ខេត្ដកំពង់ចាម ៖ មន្ដ្រីជំនាញបានធ្វើការស្ដីបន្ទោសដល់រោងចក្រដែលមានកម្មករជាង១០០នាក់ ដួលសន្លប់ថា ការណែនាំពីជំនាញ ក្រសួងបរិស្ថានមិនត្រូវបានមេការរបស់រោងចក្រកាត់ដេរសំលៀកបំពាក់សួនឧស្សាហកម្ម “មេនហាតថេន” ស្ដាប់ និងអនុវត្ដតាមឡើយ ទើបបណ្ដាលឱ្យកម្មករ-កម្មការិនីដួលសន្លប់ជា បន្ដបន្ទាប់ដោយក្នុងរយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ មានរហូតដល់ទៅ១២៩នាក់ ដែលបញ្ហានេះ មកពីថៅកែរោងចក្រកេងចំណេញដោយបិទម៉ាស៊ីនបូមខ្យល់ និងមិនបើកបង្អួចឱ្យអស់ ។
លោកហេង ណារ៉េត ប្រធាននាយកដ្ឋាន បំពុល និងទីប្រឹក្សាក្រសួងបរិស្ថាន បានឱ្យកោះសន្ដិភាពដឹងនាល្ងាចថ្ងៃទី១៦ សីហា ២០១០ ថា ព្រឹកថ្ងៃទី១៥ សីហា ត្រូវនឹងថ្ងៃអាទិត្យ ដែលពុំមានកម្មការិនីចូលធ្វើការនៅក្នុងសួន ឧស្សាហកម្មមេនហាតថេននោះ រូបលោកបាន ចុះទៅពិនិត្យរួមជាមួយស្ថាប័នមន្ទីរពាក់ព័ន្ធមួយចំនួនក្នុងខេត្ដ ដោយតំរូវឱ្យរោងចក្របើកង្អួចទាំងអស់ និងកង្ហារបូមខ្យល់ចេញ ដើម្បីសាកល្បងនៅព្រឹកថ្ងៃទី១៦ សីហា ។ លោក មានប្រសាសន៍បន្ដថា ក្នុងរយៈពេលដែលកំពុងធ្វើការសាកល្បង គឺរូបលោកបានឱ្យភាគីខាងរោងចក្រធ្វើការទំនាក់ទំនងជាមួយលោកឱ្យបានជាប់ជាប្រចាំ ដើម្បីតាមដានមើលក្រែង មានបញ្ហាថប់ខ្យល់បណ្ដាលឱ្យកម្មការិនីដួល សន្លប់ទៀត ។
ស្រាប់តែនៅវេលាម៉ោង៩និង ៣០នាទីព្រឹក ថ្ងៃទី១៦ សីហា លោកបានទទួលដំណឹងថា មានកម្មការិនីដួលសន្លប់បន្ដទៀត ភ្លាមនោះរូបលោកបានប្រញាប់ប្រញាល់ចេញពីរាជធានី ចុះទៅពិនិត្យមើលម្ដងទៀតឃើញថា ភាគីខាងរោងចក្រមិនព្រមអនុវត្ដទៅតាមការណែនាំរបស់លោកឡើយ ដោយមិនបានបើក បង្អួច និងម៉ាស៊ីនបូមខ្យល់ទាំងស្រុងទេ ទើបលោកបញ្ជាឱ្យផ្អាកដំណើរការជាបន្ទាន់ ។ ឆ្លងតាមការពិនិត្យជាលើកទី២ ត្រង់ចំណុចដែលមានកម្មការិនីពុលដួលសន្លប់ច្រើននោះឃើញថា ខ្វះអុកស៊ីហ្សែន ប៉ុន្ដែពេលលោកឱ្យបើកបង្អួចអស់ និងចុចកុងតាក់បើកម៉ាស៊ីនបូមខ្យល់ ឃើញថា កំរិតខ្យល់នៅត្រង់កន្លែងនោះមានគ្រប់គ្រាន់វិញ ។
លោកហេង ណារ៉េត ប្រធាននាយកដ្ឋាន បំពុល និងទីប្រឹក្សាក្រសួងបរិស្ថានបានបញ្ជាក់ថា ករណីកម្មការិនីពុលដួលសន្លប់នេះមិនមែន ទើបតែកើតមានលើកទី១ នៅខេត្ដកំពង់ចាមនេះទេ គឺនៅភ្នំពេញក៏កើតមានជាច្រើនលើក មកហើយដែរ ។ កត្ដាភ័យខ្លាចស្ទើរតែពាក់កណ្ដាលគួបផ្សំនឹងសុខភាពមិនអំណោយផលផងនោះ ក៏ជាហេតុបណ្ដាលឱ្យសន្លប់ក៏មាន ហើយបើតាមលក្ខណៈបច្ចេកទេសជាទូទៅ ការវាស់ខ្យល់អុកស៊ីហ្សែន គឺមិនឱ្យតូចជាង២០ភាគរយទេ ។ ម្យ៉ាងទៀតពេលកម្មការិនី ចូលមកធ្វើការមានគ្នាដល់ទៅ៩០០នាក់ នឹងអាចធ្វើឱ្យអុកស៊ីហ្សែននៅខាងក្នុងអគារកាត់ ដេរមានការប្រែប្រួល ដូច្នេះបើពុំនោះទេ ពេលយើងម្នាក់ៗដកដង្ហើមចេញមកធ្វើឱ្យ កំហាប់ជាតិពុលមានការកើនមិនសមាមាត្រនឹងគ្នា ។ សំខាន់បំផុតនោះ ធ្វើយ៉ាងណាឱ្យខ្យល់បក់ចូលឆាប់បានចេញវិញ ។
លោកប្រធាននាយកដ្ឋានបំពុលបានបន្ថែមតាមទូរស័ព្ទថា នាព្រឹកថ្ងៃទី១៧ សីហា រូបលោកបានឈរនៅជាមួយនឹងកម្មការិនី ដើម្បីពិនិត្យមើលបន្ថែមទៀត រហូតមកដល់ម៉ោង១១ព្រឹក ពុំឃើញមានកម្មការិនីនៅវេនទី១ ណា ម្នាក់ដួលសន្លប់នោះទេ ។ ទោះបីជាយ៉ាងណា លោកនឹងនៅតាមដាន២វេនទៀត ធ្វើយ៉ាងណាឱ្យថៅកែរោងចក្រអនុវត្ដតាមការណែនាំរបស់ ក្រសួងបរិស្ថានឱ្យបាន១០០ភាគរយ ដោយមិនឱ្យមានជាលើកទី២ទៀតទេ ។ លោកបានសង្កត់ធ្ងន់ថា បើភាគីខាងរោងចក្រមិនធ្វើតាមទេនោះ នឹងត្រូវទទួលការផាកពិន័យទៅតាមផ្លូវច្បាប់ជាកំហិត ។ លោកសំ សីហា ប្រធានរដ្ឋបាលរោងចក្រមេនហាតថេន បានប្រាប់តាមទូរស័ព្ទថា នៅក្នុងអគារទូប៉ាងថ្មីមានកង្ហារបូមខ្យល់ ឯអគារចាស់នៅទល់មុខមានកង្ហារ និងម៉ាស៊ីនត្រជាក់ប្រើប្រាស់ជាច្រើនឆ្នាំមកហើយ ។
លោកចេង ហ៊ាង ប្រធានមន្ទីរការងារខេត្ដ ប្រាប់ថា កម្មករ កម្មការិនីដែលដួលសន្លប់កាល ពីយប់ថ្ងៃទី១២, ១៣, ១៤ និងព្រឹកថ្ងៃទី១៦ សីហា សរុបទាំងអស់មានចំនួន១២៩នាក់ ។ ចំពោះអគារទូប៉ាងថ្មី ពីមុនមានម៉ាស៊ីនត្រជាក់ លុះពេលខូចគ្មានគ្រឿងបន្លាស់បានដាក់ម៉ាស៊ីន បូមខ្យល់ និងកង្ហារជំនួសវិញ តែមិនបានស្រួលដូចដើមទេ ៕
ចែករំលែកព័តមាននេះ