ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​សម្លឹង​ឃើញសមាសភាព​សក្តិ​សម​តំណែង​ប្រធាន​អាណត្តិ​ថ្មី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​អាណត្តិ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​នឹង​បញ្ចប់​នៅ​ដំណាច់ខែ​មិថុនា​នេះ លោក​សុះ ម៉ាច បាន​បង្ហើប​ពី​សមាសភាព​អ្នកសិល្បៈ​មួយ​ចំនួន​ដែល​លោក​យល់​ថា សក្តិ​សម​សម្រាប់​តំណែង​ប្រធាន​

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​អាណត្តិ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​នឹង​បញ្ចប់​នៅ​ដំណាច់ខែ​មិថុនា​នេះ លោក​សុះ ម៉ាច បាន​បង្ហើប​ពី​សមាសភាព​អ្នកសិល្បៈ​មួយ​ចំនួន​ដែល​លោក​យល់​ថា សក្តិ​សម​សម្រាប់​តំណែង​ប្រធាន​សមាគម​ក្នុង​អាណត្តិ​ថ្មី ។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច បាន​ប្រ​កូក​ប្រកាស​ដល់​បណ្តា​អ្នកសិល្បៈ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ឲ្យ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ភោជនីយដ្ឋាន​បឹង​មាស​តំបន់​ព្រែក​លាប ។

លោក​សុះ ម៉ាច រំពឹង​ថា ប្រធាន​ថ្មី​ដែល​នឹង​ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ​នា​អាណត្តិ​ទី​៥ គឺជា​បុគ្គល​មួយ​រូប​ដែល​សក្តិ​សម និង​មាន​សមត្ថភាព  មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការងារ​។ បុគ្គល​មួយ​ចំនួន​ដែល​លោក​សម្លឹង​ឃើញ​រួច​ហើយ ដែល​សុទ្ធតែ​អាច​មាន​សមត្ថភាព​ដឹកនាំ ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​ពួក​គេ​អាច​ជួយ​ដល់​សមាគម​សិល្បករ​ខ្មែរ ឬ​យ៉ាងណា ។

បើ​តាម​លោក​សុះ ម៉ាច អ្នកសិល្បៈ​ដែល​សក្តិ​សម​បំផុត​នោះ​មាន​ដូច​ជា​អតីត​តារា​កំប្លែង​នាយ​ឃ្លោក លោក​សុវណ្ណ រិ​ទ្ធី ហៅ​តា​វិច​ទ័​រ លោក​ព្រាប សុវត្ថិ លោក​ណូ​យ វ៉ា​ន់​ណេ​ត អ្នក​នាង​យុគ​ចិន្តា និង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​ជាដើម​។ «​បុគ្គល​ខាងលើ​នេះ​គឺជា​អ្នក​សក្តិ​សម​បំផុត​សម្រាប់​ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ ព្រោះ​កន្លង​មក​ពួក​គាត់​ទាំងនេះ​សុទ្ធតែ​ធ្លាប់​ដើរ​ធ្វើ​ការងារ​សប្បុរសធម៌​ជា​បន្តបន្ទាប់ ។ ពួក​គាត់​ធ្លាប់​បាន​ប្រាប់​ពី​គោលបំណង​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​ជាមួយ​សមាគម​ដើម្បី​ធ្វើ​កិច្ច​ការងារ​សប្បុរសធម៌ ផ្សេង​ៗ ប៉ុន្តែ​យើង​មិនដឹង​ថា ពួក​គាត់​នឹង​ចូលរួម​ជាមួយ​សមាគម​នៅ​ពេល​ណា​នោះ​ឡើយ ។

ការ​ដឹកនាំ​សមាគម​មួយ​នេះ​គឺ​ទាមទារ​ឲ្យ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ចូលរួម​អភិរក្ស និង​អភិវឌ្ឍន៍​សិល្បៈ​ខ្មែរ ជា​បុគ្គល​ដែល​ស្មោះត្រង់​ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា និង​ជា​មនុស្ស​ដែល​មានកេរ្តិ៍ឈ្មោះ​ល្អ​ទាំង​ក្នុង​សិល្បៈ និង​សង្គម ហើយ​ជា​ពិសេស​នោះ​គឺ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ដឹកនាំ​សមាគម » ។

ក្នុង​នាម​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​សុះ ម៉ាច បាន​អំពាវនាវ​ឲ្យ​សិល្បករ​ខ្មែរ​ទាំងអស់​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​នៅ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី ដើម្បី​អាច​ជ្រើសរើស​អ្នកដឹកនាំ​មួយ​រូប​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ដឹកនាំ​អ្នកសិល្បៈ​ឲ្យ​មានការ​រួបរួម​គ្នា​មួយ​កម្រិត​ទៀត ៕