ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​5​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​2,3​លាន​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​២,៣​លាន​នាក់ កើនឡើង​១២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​២,៣​លាន​នាក់ កើនឡើង​១២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៦ កក្កដា​ម្សិលមិញ​ថា ក្នុង​ចំណោម​ប្រទេស​ទាំង​១០​ដែល​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ច្រើន​ជាងគេ មាន​ប្រទេស​ខ្លះ​ធ្លាក់​ចុះ ប្រទេស​ខ្លះ​កើនឡើង ប៉ុន្តែ​ភ្ញៀវ​ទេសចរ​មក​ពី​ចិន អឺរ៉ុប កើនឡើង ខណៈ​ដែល​វៀតណាម​បាន​ធ្លាក់​មក​ចំណាត់ថ្នាក់​ទី​២​បន្ទាប់​ពី​ជាប់​លេខ​១​ជា​ច្រើន​ឆ្នាំ ។ លោក​បន្ត​ថា នៅ​ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​អាកាសចរណ៍​ថ្មី​ៗ បាន​ភ្ជាប់​ជើងហោះហើរ​ត្រង់​ម​កម្ពុជា និង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ៗ​ជា​ច្រើន​ទៀត​ត្រៀម​ហោះ​មក​កាន់​កម្ពុជា ។

ជាក់ស្តែង​នៅ​ដើមឆ្នាំ​នេះ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​ដូច​ជា Air Asia, Amirate Airline, Malindo Airline និង​ក្រុមហ៊ុន​អាកាសចរណ៍​ចិន មួយ​ចំនួន​ទៀត​បាន​ប្រតិបត្តិការ​ហោះហើរ​មក​កម្ពុជា ។

រដ្ឋមន្ត្រី​បាន​បន្ត​ថា ៖« ការ​មក​ដល់​របស់​អាកាសចរណ៍​កាន់តែ​ច្រើន កាន់តែ​ល្អ​សម្រាប់​កម្ពុជា ព្រោះ​ការ​មក​ដល់​របស់​អាកាសចរណ៍​ថ្មី​ៗ ជា​ការ​នាំ​មក​នូវ​ភាព​រីក​ចម្រើន​សម្រាប់​កម្ពុជា » ។

ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា លោក​ធួន ស៊ី​ណា​ន បាន​យល់​ស្រប​នឹង​កំណើន​ដែល​លើក​ឡើង​ដោយ​ក្រសួងទេសចរណ៍ ដោយសារ​តែ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ចិន ពិតជា​មាន​កំណើន​ខ្ពស់ បូក​រួម​ទាំង​ការ​មក​ដល់​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត ប៉ុន្តែ​កំណើន​ភ្ញៀវ​អឺរ៉ុប លោក​មិនសូវ​មាន​សុទិដ្ឋិនិយម​នោះ​ទេ ។

លោក​បន្ត​ថា មានការ​លើក​ឡើង​ពី​ក្រុមហ៊ុន​ទេសចរណ៍ និង​សណ្ឋាគារ​ថា មានការ​បាត់បង់​ភ្ញៀវ ប៉ុន្តែ​វា​មិន​មាន​អ្វី​ប្លែក​ទេ ព្រោះ​បាត់​ពី​ក្រុមហ៊ុន​មួយ អាច​កើន​នៅ​ក្រុមហ៊ុន​មួយទៀត ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​ថា តាម​រយៈ​គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​កើន​ឡើងជា​លំដាប់ ដែល​រហូត​មក​ទល់​ពេល​នេះ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៤៤​ហើយ ដែល​បាន​ហោះហើរ​ត្រង់​មក​កម្ពុជា ។ ព្រម​ជាមួយ​នេះ ការ​វិនិយោគ​ពី​បរទេស​កើនឡើង បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​យ៉ាង​រឹង​មាំ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា ក៏​មាន​កំណើន​ដែរ ។

លោក​បន្ត​ថា ៖« ប្រសិនជា​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ ភ្ញៀវ​ទេសចរ​អន្តរជាតិ នឹង​កើន​ដល់​៥,៤​លាន​នាក់​នៅ​ដំណាច់ឆ្នាំ​នេះ ស្រប​តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍ និង​កើន​ដល់​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០» ៕