ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​សម្រុក​នាំ​​សត្វគោក្របី​ទៅ​ប្រទេស​វៀត​ណាម​​​​ក្នុង​១ថ្ងៃ​៤០០ទៅ​​៥០០ក្បាល​ (វីដេអូ)

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង​ ៖​ មាន​ឈ្មួញ​នាំ​សត្វ​គោក្របី​រាប់រយ​ក្បាល​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក

ខេត្តព្រៃវែង​ ៖​ មាន​ឈ្មួញ​នាំ​សត្វ​គោក្របី​រាប់រយ​ក្បាល​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ស្វាយ​អា​ង៉ោង ភូមិ​ស្វាយ​អា​ង៉ោង​ ឃុំ​ចាម​ ស្រុក​កំពង់ត្របែក​ ។ ​ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ​មក​រា​ ឆ្នាំ​២០២៣ នៅ​ចំណុច​ច្រករបៀង​ស្វាយ​អា​ង៉ោង ​ឃុំ​ចាម​ស្រុក​កំពង់ត្របែក​ ​ខេត្តព្រៃវែង​។​

បើ​តាម​បុរសម្នាក់​បាន​ឲ្យ​ដឹង​ថា គាត់​រស់នៅ​ភូមិ​ចាម​ ឃុំ​កំពង់ត្របែក​ បាន​ឲ្យ​ដឹង​ថា គាត់​ជា​អ្នក​ចិញ្ចឹម​គោ​ក្តាម ក្នុង​១​ក្បាល​លក់​បាន​តម្លៃ​៩០០.០០០​រៀល គាត់​ត្រូវ​បង់​ឲ្យ​មន្ត្រី​ពេទ្យសត្វ​១​ក្បាល​៤,០០០​រៀល​ និង​បង់​ឲ្យ ក្រុមហ៊ុននាំចេញ​១​ក្បាល៥០.០០០​រៀល រីឯ​ក្របី​១​ក្បាល​លក់​បាន៤​លាន​ទៅ​៥​លាន​រៀល ។​

ចំណែក​បុរស​ម្នាក់​មក​ពី​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ថា គោកូនកាត់​១​ក្បាល​លក់​ឱ្យ​វៀតណាម​១​ក្បាល​តម្លៃ៤​លាន​រៀល​ទៅ​៤​លាន​៤​សែន​រៀល ក្នុង​នោះ​ត្រូវ​បង់ពន្ធ​១​ក្បាល​១០​ម៉ឺនរៀល​ បង់​ឲ្យ​ពេទ្យសត្វ​១​ក្បាល​៨​ពាន់​រៀល និង​បង់​សមត្ថកិច្ច​តាម​ផ្លូវ​ពី​ខេត្តកំពង់ធំ​មក​ដល់​ព្រំដែន​ស្វាយ​អា​ង៉ោង​អស់​៥​ម៉ឺន​រៀល​ចំណាយ​ថ្លៃ​រថយន្ត​ដឹកគោ​១០​ក្បាល​អស់​៨០​ម៉ឺន​រៀល​។

ទាក់ទិន​ករណី​នេះ​ដែរ​លោក​ចិន​វិសាល ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​ឲ្យ​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​ចំនួន​០២​គឺ​ក្រុមហ៊ុន អង្គរ​សុខ​រិ​ទ្ធ មាន​ជ័យ និង​ក្រុមហ៊ុន​យុវ​ពាណិជ្ជ មាន​អាជ្ញា​ប​ន័​នាំ​សត្វ​គោក្របី​រស់​ចេញ​ទៅ​ប្រទេស​វៀតណាម​ក្នុង​១​ខែ​ចំនួន​៥​ម៉ឺន​ក្បាល ហើយ​នៅ​ច្រករបៀង​ស្វាយ​អា​ង៉ោង គឺ​មាន​មន្ត្រី​ពេទ្យសត្វ​ចាំ​កាត់​ស្តុក សូម​ឲ្យ​ទាក់ទង​មន្ត្រី​ពេទ្យសត្វ​ទីតាំង​នាំ​ចេញ​នោះ​ទៅ​។ ចំពោះ​មហាជន បាន​លើក​ឡើង​ថា​. ក្រុមហ៊ុន ទាំង​ពី​ខាងលើ បាន​ធ្វើ​ក្រោលគោ ក្រោល​ក្របី ចំនួន​២​កន្លែង​ផ្សេង​គ្នា គឺ​ទី​១ បេន​ក្រោលគោ ក្រោល​ក្របី ស្វាយ​អា​ង៉ោង នៅ​ខាងជើង​ច្រករបៀង​ស្វាយ​អា​ង៉ោង​១០០​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​ស្វាយ​អា​ង៉ោង​ឃុំ​ចាម​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​។ ក្រោល​ទី​២ ជិត​បុ​ស្តិ៍​ន​គ​បាល​វរៈ​ការពារ​ព្រំដែន​គ្រួ​ស (​ច្រករបៀង​ក្រសាំង​ជ្រំ​)​ស្ថិត​នៅ​ភូមិ​ក្រសាំង​ជ្រំ​ឃុំ​គ្រួ​ស​ស្រុក​ស្វាយ​ជ្រំ​ខេត្តស្វាយរៀង​។

​តាម​ប្រភព​បន្ត​ទៀត​ថា នៅ​ក្រសាំង​ជ្រំ ឈ្មួញ​បាន​នាំ​សត្វ​គោក្របី ទាំង​យប់​ទាំង​ថ្ងៃ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​មាន​ពីរ​រូបភាព ពេល​ថ្ងៃ ឈ្មួញ​ដេញគោ ក្របី មក​ឃ្វាល​នៅ​ជិត​ព្រំដែន ជាមួយ​គោក្របី​អ្នកស្រុក ពេល​រសៀល​ម៉ោង​៣​និង​៣០​នាទី ឈ្មួញ​ដេញគោ​ក្របី ចុះ​ទឹក​ព្រែក​ព្រំដែន​ឆ្លង​ទៅ​ប្រទេស​វៀតណាម​តែ​ម្តង​គ្មាន​សមត្ថកិច្ច​ឬ​មន្ត្រី​ពេទ្យសត្វ​ណា​មក​ពិនិត្យ​កាត់​ស្តុក​ទេ​។​ដល់​ពេល​យប់​ឈ្មួញ​ដឹក​សត្វ​គោក្របី ចេញពី​ក្រោល​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​។​ចំណែក​នៅ​ស្វាយ​អា​ង៉ោង​វិញ គឺ​មាន​ក្រោលគោ ក្រោល​ក្របី និង​មាន​ដឹក​តាម​រថយន្ត​ធុន​យក្ស និង​ដឹក​តាម​រថយន្ត​ខ្នាត​២​តោន​កន្លះ និង​គោ​ក្នុងស្រុក​ដឹក​តាម​រ៉ឺ​ម៉ាក​ម៉ូតូ ។

​មហាជន​បាន​លើក​ឡើង​ថា បើ​ក្រុមហ៊ុន​អង្គរ​សុខ​រិ​ទ្ធ​មាន​ជ័យ​និង​ក្រុមហ៊ុន​យុវ​ពាណិជ្ជ មានច្បាប់​នាំ​ចេញ​ក្នុង​១​ខែ​៥​ម៉ឺន​ក្បាល​តើ​មន្ត្រី​ជំនាញ​កាត់​ស្តុក​ឬ​បង់ពន្ធ​យ៉ាងម៉េច​ទាន​។​ទាក់ទិន​ករណី​នេះ​ដែរ លោក​ឧកញ៉ា ជឹ​ម​សុខ ដែល​ម្ចាស់​អាជ្ញា​ប​ន័​នាំគោ​ក្របី ចេញ​ទៅ​ប្រទេស​វៀតណាម បាន​ប្រាប់​កោះសន្តិភាព​ថា ការ​នាំ​ចេញ​សត្វ​គោ ក្របី ទៅ​ក្រៅប្រទេស​បាន​ច្រើន​កាលណា គឺ​កាន់តែ​ប្រសើរ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម គោ ក្របី​និង​ជ្រូក មាន​ទីផ្សារ​នាំ​ចេញ​។​

លោក​ឧ​ញ៉ា​ជឹ​ម​សុខ បន្ត​ថា ក្រុមហ៊ុន​លោក​ប្រមូល​ទិញ សត្វ​គោក្របី តាម​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស ហើយ​ការ​នាំ​ចេញ គឺ​ថ្ងៃ​ខ្លះ​១០០​ក្បាល​ទៅ​១៥០​ក្បាល គឺ​តាម​ឈ្មួញ​វៀតណាម​គេ​មក​ទិញ ។​ដូច្នេះ​បើ​ឈ្មួញ​វៀតណាម​មិន​ទិញ​ត្រូវ​ដាក់​នៅ​ក្នុង​ក្រោល​សិន​ទើប​គោក្របី​នៅ​សល់​ក្នុង​ក្រោល​ច្រើន ហើយ​ការ​នាំ​ចេញ​សត្វ​គោក្របី នៅ​ពេល​យប់ តាម​ច្រករបៀង ដោយ​ភាគី​វៀតណាម​គេ​មិន​ឲ្យ​នាំ​ចេញ​តាម​ផ្លូវត្រង់​នៃ​ច្រក​ទ្វា​ព្រំដែន ទើប​ដឹក​ទៅ​ចុះ​តាម​ព្រែក​ព្រំដែន​។

​លោក​ឧកញ៉ា ជឹ​ម​សុខ បាន​បញ្ជាក់​ថា ក្រោល​នៅ​ក្រសាំង​ជ្រំ​ឃុំ​គ្រួ​ស​ស្រុក​ស្វាយ​ជ្រំ​ខេត្តស្វាយរៀង​គឺ​ម្ចាស់​ក្រុមហ៊ុន​ផ្សេង ហើយ​ចំពោះ​មាន​ឈ្មួញ​ដេញ​ក្របី​បន្លំ​ក្រ​ប៉​គោ​អ្នកស្រុក​រួច​ដេញ​ចុះ​ព្រែក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នោះ គឺ​លោក​មិនដឹង​ថា​ជា​ក្រុមហ៊ុន​ណា​ដែរ​។​

បើ​តាម​មន្ត្រី​ពេទ្យសត្វ​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​ឈ្មួញ​រកស៊ី​នាំ​សត្វ​គោក្របី ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នៅ​ច្រករបៀង​ស្វាយ​អា​ង៉ោង​និង​ក្រសាំង​ជ្រំ​ទាំង​មានច្បាប់​និង​អត់​ច្បាប់​មាន​រហូត​ដល់​២០​ក្រុមហ៊ុន ក៏​ប៉ុន្តែ​គេ​ត្រូវ​បង់​ឲ្យ​ក្រុមហ៊ុន​ដែល​មានច្បាប់​គោ​ក្តាម​១​ក្បាល​៥​ម៉ឺន គោកូនកាត់​១០​ម៉ឺន​រៀល​ក្របី​១​ក្បាល​១០​ម៉ឺន​រៀល ​ហើយ​ក្រុមហ៊ុន​គេ​បែងចែក​ឲ្យ​សមត្ថកិច្ច​ជំនាញ​តាម​ស្ថា​ប​ន័​ដែល​ឈ​ជើង​នៅ​ព្រំដែន​នោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ