«Mirror»ផ្សាយថាលោកFolarin Alakijaកូនប្រុសរបស់លោកស្រីFolorunsho Alakijaមហាសេដ្ឋីប្រេង អាយុ៦៦ឆ្នាំ បានរៀបការជាមួយនាងNazamin Jafarian Ghaissarifarតារាបង្ហាញម៉ូដជនជាតិអីុរ៉ង់ នៅព្រះរាជវាំង«ប្ល៊េនណេម»ក្រុងវូដស្តុក ចក្រភពអង់គ្លេស ដោយចំណាយប្រាក់៦,១លានដុល្លារ ។
លោកAlakijaមានកូនម្នាក់ ដោយប្រពន្ធស្លាប់ព្រោះជំងឺមហារីកបានចំណាយប្រាក់ដ៏សន្ធឹកសន្ធាប់ចំនួន១,១លានដុល្លាររចនាសម្រាប់ពិធីមង្គលការរបស់ខ្លួន ។
ភ្ញៀវដែលចូលរួមអាពាហ៍ពិពាហ៍ដ៏មហោឡារិកនោះបានទស្សនាការសម្តែងរបស់លោកRobin Thickeតារាចម្រៀងដ៏ល្បីជនជាតិអាមេរិកដែលជួលក្នុងតម្លៃប្រហែល១៥០.០០០ផោន ។ អាហាររបស់ភ្ញៀវអាចមានតម្លៃខ្ពស់ជាងអាហារធម្មតាប្រហែល៥២ផោនក្នុងម្នាក់ ។
ចំពោះនំខេកសម្រាប់អាពាហ៍ពិពាហ៍តុបតែងលម្អដោយផ្កាកុលាបយ៉ាងស្រស់ស្អាតមានកម្ពស់៨ជាន់ តម្លៃប្រហែល២៤០០ផោន ឬ២.៩០០ដុល្លារ ។
លោកស្រីFolorunsho Alakijaមហាសេដ្ឋីស្បែកខ្មៅជនជាតិនីហ្សេរីយ៉ាមានទ្រព្យសម្បត្តិសរុប១.៧០០លានផោន ដោយទស្សនាវដ្តី«Forbes»បានរៀបចំណាត់ដល់លោកស្រីមានទ្រព្យស្តុកស្តម្ភបំផុតនៅនីហ្សេរីយ៉ា និងជាអ្នកមានទ្រព្យស្ថិតនៅលំដាប់ទី១៤ក្នុងទ្វីបអាហ្វ្រិក ។
ចំណែកលោកFolarin Alakijaជាអ្នកជំនួញ និងជាអ្នកថតភាពយន្តបញ្ជាក់ថា លោកបានជួបនាងNazaninតាមរយៈមិត្តភក្តិនៅក្រុងឡុងដ៍គឺជាតារាបង្ហាញម៉ូដបានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មពីមហាវិទ្យាល័យម៉េនឆេស្ទ័រ រួមទាំងបញ្ចប់ការសិក្សាផ្នែកច្បាប់ ។ បច្ចុប្បន្ននាងបំពេញតួនាទីជាតារាបង្ហាញម៉ូដ និងជាទីប្រឹក្សាផ្នែកទីផ្សារ ៕
ចែករំលែកព័តមាននេះ