ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​ផលិត​នូវ​ផលិតផល​ម៉ាក​ល្បី​ៗ​សម្រាប់​នាំ​ចេញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​កម្ពុជា​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ផ្តើម​ពិភាក្សា​ទៅ​លើ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៨ ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង មហាជន​ទូទៅ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​កម្ពុជា​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ផ្តើម​ពិភាក្សា​ទៅ​លើ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៨ ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង មហាជន​ទូទៅ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​មាន​ម៉ាក​ផលិតផល​ល្បី​ៗ​អ្វីខ្លះ​ដែល​បាន​និង​កំពុង​ផលិត​តាម​រោងចក្រ​នៅ​កម្ពុជា សម្រាប់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​អា​មេ​រិ​ក​នោះ​ទេ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​បណ្តា​ថ្នាក់ដឹកនាំ​សហជីព​នានា​បាន​បង្ហាញ​ថា ម៉ាក​ផលិតផល​ខោ​ខូ​វ​ប៊​យ សម្លៀក​បំពាក់់ និង​ស្បែកជើង​កីឡា​ល្បី​ៗ​លើ​ពិភពលោក ដូច​ជា H&M​របស់​ប្រទេស​ស៊ុ​យ​អែ​ត​, GAP, Levi Strauss & Co, Adidas  Target, Puma, Magnum, Asics, Cater’s, M&S, Wal-Mart, Tchibo, Polo, Next co, Next Plc, American Eagle, Bond, Primark US, Kappa, Mizuno, Bestseller, Nike, Mothercare, Inditex, Zara, GU​របស់​ជប៉ុន​, UniqloTesco, Marks and Spencer, Banana Republic, C&A, Old Navy, Calvin Klein, Clarks, New Look, Inditex, N Brown Group និង​ម៉ាក​ល្បី​ៗ​ជា​ច្រើន​ទៀត បាន​និង​កំពុង​ផលិត​តាម​រោងចក្រ​នានា​នៅ​កម្ពុជា ។

ប្រមាណ​ជាង​៨០%​នៃ​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា គឺជា​ការ​វិនិយោគ​ដោយ​វិនិយោគិន​បរទេស ដូច​ជា​ចិន​, តៃវ៉ាន់​, សិង្ហ​បុរី និង​វិនិយោគិន​ម៉ា​ឡេ​ស៊ី ជាដើម សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ទៅ​ទីផ្សារ​អឺរ៉ុប និង​អា​មេ​រិ​ក ។ បច្ចុប្បន្ន កម្ពុជា​មាន​រោងចក្រ​កាត់ដេរ​ចំនួន​ប្រមាណ​១.២០០​ដែល​កំពុង​ប្រតិបត្តិការ ក្នុង​នោះ បើ​តាម​អង្គការ​ពលកម្ម​អន្តរជាតិ ហៅ​កាត់​ថា អាយ​ឡូ (ILO) គឺ​មាន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​ចំនួន​៥៨៤​បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​លើ​កម្មវិធី​រោងចក្រ​ល្អ​ប្រសើរ​របស់​អង្គការ​នេះ ។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ី​ណា បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នកបញ្ជា​ទិញ​ដែល​ជា​ម្ចាស់​ម៉ាក​សញ្ញា​ល្បី​ៗ​ទាំងនោះ​តែងតែ​បង្ហាញ​ការ​គាំទ្រ​លើ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​កាតដេរ ប៉ុន្ដែ​ភាគី​ខាង​និយោជក​ដែល​ជា​ថៅកែ​រោងចក្រ បែរជា​មានការ​ត្អូញត្អែរ​ថា បើ​ទោះបីជា​អ្នកបញ្ជា​ទិញ​ទាំងនោះ​បង្ហាញ​ការ​គាំទ្រ​ក៏​ដោយ តែ​ពួក​គេ​មិន​បាន​ដំឡើង​តម្លៃបន្ថែម​លើ​មុខទំនិញ​ដែល​បាន កុម្ម​ង់​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​និយោជក​ពិបាក​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ហើយ​និយោជក​ទាំងនោះ តែងតែ​លើក​ឡើង​ថា ក្រុម​អ្នកបញ្ជា​ទិញ​ដែល​ជា​ម្ចាស់​ម៉ាក​សញ្ញា​ល្បី​ៗ មិន​បង្កើន​តម្លៃបន្ថែម ហើយ​ថែម​ទាំង​កាត់​បន្ថយ​ការ កុម្ម​ង់​ទៀត ។

លោក ប៉ាវ ស៊ី​ណា បន្ថែម​ថា ៖« ក្រុម​សហ ជីព​ធ្លាប់​បាន​ស្នើ​ទៅ​អ្នកបញ្ជា​ទិញ​ម្ចាស់​ម៉ាក​ផលិតផល​ឲ្យ​ជួយ​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​ដល់​កម្មករ​តាម​រយៈ​ការ​បង្កើន​តម្លៃបន្ថែម » ។ 

លោក សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ដែល​មាន​ទំនោ​គាំទ្រ​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា ផលិតផល​របស់​កម្ពុជា​ដែល​នាំ​ចាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​សម្លៀក​បំពាក់​ដែល​មាន​រោងចក្រ​ជាង​៦០% រោងចក្រ​ផលិត​ស្បែកជើង​មាន​ជាង​៧០% និង​រោងចក្រ​ផលិត​កង់​ថ្លៃ​ៗ ។

លោក​បញ្ជាក់​ថា ៖« យើង​ឃើញ​តែ​ប៉ុន្មាន​មុខ​នេះ​ដូច​ជា សម្លៀក​បំពាក់  ផលិត​ស្បែកជើង ផលិត​កង់​ទេ ដែល​មាន​អាទិភាព ប៉ុន្តែ​ក្រៅពី​នេះ ក៏​យើង​មាន​ដែរ តែ​មិន​ច្រើន​នោះ​ទេ » ។

លោក​បញ្ជាក់​ថា ម៉ាក​ផលិតផល​សម្លៀក​បំពាក់​ដែល​ល្បី​ៗ​សម្រាប់​នាំ​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ដូច​ជា លី​វ៉ា​យ​,​ណៃ​គី​,​វ៉​ល់​ម៉ាត់​,​អា​ឌី​ដាស់ និង​ពូ​ម៉ា​ជាដើម​។ លោក​ថា ម៉ាក​Adidas និង Puma ភាគច្រើន​ផលិត​ជា​អាវ និង​ខោ​ប្រភេទ​កីឡា និង​សម្រាប់​លក់​នៅ​ក្រៅប្រទេស​តែ​ប៉ុណ្ណោះ ។

លោក សោម អូន បាន​បន្ថែម​ថា ៖«​ផលិតផល​ម៉ាក​ល្បី​ៗ ត្រូវការ​កម្លាំង​កម្មករ​ច្រើន ដែល​ពេល​ខ្លះ​ក្នុង​រោងចក្រ​មួយ​មាន​រហូត​ដល់​៥​ពាន់​ឬ​៧​ពាន់​នាក់ សម្រាប់​ខ្សែ​សង្វា​ក់​ផលិតកម្ម ។ ដូច្នេះ​វិស័យ​នេះ បាន​ផ្តល់​ការងារ​ច្រើន​ដល់​ប្រជាជន​កម្ពុជា »​។

ទាក់ទិន​នឹង​ការ​នាំ​ចេញ​ផលិតផល​ល្បី​ៗ​ពី​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវ​ឌូ បាន​ឲ្យ​ដឹង​ថា នៅ កម្ពុជា​បាន​ផលិត​ម៉ាក​ល្បី​ៗ​ច្រើន​ប្រភេទ​មែន​។ ទោះបី​យ៉ា​ណា រហូត​មក​ដល់​វេលា​នេះ ទាំង​រូប​លោក និង​មេដឹកនាំ​សហជីព​ពីរ​ផ្សេង​ទៀត មិន​ទាន់​បាន​ជួប​ពិភាក្សា​លើក​ករណី​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ និយោជិត​ឆ្នាំ​២០១៨​នៅឡើយ ៕