ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំនេះ! ឧស្សាហកម្ម​ឡាន​ជជុះ​ថៃ ព្យាករណ៍​ការ​លក់​កើនឡើង​តិចតួច

1 ឆ្នាំ មុន

ថៃ ៖ សមាគម​ឡាន​ជជុះ​របស់​ប្រទេស​ថៃ ដែល​ហៅ​កាត់​ថា AUC បាន​ព្យាករណ៍​ថា ទីផ្សារ​ឡាន​ជជុះ​

ថៃ ៖ សមាគម​ឡាន​ជជុះ​របស់​ប្រទេស​ថៃ ដែល​ហៅ​កាត់​ថា AUC បាន​ព្យាករណ៍​ថា ទីផ្សារ​ឡាន​ជជុះ​ក្នុង​ប្រទេស​ថៃ នឹង​កើនឡើង ១៥% នៅ​ក្នុងឆ្នាំនេះ បើ​ទោះបីជា​មានការ​ខ្វះខាត​ជា​បន្តបន្ទាប់​នៃ​គ្រឿង​អេ​ឡិច​ត្រូ​និក ដែល​ត្រូវការ​សម្រាប់​ការ​ផលិត​រថយន្ត​ថ្មី យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ The Thaiger ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០ ខែមករា កន្លង​ទៅ​។

កង្វះ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​សម្រាប់​ការ​ផលិត នៅ​ទូ​ទាំង​ពិភពលោក គឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយសារ​តែ​បញ្ហា​វិបត្តិ​នយោបាយ​ឆ្មា និង​កណ្ដុរ​រវាង​ប្រទេស​ចិន និង​តៃវ៉ាន់​។ តៃវ៉ាន់​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា ជាទី​តាំង​នៃ​គ្រឿង​អេ​ឡិច​ត្រូ​និក​ដ៏​ធំ​មួយ​របស់​ពិភពលោក តែ​ជា​អកុសល​សម្រាប់​តៃវ៉ាន់ ដោយសារ​ចិន​មាន​វត្ថុធាតុដើម ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ការ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក ដែល​បាន​បដិសេធ​នៅ​ក្នុង​ការ​ដឹក​បញ្ជូន​។

លោក Pinyo Tanawatcharaporn ប្រធាន​សមាគម​ឡាន​ជជុះ​របស់​ថៃ បាន​និយាយ​ថា កង្វះ​បន្ទះ​ឈី​ប​បាន​ជះ​ឥទ្ធិពល​ដល់​ការ​លក់​រថយន្ត​ស៊េរី​ថ្មី ហើយ​បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត ពន្យារពេល​ការ​ដឹក​ជញ្ជូន​ដល់​អតិថិជន​។ ជាក់ស្តែង អតិថិជន​ជា​ច្រើន​មិន​ចង់​រង់ចាំ​ការ​ដឹក​ជញ្ជូន ដែល​អាច​ពន្យា​ពេល​ចាប់ពី ៦-៨​ខែ ដូច្នេះ​ពួក​គេ​សម្រេចចិត្ត​ទិញ​ឡាន​ជជុះ​ជំនួស​វិញ​។

ក្លិប​ឧស្សាហកម្ម​យានយន្ត​របស់​សហព័ន្ធ​ឧស្សាហកម្ម​ថៃ បាន​ចាត់​ទុក​កង្វះខាត​បន្ទះ​ឈី​ប បាន​បន្ត​ប៉ះពាល់​ដល់​ឧស្សាហកម្ម​រថយន្ត​របស់​ប្រទេស​ថៃ បើ​ទោះបីជា​ស្ថានភាព​គ្រឿង​អេ​ឡិច​ត្រូ​និក​ពិភពលោក មាន​ភាព​ប្រសើរ​ឡើង​កាលពី​ចុងឆ្នាំ​២០២២ ដោយសារ​ការ​ថយ​ចុះ នៃ​តម្រូវការ​សម្រាប់​ផលិតផល​ពី​វិស័យ​ព័ត៌មានវិទ្យា យ៉ាងណា​ក៏​ដោយ​។

កាលពី​ឆ្នាំ ២០២២ ការ​លក់​ឡាន​ជជុះ​នៅ​ក្នុង​ទីផ្សារ​ថៃ បាន​កើនឡើង ១៥% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយ​ឈាន​ដល់​១​លាន​គ្រឿង ពោល​កើនឡើង​ពី ៩០​ម៉ឺន​គ្រឿង​នៅ​ក្នុង​ឆ្នាំ ២០២១​។

ការ​កើនឡើង​នេះ គឺ​មួយ​ផ្នែក ដោយសារ​តែ​ការ​ព្រួយបារម្ភ​អំពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​នាំ​ឱ្យ​គ្រប់​គ្នា​សម្រេចចិត្ត​ទិញ​រថយន្ត​ផ្ទាល់ខ្លួន ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​។

ជំងឺ​កូ​វី​ដ​១៩ បាន​មក​ដល់​ប្រទេស​ថៃ នៅ​ដើមឆ្នាំ ២០២០ ជាមួយ​គ្នា​នោះ អាកប្បកិរិយា​អតិថិជន ក៏​បាន​ផ្លាស់​ប្តូរ​ចាប់តាំងពី​ពេល​នោះ ដោយ​ពួក​គេ​ភាគច្រើន​ព្រួយបារម្ភ​ថា វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ដែល​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។

លោក Pinyo បាន​បន្ត​ទៀត​ថា កំណើន​ទីផ្សារ​ឡាន​ជជុះ​នៅ​ថៃ ជា​ធម្មតា​ទៅ​ក្នុង​ទិស​ដៅ​ផ្ទុយ​ពី​កំណើនសេដ្ឋកិច្ច​។ ប្រសិនបើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ ទីផ្សារ​នឹង​ពង្រីក ប៉ុន្តែ​មនុស្ស​មាន​និន្នាការ​ទិញ​ឡាន​ថ្មី នៅ​ពេល​ដែល​សេដ្ឋកិច្ច​ល្អ​។

ទីផ្សារ​ឡាន​ជជុះ​ថៃ ហាក់ដូចជា​មាន​ទស្សនវិស័យ​ភ្លឺស្វាង​សម្រាប់​ឆ្នាំ ២០២៣ ដោយ​លោក Pinyo បាន​គូសបញ្ជាក់​ថា ការ​កើនឡើង​នៃ​អត្រា​គោលនយោបាយ ដែល​បាន​អនុវត្ត​ដោយ​ធនាគារកណ្តាល​ថៃ កាលពី​ឆ្នាំ​មុន អាច​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេចចិត្ត​របស់​គ្រប់​គ្នា ក្នុង​ការ​ទិញ​ឡាន​ជជុះ ហើយ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​នេះ ធ្វើ​ឡើង​ស្រប​តាម​ការ​សម្រេចចិត្ត​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក ក្នុង​ការ​ដំឡើង​អត្រា​ការ​ប្រាក់ ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​អតិផរណា​។

យោង​តាម​របាយការណ៍​ពី​សមាគម​ឡាន​ជជុះ​ថៃ AUC បាន​បង្ហាញ​ថា ឡាន​ជជុះ គឺ​មាន​តម្លៃ​ទាប​ជាង​ឡាន​ថ្មី ប្រហែល ៣០-៤០% ជាមួយនឹង​ក្រុមហ៊ុន​ចុះបញ្ជី​លក់​ឡាន​ជជុះមាន​ចំនួន​៥​ពាន់ នៅ​ទូ​ទាំង​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ