ខេត្តស្ទឹងត្រែង ៖ កោះហាន គឺជាឈ្មោះមួយក្នុងចំណោមដីកោះជាច្រើន ស្ថិតនៅឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ហើយក៏ជាដីកោះដែលមានសម្រស់ទាក់ទាញផ្នែកអេកូទេសចរណ៍ធម្មជាតិដ៏សម្បូរបែបផងដែរ។ នៅលើទំហំបរិវេណកោះហាន មានសក្តានុពល ជីវៈចំរុះ ដូចជាដើមឬសឈើពប្រះទឹក ហ្វូងសត្វស្លាប ទឹកទន្លេត្រជាក់ និងដីកោះខ្សាច់ពណ៌មាស ។ល។ គឺស្ថិតក្នុងតំបន់រាំសារ។
![Picture]()
ហើយដោយសារតំបន់ដីកោះនោះ អំណោចផលទាក់ទាញផ្នែកទេសចរណ៍ តំបន់ដីកោះនោះក៏ត្រូវបានរៀចំបង្កើតឡើងអោយទៅជាសហគមន៍អេកូទេសចរណ៍ សម្រស់កោះហាន បែបធម្មជាតិ។ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ស្ថិតលើដីកោះក្នុងឃុំកោះស្នែង ហើយយើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុង ផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល២៤គីឡូម៉ែត្រ ទៅដល់កំពង់ដរចម្លងសហគមន៍ និងជិះទូកបន្តឆ្ពោះទៅកាន់ឃុំកោះស្នែង និងមានសហគមន៍រង់ចាំទទួល។
![Picture]()
សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានចំនួន៤ភូមិ គឺភូមិកោះស្នែង ភូមិកោះកី ភូមិកោះស្រឡៅ និងភូមិជាំធំ ហើយសហគមន៍អេកូទេសចរណ៍សម្រស់កោះហាននេះ បង្កើតឡើងនៅឆ្នាំ២០១៦ ក្រោមការជួយគាំទ្រពីអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP_EP) សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក មន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម លើកស្ទួយជីវភាពប្រជាសហគមន៍ក្នុងតំបន់ ជាពិសេសបានជួយស្ត្រីមេម៉ាយ យុវជន និងសហគមន៍ទាំងមូល ដោយសហគមន៍បានបំរើសេវាកម្មផ្សេងៗជូនភ្ញៀវក្នុងសហគមន៍ផងដែរ។
![Picture]()
ទីតាំងតំបន់ទេសចរណ៍ក្នុងសហគមន៍ មាន៩កន្លែង ដូចជា ៖ ១- ព្រៃអ្នកតា / Prey Nek Ta 3km។ ២- កោះសំបួរ / Koh Sambuo 5km។ ៣- ក្បាលកោះស្នែង / Kbal Koh Snaeng 1km។ ៤- ក្បាលកោះទន្លេមួយ /Kbal Koh Tunle Muoy 3km។ ៥- ភ្នំត្រងើល / Trangeul mountain 7km។ ៦- អន្លង់ថ្មកំបោរ / Anlong Thmor Kambor 7Km។ ៧- វាលព្រលាន / Veal Pro Lean 11Km។ ៨- កន្ទុយកោះហាន / Kantuy Koh Han 5km និង៩- ក្បាលកោះហាន / Kbal Koh Han 1 km។ ហើយក្នុងកន្លែងនីមួយ អ្នកទស្សនាអាចទៅលេងបានដូចជា៖ ជិះទូកមើលព្រៃលិចទឹក សត្វស្លាបទឹកទន្លេមេគង្គ និងឡើងភ្នំ ទស្សនារូបសំណាក់ថ្មពាក់ព័ន្ធរឿងព្រេង (ថ្មកំបោរ) បោះតង់មើលថ្ងៃលិច និងជិះទូកកៃយ៉ាក់ ពិសារអាហារប្រចាំតំបន់ ដែលរៀបចំដោយសហគមន៍ផ្ទាល់ ស្នាក់នៅផ្ទះស្នាក់សហគមន៍ និងរៀនសូត្រពីជីវភាពរស់នៅរបស់អ្នកលើកោះផងដែរ។
![Picture]()
ទាក់ទងទៅនឹងសេវាកម្មរបស់សហគមន៍នេះមាន៖ សេវាម្ហូបអាហារ សេវាផ្ទះស្នាក់សហគមន៍ សេវាអ្នកនាំភ្ញៀវ សេវាទូកដឹកភ្ញៀវ សេវាបោះតង់លើកោះ សេវាសន្តិសុខសណ្ដាប់ធ្នាប់ សេវាបរិស្ថាន និងអនាម័យ សេវាដាំកូនឈើ និងសេវាជិះកង់លើកោះផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ