ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគវាសនា​! អគ្គនាយក​ក្រុមហ៊ុន​ធី​ម​ប៊ី​មេ​ធ ពាក់ព័ន្ធ​រឿង​ចាយ​សែក​ស្អុយ​២៦​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក ថៃ គឹ​ម​មុនី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៣ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​អគ្គនាយក​ក្រុមហ៊ុន ធី​ម​ប៊ី​មេ​ធ

រាជធានី​ភ្នំពេញ ៖ លោក ថៃ គឹ​ម​មុនី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៣ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​អគ្គនាយក​ក្រុមហ៊ុន ធី​ម​ប៊ី​មេ​ធ ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​​អាច​ជួញដូរ​បាន ពោល​គឺ​ចាយ​សែក​គ្មាន​សាច់ប្រាក់​ប្រមាណ​២៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ជនជាប់ចោទ​ខាងលើ​មានឈ្មោះ ពៅ កាល់​ម៉ែ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២ ផ្លូវ​លេខ​៧ បុរី​ឡុ​ង​នី ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ មុខរបរ ជា​អគ្គនាយក​​ក្រុមហ៊ុន​ធី​ម​ប៊ី​មេ​ធ ខេ​ម​បូ​ឌា ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​លោក ពៅ កាល់​ម៉ែ​ត អគ្គនាយក​ក្រុមហ៊ុន​ធី​ម​ប៊ី​មេ​ធ ខេ​ម​បូ​ឌា បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស «​មិន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» ដោយ​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ប្រមាណ​២៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ការ​ចាប់​បញ្ជូន​ខ្លួន​លោក ពៅ កាល់​ម៉ែ​ត សមត្ថកិច្ច​បាន​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​អយ្យការ​អម​សាលាដំបូង​រាជា​ធានី​ភ្នំពេញ បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​របស់​ឈ្មោះ សេង សុធា​រ៉ា ភេទ​ស្រី អម​ដោយ​មេធាវី លឹ​ម លី​ណាំ ជា​មេធាវី​តំណាង​ដោយ​អាណត្តិ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​ពាក់​ពន្ធ​លើ​ឈ្មោះ ពៅ កាល់​ម៉ែ​ត ជំពាក់​ប្រាក់​ចំនួន ២៦៦ ៣០០ ដុល្លារ​អា​មេ​រិ​ក លុះ​ពេល​សង​វិញ​ចេញ​សែក​ស្អុយ​មួយ​សន្លឹក ដោយ​គ្មាន​សាច់ប្រាក់​។

តាម​ពាក្យបណ្ដឹង​របស់​មេធាវី​ម្ចាស់បំណុល​បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០២១ ឈ្មោះ ពៅ កាល់​ម៉ែ​ត អគ្គ​នាយក​ក្រុមហ៊ុន ធី​ម​ប៊ី​មេ​ធ បាន​ទៅ​ខ្ចីប្រាក់​ពី​កូនក្ដី​របស់​ខ្លួន​ចំនួន​២៦៦ ៣០០​ដុល្លារ​អា​មេ​រិ​ក លុះដល់​ថ្ងៃ​កំណត់​សង​ប្រាក់​ឈ្មោះ ពៅ កាល់​ម៉ែ​ត បាន​ចេញ​មូលប្បទានប័ត្រ​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​ចំកាត់ ឌេ​ល​មាន លេខ ៥១៥៥៥០ ចុះ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ មាន​ទឹកប្រាក់​ចំនួន ២៦៦ ៣០០ ដុល្លារ​អា​មេ​រិ​ក ប្រគល់​ឲ្យ​ម្ចាស់បំណុល លុះ​ពេល​ដល់​ថ្ងៃ​កំណត់​ម្ចាស់​ប្រាក់​បាន​ទៅ​បើក ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយ​តប​វិញ​ថា «​សែក​ស្អុយ​»​។

បន្ទាប់​ពី​ដឹង​ថា មូលប្បទានប័ត្រ​នោះ​គ្មាន​សាច់ប្រាក់​ហើយ ភាគី​ដើមបណ្តឹង​បាន​ព្យាយាម​ទាក់ទង​ទៅ​ចុងចោទ ដើម្បី​ជួប​ដោះស្រាយ​បំណុល តែ​ឈ្មោះ ពៅ កាល់​ម៉ែ​ត បាន​គេចវេស ទើប​គេ​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ​។

សូម​ជម្រាប​ទៀត​ថា លោក ពៅ កាល់​ម៉ែ​ត អគ្គនាយក​ក្រុមហ៊ុន​មួយ​នេះ ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ម្តង​រួច​មក​ហើយ​ដែរ ពាក់ព័ន្ធ​តែ​រឿង​ចាយ​សែក​ស្អុយ ដែល​ការ​ឃាត់ខ្លួន​ពេល​នោះ​លោក ពៅ កាល់​ម៉ែ​ត បាន​ដោះស្រាយ​បញ្ចប់​ជាមួយ​ភាគី​ដើមបណ្តឹង ទើប​លោក​អគ្គនាយក​ក្រុមហ៊ុន បាន​មាន​សេរីភាព​វិញ​។ លើក​នេះ​មិន​អាច​បញ្ចប់​បាន​ទេ ដោយ​លោក ពៅ កាល់​ម៉ែ​ត គ្មាន​ប្រាក់​តម្កល់​ខ្លួន ដើម្បី​ឲ្យ​ម្ចាស់បំណុល​គេ​ជឿ​ទុកចិត្ត ដូច្នោះ​មាន​តែ​ផ្ញើប្រាណ​ក្នុង​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​ពេលវេលា​បើក​សវនាការ​ជំនុំជម្រះ​ទោស​ទៅ​តាម​ផ្លូវច្បាប់​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ