានិមិត្តខកចិត្តស្ទើរតែដេកយំនៅពេលដឹងថាបទចម្រៀង«តារាបែកស្លុយ២០១៧» ជាបទចម្លងតាមថៃ ។ រវាងលោកភី ម៉ៃ និងលោកម៉ារ៉ា ប៊ុណ្ណា ជាមិត្ត ដូច្នេះហើយពឹងឱ្យជួយថតបទថ្មីក៏យល់ព្រម ។ ម្យ៉ាងលោកភី ម៉ៃ យល់ស្មានថា បទចម្រៀងដែលលោកម៉ារ៉ា ប៊ុណ្ណា ជាបទថ្មីស្នាដៃខ្មែរទើបរីករាយនឹងចូលរួម ។ «ស្រាប់តែចាប់ផ្តើមថតទៅជាបទរបស់ថៃវិញ ធ្វើឱ្យបុកពោះភ័យ ដឹងថាគេនឹងរិះគន់ហើយ តែដកថយមិនកើតយើងថាជួយគេហើយមានតែខំបំពេញតួនាទីឲ្យចប់តែម្តងទៅ ។ ក្រោយពេលបទនេះចេញមកគេរិះគន់ខ្ញុំពិបាកចិត្តណាស់ ខ្ញុំត្រូវគេថាឲ្យជាបន្តបន្ទាប់ ហើយក៏ដឹងដែរថាពិតជាកើតរឿងដូចការគិតមែន ។ សន្យាថានឹងប្រយ័ត្នឱ្យបានខ្ពស់ជាងនេះនាឱកាស លើកក្រោយៗទៀត មិនឱ្យដូចពេលនេះទេ វាជាបទពិសោធន៍មួយដែលខ្ញុំត្រូវចងចាំជាមេរៀន» ។
ការរិះគន់បទចម្រៀង «តារាបែកស្លុយ២០១៧» របស់លោកម៉ារ៉ា បុណ្ណា កក្រើកពេញហ្វេសប៊ុក ។ ការរិះគន់ក៏ព្រោះតែបទនេះលួចចម្លងពីបទល្បីរបស់ប្រទេសថៃ ។
តារាសម្តែងជាច្រើនដែលរួមគ្នារាំបែបបែកស្លុយក្នុងបទនោះ ក៏ទទួលរងការរិះគន់យ៉ាងអាម៉ាស់ដូចលោកម៉ារ៉ា ប៊ុណ្ណាដែរ ៕
ចែករំលែកព័តមាននេះ