ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ថ្ងៃ បុណ្យចូលឆ្នាំចិន កំពង់សោម ទទួលបានទេសចរជាង ២០ម៉ឺននាក់

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ​៖ នាឱកាសបុណ្យចូលឆ្នាំចិន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ…

ខេត្តព្រះសីហនុ​៖ នាឱកាសបុណ្យចូលឆ្នាំចិន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ២០ម៉ឺននាក់ ខណៈភ្ញៀវក្នុងស្រុកភាគច្រើន មកលេងហើយ វិលត្រឡប់ទៅផ្ទះវិញ «វិលល្ងាច» តាមផ្លូវ​ល្បឿនលឿន​។ នេះបើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

លោក តាំង សុចិត្រគ្រឹស្នា បាន ប្រាប់សារព័ត៌មាន កោះសន្តិភាព ថា «នាឱកាសបុណ្យចូលឆ្នាំចិន រយៈពេល ៣ថ្ងៃ ២២-២៤ ខែមករា នៅខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរ សរុបជាង ២០ម៉ឺននាក់។ ក្នុងនោះ មានភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ៣ពាន់នាក់ដែរ។ ថ្ងៃ ដែលមាន​ភ្ញៀវទេសចរ​ច្រើន គឺនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ ដែលជាថ្ងៃចូលឆ្នាំចិន ថ្ងៃទី១ និងថ្ងៃទី២ ហើយភាគច្រើន គឺទៅលេងកម្សាន្តនៅតាមឆ្នេរ។ ប៉ុន្តែ ៧០ ទៅ ៨០ភាគរយ គឺត្រឡប់ទៅផ្ទះវិញ ព្រោះបច្ចុប្បន្ន មានផ្លូវល្បឿនលឿន ងាយស្រួលក្នុងការធ្វើដំណើរ។ ដូច្នេះភ្ញៀវ​មកលេងកំពង់សោមព្រឹក វិលទៅផ្ទះវិញ ពេលល្ងាច​»។

លោកប្រធានមន្ទីរ បានបន្តថា ទោះបីសេវាកម្មស្នាក់នៅទេសចរណ៍ ក្នុងក្រុងព្រះសីហនុ មិនសូវត្រូវប៉ាន់ក៏ពិតមែន ប៉ុន្តែសេវាកម្មម្ហូបអាហារ គឺលក់ដាច់យ៉ាងច្រើន។ ទាំងភោជនីយដ្ឋាន អាហារដ្ឋាន និងទាំងអ្នកលក់ដូរតាមឆ្នេរតូចតាច ក៏លក់ដាច់ច្រើនណាស់ដែរ។ អ្វីដែលជាបញ្ហាចោទ គឺបញ្ហាសំរាម ដែលមានការកើនឡើងនៅតាមឆ្នេរ ខណៈភ្ញៀវមួយចំនួន មិនទាន់ចូលរួមឱ្យបានល្អ។

លោកប្រធានមន្ទីរ ថ្លែងថា «សំរាម វាមានច្រើន នៅតាមឆ្នេរ។ ភ្ញៀវទេសចរខ្លះ គាត់មានម្ហូប បាយ កន្ទេល តង់របស់គាត់មកស្រេច។ អីចឹងគាត់ក្រាលញ៉ាំ។ អ្នកខ្លះញ៉ាំហើយ អត់ប្រមូលទុកដាក់ទេ។ ដល់អីចឹង វាកើតបញ្ហាសំរាមច្រើន»។

លោកបានបន្តថា ចំពោះបញ្ហាសំរាម និងបរិស្ថាននេះ ក្រុមការងារមន្ទីរ ក៏មមាញឹក ក្នុងការប្រមូល​រៀង​រាល់ថ្ងៃផងដែរ។

គួរបញ្ជាក់ថា​ ក្នុងរយៈពេល ៣ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំចិននេះ ក៏មានជើងហោះហើរ ចុះចតនៅ​អាកាសយានដ្ឋានកងកេង ក្នុង​ខេត្តព្រះសីហនុ ក្នុង ១ថ្ងៃ ១ជើងផងដែរ។ ពោលគឺ ៣ថ្ងៃ មាន ៣ជើង។ ​ក្នុងនោះ ក៏បាននាំអ្នកដំណើរសរុបជាង ១០០នាក់​មកផងដែរ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ