ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អុល សំអាង បង្ហាញ​ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ​ក្រុម​លោក​មានឱកាស​ម្តែ​ង​តាម​កញ្ចក់​ទូរទស្សន៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុម​សិល្បៈ​ល្ខោនបាសាក់​មហាជន អុល​សំអាង​វង់​ទី​១ រាជធានី​ភ្នំពេញ បាន​លើក​ឡើង​នូវ​លក្ខណៈ​ពិសេស នៃ​ការ​សម្តែង​របស់​ក្រុម​លោក​មួយ​ចំនួន​ដែល​ជា​ហេតុ​នាំ​ឲ្យ​ក្រុម ត្រូវ​បាន​ផ្តល់​ឱកាស​បង្ហាញ​ការ​សម្តែង​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ជា​បន្តបន្ទាប់​។

លោក អុល សំអាង បាន​បញ្ជាក់​ថា ការ​ខិតខំ​ប្រឹងប្រែង ការ​តស៊ូ ភាព​ស្មោះត្រង់ ជា​ពិសេស​ការ​សម្តែង​ដែល​មាន​អ្នកជំនាញ​ច្បាស់លាស់ និង​រក្សា​ទម្រង់​ដើម​នៃ​ល្ខោនបាសាក់​នោះ​ជា​មូលហេតុ​ចម្បង និង​សំខាន់​ដែល​នាំ​ឲ្យ​ក្រុម​របស់​លោក​អាច​ឆក់​បាន​ឱកាស​សម្តែង​តាម​ការ​កញ្ចក់​ទូរទស្សន៍​ជា​បន្តបន្ទាប់​។

លោក អុល សំអាង បាន​អះអាង​បន្ត​ថា បច្ចុប្បន្ន ក្រុម​ល្ខោនបាសាក់​របស់​លោក​ត្រូវ​បាន​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផ្តល់​ឱកាស​ឲ្យ​សហការ​ជាមួយ​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​ក្នុង​ការ​រៀបរៀង​ល្ខោនបាសាក់ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទុកជា​គំរូ និង​ឯកសារ និង​ជា​ការ​ចូលរួម​ការ​អភិវឌ្ឍន៍ និង​អភិរក្ស​សិល្បៈ​វប្បធម៌​ខ្មែរ​។

លោក​បញ្ជាក់​ថា ជា​ការ​ពិត​ការ​ល្ខោនបាសាក់ គឺ​មានការ​ពិបាក​ណាស់​នៅ​ក្នុង​ការ​ចងក្រង និង​ប្រមែប្រមូល​ជា​ក្រុម​មួយ​ឡើង ប៉ុន្តែ​ក្រុម​របស់​លោក​នៅ​តែ​ព្យាយាម​បង្កើត​ក្រុម​នេះ​ឡើង ដោយ​រក្សា​ទម្រង់​ដើម​នៃ​ល្ខោនបាសាក់ ដើម្បី​ធ្វើ​ជា​គំរូ ដើម្បី​ចូលរួម​អភិ​វ​ឌ្ឃ​ន៍ លើកកម្ពស់​វិស័យ​សិល្បៈ​ល្ខោនបាសាក់​ខ្មែរ​។

យ៉ាងណា បើ​តាម លោក អុល សំអាង ថា ក្នុង​ពេល​ដែល​ក្រុម​របស់​លោក​បាន​ខិតខំ​ផ្សព្វផ្សាយ​ការ​សម្តែង​តាម​ទម្រង់​ដើម​នៃ​ល្ខោនបាសាក់​ខ្មែរ​នា​ពេល​នេះ លោក​ក៏​បាន​សង្កេត​ឃើញ​មាន​ក្រុម​វង់​ល្ខោន​មហាជន​មួយ​ចំនួន​បាន​កែប្រែ​ទម្រង់​ល្ខោនបាសាក់ ដោយ​មានការ​ខុសឆ្គង ដែល​នោះ គឺ​ក្តី​បារម្ភ​។

លោក​បញ្ជាក់​ថា តាម​ការ​កត់សម្គាល់ លោក​ឃើញ​មាន​វង់​ល្ខោនបាសាក់​មហាជន​មួយ​ចំនួន​បាន​សម្តែង​ដោយ​មាន​ភាព​ក្លាយ​ខុស​ពី​ទម្រង់​ដើម ដែល​នោះ​ជា​ហេតុ​នាម​ឲ្យ​ល្ខោនបាសាក់​កាន់តែ​បាត់​ប្រជាប្រិយភាព​។ លោក​ថា ខ្ញុំ​មានការ​ព្រួយបារម្ភ​ពី​រឿង​នេះ ព្រោះ​ទៅ​ថ្ងៃ​អនាគត​ប្រសិនបើ​មានការ​សម្តែង​ល្ខោន​ក្លាយ​ទៅ​ៗ​នោះ វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​ទម្រង់​ដើម​ដែល​ដូនតា​ខ្មែរ​បន្សល់​ទុក​អោយ​។ កត្តា​នេះ​ក៏​អាច​ជះ​ឥទ្ធិពល​មិនល្អ ដែល​នាំ​ឲ្យ​ល្ខោនបាសាក់​ខ្មែរ​បាត់បង់​ប្រជាប្រិយភាព ស្រប​ពេល​ដែល​បច្ចុប្បន្ន​បច្ចេកវិជ្ជា​កាន់តែ​ទំនើប ហើយ​យុវជន​កម្ពុជា​ហាក់​មិនសូវ​អើពើ និង​ជួយ​គាំទ្រ​សិល្បៈ​នេះ​ផង​នោះ​។

លោក​បន្ថែម​ថា បើ​នៅ​តែ​បន្ត​ធ្វើ​រឿង​ខាងលើ ហើយ​ប្រសិនបើ​យើង​នៅ​តែ​បណ្តោយ​អោយ​មហាជន​មិន​គាំទ្រ​ទម្រង់​សិល្បៈ​ល្ខោនបាសាក់​បែប​នេះ នោះ​វា​នឹង​នាំ​ឲ្យ​យើង​បាត់បង់​ព្រលឹង និង​ខឿនវប្បធម៌​ជាតិ ខណៈ​ពេល​ដែល​ខ្មែរ​ជា​ពូជពង្ស​មហានគរ​ដែល​ធ្លាប់​មាន​អរិយធម៌​ដ៏​រុងរឿង​។ យ៉ាងណា​ក្នុង​នាម​ជា​ប្រតិបត្តិ​ករ​មួយ​រូប​នោះ ក្នុង​វិស័យ​សិល្បៈ​មួយ​នេះ លោក​នៅ​តែ​ខិតខំ​ធ្វើ​យ៉ាងណា​ប្រមែប្រមូល​ពូន​ផ្តុំ​អ្នកសិល្បៈ​ដែល​មានចំណេះ​ជំនាញ​ពិតប្រាកដ ដើម្បី​ចងក្រង​យក​មក​ចូលរួម​សម្តែង​នៅ​ក្នុង​ក្រុម​របស់​លោក​ដោយ​រក្សា​ទម្រង់​ដើម​នៃ​ល្ខោនបាសាក់​ខ្មែរ ដើម្បី​ធ្វើ​ជា​គំរូ បើ​ទោះបីជា​ពេល​ខ្លះ​ក្រុម​របស់​លោក​នៅ​ខ្វះខាត​ថវិកា និង​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ក្តី​។

ជា​ការ​កត់សម្គាល់ រហូត​មក​ដល់​បច្ចុប្បន្ន ក្រុម​ល្ខោនបាសាក់​របស់​លោក អុល សំអាង បាន​សហការ​ជាមួយ​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា នៅ​ក្នុ​ការ​ផលិត​រឿង​ល្ខោនបាសាក់​ជា​បន្តបន្ទាប់ ដោយនៅ​ក្នុង​នោះ​សម្រាប់​ឆ្នាំ​ថ្មី​នេះ ក្រុម​របស់​លោក​ក៏​បាន​ផលិត​រឿង​ថ្មី គឺ​រឿង​ទិព្វ​សង្វារ ផង​ដែរ​៕