ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរណ៍​កម្ពុជា នៅឆ្នាំ២០២៣ នេះ កើន ឬថយ ពឹងលើចិន!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានបើកកិច្ចប្រជុំ លើកទី​៣ នៅថ្ងៃទី១១…

ភ្នំពេញ៖ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានបើកកិច្ចប្រជុំ លើកទី​៣ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។ កិច្ចប្រជុំ​ បានលើកឡើងថា វិស័យ​ទេសចរណ៍របស់​​កម្ពុជា នៅឆ្នាំ២០២៣ នេះ ឡើង ឬចុះ គឺ​ពឹងអាស្រ័យ​លើចិន។​

​ក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី ថោង ខុន លើកឡើងថា ឆ្នាំ២០២២-២០២៣ ជាឆ្នាំនៃដំណាក់កាល​ស្តារទ្បើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩។ ដូច្នេះប្រសិនបើនិន្នាការ​សកលលោក និងតំបន់ កាន់តែមានភាពល្អប្រសើរ ដោយមានការសម្រួលការធ្វើដំណើរ​បន្ថែមទៀត ពិសេសការប្រកាសរបស់ចិន ដកចេញនូវ «គោលនយោបាយ គ្មានកូវីដ»។

លោកក៏បាន​រំពឹងទុក​ថា ក្នុងករណីប្រទេសចិន បន្តនយោបាយកូវីដសូន្យ នោះកម្ពុជា រំពឹងថា នឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ ៣លាន នៅឆ្នាំ២០២៣។ ប៉ុន្តែក្នុងករណីចិន ដកចេញនូវ “គោលនយោបាយគ្មានកូវីដ” (Zero-Covid Policy) នោះកម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤លាន នៅឆ្នាំ២០២៣ ខណៈដែល​ទេសចរផ្ទៃក្នុង យើងសង្ឃឹមថានឹងទទួលបានក្នុងរង្វង់ ១៥លាននាក់ នៅឆ្នាំ២០២៣។  

យ៉ាងណាក៏ដោយ លោកបណ្ឌិត ថោង ខុន បញ្ជាក់ថា ដើម្បីត្រៀមទទួលនូវកំណើនទេសចរ​ទាំងអស់នេះ យើងត្រូវរួមកម្លាំងគ្នា ដើម្បីជំរុញ និងបង្កើនការផ្សព្វផ្សាយកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ នេះ ដូច្នេះ​ការរៀបចំនូវយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា២០២៣” (Visit Cambodia Year 2023) គឺជាការចាំបាច់បំផុត។    

អាស្រ័យហេតុនេះ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យ​ទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ស្នើឡើងនូវការរៀបចំដាក់ចេញ វិធានការគោលនយោបាយអនុវត្តយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា២០២៣” (Visit Cambodia Year 2023) គឺដើម្បីបំផុសឱ្យទៅជាចលនាជាតិមួយ ដើម្បីបំផុសស្មារតី ផ្តល់ក្តីសង្ឃឹមដល់គ្រប់ភាគី​ពាក់ព័ន្ធ ផ្នែកឯកជន និងបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរ ក្នុងដំណើរ “រួមគ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅអនាគត កាន់តែល្អប្រសើរ និងក៏ដូចជាទាំងអស់គ្នាឆ្ពោះទៅប្រារព្ធពិធីព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games 2023 ។  

​លោករដ្ឋមន្រ្តី ក៏បានបង្ហាញនូវការជឿជាក់ថាលទ្ធផលនៃអង្គប្រជុំថ្ងៃនេះ នឹងផ្តល់ជាធាតុចូល​ដ៏សំខាន់ សម្រាប់ដាក់ចេញយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” នេះ ដើម្បីទាញយក​ភ្ញៀវទេសចរ​អន្តរជាតិឱ្យបាន ៤លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងឱ្យបានយ៉ាងតិច ១៥លាននាក់ នៅឆ្នាំ២០២៣៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ