ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហានិភ័យ​ចំពោះ​ការ​ទិញ​អចលនទ្រព្យ​បង់​រំលស់​កាន់តែ​មាន​ច្រើន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សកម្មភាព​ទិញ​អចលនទ្រព្យ​ដូច​ជា ដីធ្លី ផ្ទះ និង​ខុន​ដូ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ផ្ដល់​សេវា​បង់​រំលស់ ដោយ​មិន​បាន​សិក្សា​ពី​ប្រាក់​ចំណូល​ច្បាស់លាស់​។ ចំណុច​ទាំងនេះ គឺជា

រាជធានី​ភ្នំពេញ ៖ សកម្មភាព​ទិញ​អចលនទ្រព្យ​ដូច​ជា ដីធ្លី ផ្ទះ និង​ខុន​ដូ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ផ្ដល់​សេវា​បង់​រំលស់ ដោយ​មិន​បាន​សិក្សា​ពី​ប្រាក់​ចំណូល​ច្បាស់លាស់​។ ចំណុច​ទាំងនេះ គឺជា​ក្ដី​កង្វល់​មួយ នៅ​ពេល​អ្នកទិញ​បង់​រំលស់​ជួប​ប្រទះ​ហានិភ័យ​អ្វីមួយ ដែល​ចំណូល​ធ្លាក់​ចុះ ពីព្រោះ​ការ​បង់​រំលស់​អចលនទ្រព្យ​ភាគច្រើន​មាន​រយៈពេល​យូរ​ឆ្នាំ ។

លោក​ឧកញ៉ា នួន ឫ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ Khmer Founder Appraisals បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ សកម្មភាព​ទិញ​អចលនទ្រព្យ​បង់​រំលស់​មាន​ច្រើន​គួរសម ព្រោះ​ភាគច្រើន​គ្មាន​លទ្ធភាព​បង់​ផ្ដាច់​ទេ ។ ជាក់ស្ដែង ប្រជាពលរដ្ឋ​ដែល​ចង់​មាន​លំនៅ​ឋាន​ស្នាក់​នៅ គឺ​មួយ​ចំនួន​ធំ​ទិញ​ដោយ​ការ​បង់​រំលស់​ប្រចាំខែ ។

លោក​ឧកញ៉ា​បន្ត​ថា ការ​ទិញ​អចលនទ្រព្យ​ដោយ​បង់​រំលស់ មាន​ទាំង​ផល​ល្អ និង​អាក្រក់​។ ផល​ល្អ ត្រង់​ចំណុច​អ្នក​អភិវឌ្ឍន៍​ផ្ដល់​ឱកាស​ឱ្យ​អ្នកទិញ​មាន​លទ្ធភាព និង​ពេលវេលា​យូរ​ដើម្បី​បង់​ប្រចាំខែ ។ ចំពោះ​ផល​អាក្រក់​វិញ នៅ​ពេល​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្ដល់​ការ​បង់​រំលស់​ជូន​អតិថិជន ដោយ​មិន​សិក្សា​ពី​ប្រភព​ចំណូល​ច្បាស់លាស់ ឱ្យ​តែ​អតិថិជន​ទិញ ដឹង​តែ​លក់​ជូន រួច​ចាប់ផ្ដើម​បង់​ប្រចាំខែ នៅ​ពេល​អនាគត​ប្រាកដជា​មាន​បញ្ហា​ហើយ បើសិនជា​អ្នកទិញ​នោះ​មិន​បាន​គិត​ពី​ប្រាក់​ចំណូល​របស់​ខ្លួន ។

លោក​ឧកញ៉ា​ថ្លែង​ថា ៖« បើ​នៅ​ក្នុង​វិស័យ​ធនាគារ​វិញ មុន​ពេល​ផ្ដល់​កម្ចី​ឥណទាន​ជូន​អតិថិជន គេ​បាន​សិក្សា​ច្បាស់លាស់​ណាស់​ថា អតិថិជន​មាន​ប្រាក់​ចំណូល​ប៉ុន្មាន មាន​លទ្ធភាព​បង់​សង​ត្រឡប់​ទៅ​វិញ​ក្នុង​១​ខែ​ប៉ុន្មាន ទើប​គេ​យល់ ព្រម​ផ្ដល់​ឥណទាន​ក្នុង​ទំហំ​ដែល​បាន​ស្នើ​សុំ បើ​ពុំនោះ​ទេ នឹង​ធ្វើ​ឱ្យ​មាន​វិបត្តិ​កើតឡើង​ចំពោះ​អតិថិជន ហើយ​វា​នឹង​ជះ​ឥទ្ធិពល​ដល់​វិស័យ​ទាំងមូល​ផង​ដែរ » ។

លោក​ឧកញ៉ា​បន្ថែម​ថា អ្នកទិញ​ដោយ​បង់​រំលស់​ត្រូវ​គិត​ថា យីអ៊ុន​មនុស្ស​គ្រប់​គ្នា​មិន​ឡើង​រហូត​ទេ បើ​ទោះបី​ក្នុង​ករណី​ប្រទេស​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ល្អ​ប្រសើរ​រហូត​ក៏​ដោយ ប៉ុន្តែ​យើង​មិន​អាច​ដឹង​ពី​នយោបាយ​នៅ​លើ​ពិភពលោក​ទេ ។ លោក​ឧកញ៉ា​ថា ៖ « បើសិនជា​សេដ្ឋកិច្ច​សកលលោក ជួប​វិបត្តិ​អ្វីមួយ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា បើ​ទោះបីជា​ស្ថិរភាព​នយោបាយ​យើង​ល្អ​ក៏​ដោយ ហើយ​នៅ​ពេល​នោះ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល ក៏​ដូច​ជា​ប្រាក់ខែ អីចឹង​វា​ក៏​នឹង​ធ្វើ​ឱ្យ​ការ​បង់​រំលស់​អចលនទ្រព្យ​របស់​យើង​ជួប​បញ្ហា​ដែរ » ។

លោក​ឧកញ៉ា​បាន​ផ្ដល់​ជា​យោបល់​មួយ​ដល់​អ្នក​ដែល​មាន​បំណង​ទិញ​អចលនទ្រព្យ​បង់​រំលស់​ថា គួរតែ​លៃ​យ៉ាងម៉េច​ឱ្យ​ការ​បង់​រំលស់​ប្រចាំខែ ត្រឹម​៣០%​នៃ​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ​សរុប ដោយ​ទុក​៧០%​សម្រាប់​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​ទៅ​លើ​របស់របរ​ប្រើប្រាស់ ម្ហូបអាហារ និង​ថ្នាំសង្កូវ​នៅ​ពេល​ឈឺ​ថ្កាត់​ជាដើម ។

មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​ថា សេវាកម្ម​បង់​រំលស់​នៅ​កម្ពុជា មិន​ទាន់​មានច្បាប់​គ្រប់គ្រង​ច្បាស់លាស់​នៅឡើយ​ទេ ។

លោក​ជំទាវ ជា សិរី អគ្គនាយក​ធនាគារជាតិ​នៃ​កម្ពុជា ឱ្យ​ដឹង​ថា ដោយសារ​សេវាកម្ម​បង់​រំលស់​នៅ​កម្ពុជា មិន​ទាន់​មាន​ភាពទូលំទូលាយ ទើប​ធនាគារជាតិ​មិន​ទាន់​ចេញ​សេចក្តី​ប្រកាស​ច្បាប់​ណាមួយ​ពាក់ព័ន្ធ​នឹង​សេវាកម្ម​មួយ​នេះ ប៉ុន្តែ​សេដ្ឋកិច្ច​កម្ពុជា​ចេះ​តែ​មាន​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ សេវាកម្ម​បង់​រំលស់​នឹង​កើនឡើង ហើយ​នៅ​ពេល​នោះ អ្នក​ប្រឈម​នឹង​ហានិភ័យ គឺ​អតិថិជន​ដែល​ប្រើប្រាស់​សេវា​តែ​ម្ដង ។

លោក ចាន់ មង្គល អ្នកទិញ​ផ្ទះ​បង់​រំលស់​ក្នុង​បុរី​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ការ​បង្កើត​ឱ្យ​មាន​សេវា​ទិញ​ផ្ទះ​បង់​រំលស់​ពី​ក្រុមហ៊ុន​នានា គឺជា​ការ​ផ្ដល់​ឱកាស​មួយ​ដល់​អ្នក​ដែល​មាន​ចំណូល​ទាប និង​មធ្យម ព្រោះ​ពួក​គាត់​គ្មាន​លុយ​គ្រប់គ្រាន់​ទៅ​បង់​ផ្ដាច់​ទេ ។ មួយវិញទៀត តម្លៃ​ផ្ទះ​នឹង​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​បើសិនជា​មិន​ទិញ​ពី​ពេល​នេះ​ទៅ តម្លៃ​ផ្ទះ​នឹង​កាន់តែ​កើនឡើង ព្រម​ជាមួយ​ទីតាំង​ក៏​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ផង​ដែរ ។

ទន្ទឹម​នឹង​នោះ លោក​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ដែរ​ពី​ការ​ទិញ​បង់​រំលស់​នេះ ដោយ​មិន​បាន​សិក្សា​ពី​ប្រាក់​ចំណូល​ច្បាស់លាស់​ជា​មុន​សិន ។ ម្យ៉ាងវិញទៀត លោក​មើលឃើញ​ថា អ្នកទិញ​ផ្ទះ​មួយ​ចំនួន​ដោយ​គ្មាន​ប្រាក់​កក់​ដូច​លោក​ដែរ មិនមែន​ជា​អ្នក​ចង់​ទិញ​ផ្ទះ​ពិតប្រាកដ​ទេ គឺ​ពួក​គេ​ទិញ​ហើយ​ប្រកាស​លក់​វិញ​យកចំណេញ ក្នុង​នោះ​មាន​អ្នកខ្លះ​ទិញ​ពីរ​បី​ល្វែង​ម្នាក់ឯង ដែល​ជា​កង្វល់​មួយ​នៅ​ថ្ងៃ​អនាគត ៕