ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង់​ល្ខោន​ភី សុ​គ​ន្ធី មានការ​ពេញ​និយម​ដោយសារ​កត្តា​អ្វីខ្លះ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជិត​៣០​ឆ្នាំ​មក​ហើយ​ដែល​វង់​ល្ខោនបាសាក់​ភី​សុ​គ​ន្ធី នៅ​តែ​មាន​ប្រជាប្រិយភាព​ពី​មហាជន​គ្រប់​មូលដ្ឋាន​។ វង់​ល្ខោន​មួយ​នេះ​តែងតែ​បម្រើ​អារម្មណ៍​ទស្សនិកជន​ក្នុង

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជិត​៣០​ឆ្នាំ​មក​ហើយ​ដែល​វង់​ល្ខោនបាសាក់​ភី​សុ​គ​ន្ធី នៅ​តែ​មាន​ប្រជាប្រិយភាព​ពី​មហាជន​គ្រប់​មូលដ្ឋាន​។ វង់​ល្ខោន​មួយ​នេះ​តែងតែ​បម្រើ​អារម្មណ៍​ទស្សនិកជន​ក្នុង​ពិធីបុណ្យ​ទាន ផ្សេង​ៗ និង​ធ្វើ​ឱ្យ​មាន​ភាព​អធិកអធម​សម្រាប់​ពិធីបុណ្យ​នោះ​។ រៀង​រាល់​រដូវ​នៃ​ពិធីបុណ្យ​ទាន គឺ​រដូវប្រាំង​វង់​ល្ខោន​ភី​សុ​គ​ន្ធី មានកម្ម​វិធី​សម្តែង​ស្ទើរ​គ្មាន​លស់​មួយ​ថ្ងៃ ។ 

អ្នកស្រី​សួង ធី ថៅកែ​«​ល្ខោន​ភី​សុ​គ​ន្ធី​» នៅ​លើ​ទឹកដី​សំរោង​យោង​ខេត្តតាកែវ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រៀបរាប់​ឲ្យ​ដឹង​ថា​វង់​ល្ខោន​ដែល​ដឹកនាំ​ដោយ​អ្នកស្រី និង​ស្វាមី​មិនមែន​អាច​ដំណើរការ​បាន​ស្រួល​ដូច​មហាជន​មើលឃើញ​ទេ​។ វា​មានការ​គិត និង​រៀបចំ​យ៉ាង​ល្អិន​ល្អន់​បំផុត​ចំពោះ​ពាក្យ​ថា​«​ល្ខោនបាសាក់​»​ដែល មនុស្ស​ទាំង​ហ្វូង​ទស្សនា​បែប​នេះ ។

គិត​ត្រឹម​៧​ខែ​នៃ​ឆ្នាំ​២០១៧​នេះ ក្រុម​ល្ខោន​ភី​សុ​គ​ន្ធី ទទួល​ការ​សម្តែង​រាប់រយ​រោង ដោយ​មិន​ទាន់​គិត​ប៉ុន្មាន​ខែ​ទៅ​មុខ​ទៀត​រហូត​ដល់​ដាច់​ឆ្នាំ​នេះ​ផង ។ វង់​ល្ខោន​ភី​សុ​គ​ន្ធី សម្តែង​១​យប់ ចាប់ពី​២​ពាន់​ដុល្លារ​ឡើង​ទៅ​គិត​តាម​ជិត​ឆ្ងាយ ។ មាន​ខេត្ត​បី​ដែល​មិន​ទទួល​សម្តែង​ព្រោះ​ឆ្ងាយ​ពេក​គឺ​ខេត្តស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី ព្រោះ​ចំណាយពេល​ធ្វើ​ដំណើរ​ច្រើន​ថ្ងៃ​ពេក ។

វង់​ល្ខោន «​ភី​សុ​គ​ន្ធី​» នៅ​តែ​មានការ​ពេញ​និយម​ពី​មហាជន​ទូ​ទាំង​ប្រទេស​នេះ អ្នកស្រី​ភី​សុ​គ​ន្ធី ថ្លែង​ថា «​គឺ​ដោយសារ​តែ​យើង​ចេះ​សរសេរ​រឿង មើលទៅ​អ្នក​ទស្សនា​គាត់​យល់​ជក់ចិត្ត ហើយ​សាច់​រឿង​មិន​អូស​បន្លាយ លេង​មួយ​យប់​ចប់​សាច់​រឿង ដោយ​សម្តែង​ពី​ម៉ោង​៧​យប់​ដល់​២ ឬ​៣​រំលង​អធ្រាត្រ​ឲ្យ​ចប់​ដោយ​បរិបូរណ៍ ។

កិច្ចការ​កាន់កាប់​ក្រុម​ល្ខោន​នេះ​មិន​ស្រួល​ឡើយ​ដូច​ជា​ត្រូវការ​ពិភាក្សា​គ្នា​និយាយ​ជា​ក្រុម​ឲ្យ​បាន​ល្អ​មុន​នឹង​សម្តែង ។

ជា​ទម្លាប់​ខ្ញុំ​ក្នុង​នាម​ជា​មេ​កើយ ចូល​ចិត្ត​អប់រំ​សមាជិក​ឲ្យ​ស្គាល់​តម្លៃ​សិល្បៈ មិន​ត្រូវធ្វើ​ឫកពា​មិនល្អ​ជាមួយ​អ្នក​ដទៃ ។

មុន​សម្តែង​ខ្ញុំ​ឲ្យ​តួ​នៅ​តែ​ក្នុង​រោង មិន​ឲ្យ​ដើរទៅ​ណា​ផ្តេសផ្តាស ពិសេស នារី​ៗ​បើ​ចង់​ទិញ​អី​ញ៉ាំ​យើង​មាន​គេ​ជួយ​ទិញ​មិន​ឲ្យ​ដើរ​ឆ្វេ​ច​ឆ្វាច​ត្រសង​គ្នា​កុំ​ឲ្យ​គេ​ឃើញ​ថា ស្រី​ៗ​សិល្បៈ​ដើរ​ចោល​ភ្នែក​អ្នក​ដទៃ ។

ជា​ទម្លាប់​ខ្ញុំ​គឺ​ចែក​លាភ​ពេល​សម្តែង មិន​ចូល​ចិត្ត​ទុក​ស្អែក​នោះ​ទេ ចប់​បើក​លុយ ដើម្បី​ឲ្យ​តួ​សម្តែង មួយ​ៗ​មាន​ទឹកចិត្ត ។ ធម្មតា​គេ​ធ្វើការ​គឺ​ដើម្បី​ប្រាក់ អ្នក​ណា​ក៏​ដូច​អ្នក​ណា ។ បន្ថែម​ពីលើ​នេះ​ទៀត​ខ្ញុំ​មាន​ទម្លាប់​រួមសុខទុក្ខ​ជាមួយ​កូនចៅ បើ​សម្តែង​ដល់​យប់​ជ្រៅ​មិន​ទៅ​ផ្ទះ គឺ​សុខចិត្ត​ដេក​នៅ​រោងល្ខោន​ទាំងអស់​គ្នា មិន​មេ​ដេក​អូ​តែ​ល ផ្ទះសំណាក់ កូនចៅ​ដេក​នៅ​រោងល្ខោន​នោះ​ទេ នេះ​ជា​ទម្លាប់ ។ ម្យ៉ាងទៀត​បើ​កូនចៅ​ញ៉ាំ​អី​បាយកក​បាយក្តាំង​ក៏​ញ៉ាំ​ជាមួយ​ដែរ នេះ​ជា​ចំណុច​ដែល​ខ្ញុំ​យក​មក​អនុវត្ត ។

វិស័យ​ល្ខោនបាសាក់​តម្រូវ​ឲ្យ​ចេះ​អត់ធ្មត់ ហើយ​អាជីព​នេះ​ខ្ញុំ​ស្រឡាញ់​ណាស់​តាំងពី​កកើត​ដំបូង​មក គឺ​មិន​ចង់​បោះបង់​ចោល​ទេ និង​កាន់តែ​ព្រួយចិត្ត​ទៅ​ពេល​ចាស់​អស់កម្លាំង​ខ្លាច ក្មេង​ៗ​កូនចៅ​ធ្វើ​មិន​បាន​ល្អ រក្សា​មិន​ដូច​ចិត្ត​យើង ។ ម្ល៉េ​ាះ​ហើយ​ទើប​ខ្ញុំ​តែងតែ​គិត​ថា​ប្រសិនបើ​ចាស់​ទៅ​សម្តែង​មិន​បាន​ខ្ញុំ​នឹង​សង់រោង​ធំ​មួយ​ទុកដាក់​សម្ភារ​ល្ខោន​ឲ្យ​បាន​ល្អ ធ្វើ​ជា​ការ​រំលឹក​ដឹងគុណ​ដែល​វិជ្ជា​នេះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ចូល​ចិត្ត​ពី​មជ្ឈដ្ឋាន​នានា មានឈ្មោះ​បោះ​សំឡេង​» ។

បច្ចុប្បន្ន​វង់​ល្ខោន​របស់​អ្នកស្រី​ភី​សុ​គ​ន្ធី ក្រៅពី​សមាជិក​ចាស់ បាន​យក​អ្នក​ជំនាន់​ថ្មី​បណ្តុះបណ្តាល​បង្ហាត់បង្រៀន​សិល្បៈ​ល្ខោនបាសាក់ ដើម្បី​ឲ្យ​វង់​ល្ខោន​នេះ​នៅ​តែ​បន្តជីវិត​បម្រើ​អារម្មណ៍​ទស្សនិកជន និង​រួមចំណែក​អភិរក្ស​សិល្បៈ​បុរាណ​ល្ខោនបាសាក់ ៕