ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​បង្កើត​គោលនយោបាយ​ជាតិ​សម្រាប់​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​ពិភាក្សា លើ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ ស្តី​ពី ការ​លើកទឹកចិត្ត និង​ការ​បង្កើត​គោលនយោបាយ​សម្រាប់​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ ។

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​ពិភាក្សា លើ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ ស្តី​ពី ការ​លើកទឹកចិត្ត និង​ការ​បង្កើត​គោលនយោបាយ​សម្រាប់​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក វ​ង្សី វិស្សុត បាន​ថ្លែង​បន្ទាប់​ពី​បើក​កិច្ចប្រជុំ​នៅ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ នា​ព្រឹក​ថ្ងៃ​ទី ២២ ខែមិថុនា ថា ទស្សនវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​លើកទឹកចិត្ត និង​ការ​បង្កើត​កម្មវិធី​គោលនយោបាយ​ជាតិ សម្រាប់​ការ​អភិវឌ្ឍ​លំនៅ​ឋាន​ដែល​មាន​តម្លៃ​សមរម្យ សំដៅ​ធ្វើ​ឲ្យ​ប្រជាជន​ទូ​ទាំង​ប្រទេស មាន​លំនៅ​ឋាន​សមរម្យ អាច​រស់នៅ​បាន​ប្រកបដោយ​សុខុមាលភាព​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ ។

លោក​បន្ត​ទៀត​ថា គោលបំណង និង​គោលដៅ​ធំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​ចំណែក​ដល់​ការ​ទទួល​បាន​លំនៅ​ឋាន​សមរម្យ សម្រាប់​ក្រុម​គ្រួសារ​ដែល​មាន​ចំណូល​ទាប និង​មធ្យម ហើយ​ជា​កា​រលើ​កម្ពស់​សុវត្ថិភាព នៃ​ការ​កាន់កាប់​លំនៅ​ឋាន ការ​ពង្រឹងគុណភាព និង​បង្កើន​ការ​ទទួល​បាន​សេវា​ទឹក ភ្លើង និង​អគ្គិសនី​ជាដើម ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បញ្ជាក់​ទៀត​ថា គោលដៅ​នៃ​ការ​សង់​លំនៅ​ឋាន​តម្លៃ​សមរម្យ ដោយ​ប្រើប្រាស់​យន្តការ​ភាព​ជា​ដៃគូ​រដ្ឋ និង​ឯកជន ហើយ​បង្កើត​ឲ្យ​មានការ​កម្ចីអនុគ្រោះ​សម្រាប់​ទិញ និង​ជួសជុល​លំនៅ​ឋាន ដោយ​ផ្តល់​កម្ចី​វែង និង​មានការ​ប្រាក់​សមរម្យ សម្រាប់​ប្រជាពលរដ្ឋ​មាន​ចំណូល​ទាប និង​មធ្យម ។

គម្រោង​លំនៅ​ឋាន​សាធារណៈ​មាន​តម្លៃ​សមរម្យ​សម្រាប់​មហាជន​រួម​ទាំង​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​លេច​ចេញ​ជា​រូបរាង​ហើយ​នៅ​ឆ្នាំ​២០១៧​នេះ ។

លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ថា ជាមួយនឹង​កំណើនសេដ្ឋកិច្ច នគរូបនីយកម្ម​ក៏​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ព្រោះ​តាម​ការ​សិក្សា​របស់​ក្រសួង អំពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ចំនួន​ប្រជាជន​រស់នៅ​រាជធានី ក្រុង និង ទីប្រជុំជន​នៅ​ឆ្នាំ​២០១៤ មាន​ចំនួន​៤,៥​លាន​នាក់ ស្មើនឹង​២៧,១% និង​បន្ត​កើនឡើង​ដល់​៧,៩២​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ស្មើនឹង​៤៤%​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប ។

តាម​ទិន្នន័យ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សម្រាប់​រយៈពេល​១៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១៥ ដល់​២០៣០ តម្រូវការ​លំនៅ​ឋាន​សម្រាប់​រាជធានី ក្រុង និង​ទីប្រជុំជន​មាន​ប្រមាណ​៨០​ម៉ឺន​លំនៅ​ឋាន ដែល​គិត​ជា​មធ្យម​មាន​តម្រូវការ​ប្រមាណ​៥​ម៉ឺន​លំនៅ​ឋាន​ក្នុង​មួយ​ឆ្នាំ ។

លោក ប៉ែន សុផល បាន​បន្ត​ថា ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ក្រសួង​បាន​និង​កំពុង​សកម្ម​អនុវត្ត​គោលនយោបាយ​ជាតិ ស្តី​ពី​ការ​រៀបចំ​ដែនដី ក្នុង​ការ​កសាង​ផែនការ​រៀបចំ​ដែនដី​ប្លង់​គោល និង​ផែនការ​ប្រើប្រាស់​ដី​គ្រប់​កម្រិត និង​គោលនយោបាយ​ជាតិ​ស្តី​ពី​លំនៅ​ឋាន ពិសេស​លំនៅ​ឋាន​ដែល​មាន​តម្លៃ​សមរម្យ​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម ចំណូល​ទាប និង​ជន​ងាយ​រង​គ្រោះ ដើម្បី​ធានា​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សមធម៌ ៕