ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​វៀតណាម​​មកលក់ដីខ្មែរ​ សប្បាយដៃខ្លាំង​ណាស់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មានការ​កត់​សម្គាល់ថា រាល់​ថ្ងៃនេះ ​ក្រុម​ឈ្មួញ​បាន​នាំ​ជ្រូក​វៀតណាម​ចូល​មក​លក់​ចែកចាយ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​យ៉ាង​គគ្រឹកគគ្រេង ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ទេ​ ។ ក្រុមហ៊ុន​ដែល​នាំ​ជ្រូក​ចូល​មាន​៣​ក្រុមហ៊ុន ហើយ​ក្នុង​មួយ​ថ្ងៃ​ ត្រូវ​បាន​នាំ​ចូល​ប្រមាណ​ជាង​២០០​ក្បាល​ ជា​ហេតុ​ធ្វើ​ឱ្យ​ទីផ្សារ​ជ្រូក​ក្នុងស្រុក​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ។

ខេត្តបន្ទាយមានជ័យ ៖ មានការ​កត់​សម្គាល់ថា រាល់​ថ្ងៃនេះ ​ក្រុម​ឈ្មួញ​បាន​នាំ​ជ្រូក​វៀតណាម​ចូល​មក​លក់​ចែកចាយ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​យ៉ាង​គគ្រឹកគគ្រេង ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ទេ​ ។ ក្រុមហ៊ុន​ដែល​នាំ​ជ្រូក​ចូល​មាន​៣​ក្រុមហ៊ុន ហើយ​ក្នុង​មួយ​ថ្ងៃ​ ត្រូវ​បាន​នាំ​ចូល​ប្រមាណ​ជាង​២០០​ក្បាល​ ជា​ហេតុ​ធ្វើ​ឱ្យ​ទីផ្សារ​ជ្រូក​ក្នុងស្រុក​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​រយៈពេល​ជាង​២​ទៅ​៣​ខែ​មកនេះ ឃើញ​មាន​សកម្មភាព​នាំ​ជ្រូក​វៀត​ណាម​ចូល​មក​លក់​ចែកចាយ​យ៉ាង​គគ្រឹកគគ្រេង ខណៈ​ឃើញ​សារព័ត៌​មាននៅ​ប្រទេស​ចិន​បាន​កប់​ជ្រូក​និង​គោ​-​ក្របី​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម ហើយ​ច្រក​នាំ​ចេញ​ទៅ​ចិន​ត្រូវ​បាន​បិទ ដូច្នេះ​ជ្រូក​វៀតណាម​ទាំងនោះ​ក៏​ហូរ​ចូល​មក​ស្រុក​ខ្មែរ​តែ​ម្តង ។

ប្រជា​កសិករ​ និង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​បាន​ប្រាប់​ថា កាលពី​ឆ្នាំ​២០១៦ និង​ដើមឆ្នាំ​២០១៧​កន្លង​ទៅ ទាំង​ប្រជា​កសិករ​និង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​លក់​បាន​ក្នុង​តម្លៃ​សមរម្យ អាច​នឹង​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ក្នុង​ប្រទេស​បាន ។ ប៉ុន្តែ​រយៈ​ពេល​២​ទៅ​៣​ខែ​នេះ ​ក្រោយ​ពេល​ឈ្មួញ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​មក​លក់​ចែកចាយ​យ៉ាង​គគ្រឹកគគ្រេង ធ្វើ​ឱ្យ​ទីផ្សារ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​ដូច​ជា​ជ្រូក​ប្រជា​កសិករ​ចិញ្ចឹម និង​ជ្រូក​កសិដ្ឋាន​នានា​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​លក់​ជ្រូក​រស់​១​គីឡូក្រាម តម្លៃ​៦.៥០០​រៀល ហើយ​គ្មាន​អ្នកទិញ​ទៅ​ទៀត ។ អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​បាន​សំណូមពរ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ជំនាញ​មាន​វិធានការ​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង ដើម្បី​លើកកម្ពស់​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​និង​កាត់​បន្ថយ​ការ​ចំណាកស្រុក​របស់​អ្នកស្រុក ។

លោកហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ទូ​ទាំង​ខេត្ត​ក្នុង​ឆ្នាំ​២០១៧​នេះ​មាន​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​សរុប​ប្រមាណ​ជាង​៨​ម៉ឺន​ក្បាល ក្នុង​នោះ​មាន​កសិដ្ឋាន​ចំនួន​៦​កន្លែង និង​ប្រជាពលរដ្ឋ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ផង​ដែរ ។ ការ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​បើ​ប្រៀបធៀប​ឆ្នាំ​២០១៦​និង​២០១៧ មានការ​ថយ​ចុះ​ប្រមាណ​២០% ហើយ​ទីផ្សារ​លក់​ជ្រូក​ក្នុងស្រុក​ជ្រូក​រស់ ជ្រូក​កសិដ្ឋាន​១​គីឡូក្រាម​តម្លៃ​៦.៨០០​រៀល និង​ជ្រូក​ប្រជា​កសិករ​ចិញ្ចឹម​១​គីឡូក្រាម តម្លៃ​៦.៦០០​រៀល រីឯ​ជ្រូក​វៀតណាម​១​គីឡូក្រាម​តម្លៃ​៦.៤០០​រៀល ។

លោក​បាន​បញ្ជាក់​ថា ជ្រូក​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​មក​ចែកចាយ​ក្នុង​ខេត្ត មួយ​ថ្ងៃ​មាន​២១០​ក្បាល​ដែល​មាន​៣​ក្រុមហ៊ុន​នាំ​ចូល​។ ការ​នាំ​ចូល​ជ្រូក​វៀតណាម​លក់​ចែកចាយ​ក្នុង​ខេត្តបន្ទាយមានជ័យ គឺ​មានការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ហើយ​មាន​លិខិត​ស្នាម​និង​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការ​នាំ​ចូល​ទើប​លក់​ចែកចាយ​បាន ។

លោក ហ៊ុយ ទូច បាន​បញ្ជាក់​ថា កាលពីមុន​ជ្រូក​ថៃ​ត្រូវ​ឈ្មួញ​នាំ​ចូល​មក​លក់​ចែកចាយ​ក្នុង​ខេត្ត តែ​ក្រោយ​ពេល​ជ្រូក​វៀតណាម​នាំ​ចូល​លក់​ក្នុង​តម្លៃ​ទាប​ជាង ឈ្មួញ​ក៏​លែង​នាំ​ចូល​ជ្រូក​ថៃ​ទៅ និង​កំពុង​ប៉ះពាល់​ទីផ្សារ​ជ្រូក​ក្នុងស្រុក​រហូត​ដល់​ពេល​នេះ ។ លោក ថង ធី​ណា ប្រធាន​មន្ទីរ​ពាណិជ្ជ កម្ម​ខេត្ត​បាន​បញ្ជាក់​ថា បញ្ហា​ទីផ្សារ​ជ្រូក ក្នុងស្រុក​នៅ​ឆ្នាំ​២០១៧​នេះ​មានការ​ធ្លាក់​ចុះ​រហូត​ដល់​ប្រជា​ពលរដ្ឋ​ខ្លះ​ដែល​ធ្លាប់​ចិញ្ចឹម​ជ្រូក​ក៏​បោះបង់​ការ​ចិញ្ចឹម ងាក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ ព្រោះតែ​ជ្រូក​វៀតណាម​នាំ​ចូល​យ៉ាង​គំហុក​វាយលុក​ក្នុង​ទីផ្សារ​ខេត្ត​មួយ​នេះ ៕