ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យណាស់! ស្នាដៃចម្លាក់ក្បាច់អង្គរដ៏ល្អឯកនៃជាងចម្លាក់ខ្មែរស្នងត្រកូលពីលោកតា

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ជា​ជាងចម្លាក់​ដោយ​ដៃ​ទាមទារ​ឲ្យ​មាន​ទេព​កោសល្យ​ខ្ពស់ ទឹកចិត្ត​ស្រឡាញ់ ការ​តស៊ូ​អត់ធ្មត់​ខ្លាំង ទើប​អាច​ហាត់រៀន​ឆ្លាក់​ប្រាក់ឆ្លាក់​ស្ពាន់ ដែល​មើលទៅ​ធម្មតាឲ្យ​ក្លាយជា​គ្រឿងប្រាក់ គ្រឿង​ស្ពាន់​ដែល​មាន​តម្លៃមាន​ចម្លាក់​ល្អ​ឯក រូប​ឆ្លាក់​ឡើង​ដូច​ផុស​មក​ពិត​ៗ និង​ស្រស់​ស្អាត​។

តួយ៉ាង​លោកតា ជា យុ​ទ្ធា ជា​ជាងចម្លាក់​ដែល​មាន​ទឹកដៃ​ដ៏​លេចធ្លោ​មួយ​រូប បាន​ស្នង​ត្រកូល​របស់​លោកតា ក្នុង​ការ​បន្ត​ស្នាដៃ​ចម្លាក់ ពិសេស​លោកតា បាន​បង្ហាញ​ស្នាដៃ​ដ៏​អស្ចារ្យ ដោយ​ឆ្លាក់​តាម​ក្បាច់​អង្គរ និង​ក្បាច់​ផ្កា​ភ្ញី​ផ្សេង​ៗ​គួរ​ឱ្យ​គយគន់ រហូត​ប្រែក្លាយ​ឃុំ​វិហា​ហ្លួង ឱ្យ​បងប្អូន​ខ្មែរ​ទាំង​ក្នុង​នៅ​ក្រៅប្រទេស​បាន​ស្គាល់​ច្រើន​ឡើង​ៗ​។

ស្ថិត​ក្នុង​វ័យ ៦៨​ឆ្នាំ លោកតា ជា យុ​ទ្ធា ជា​ជាងចម្លាក់​ប្រាក់​ស្ពាន់ រស់នៅ​ក្នុងភូមិ​សាលា​កាត់សក់ ឃុំ​វិហា​ហ្លួង ស្រុក​ពញ្ញាឮ ខេត្តកណ្ដាល ក្បែរ​ច្រកចូល​រមណីយ​ដ្ខា​ន​ប្រវត្តិសាស្ត្រ «​ឧដុង្គ​»​។ ទោះ​ស្ថិត​ក្នុង​៦០​ក្រាស់​ក៏​ពិតមែន តែ​លោកតា ជា យុ​ទ្ធា ដែល​មាន​សំបុរ​រាង​ស្រអែម មាឌធំ​មាំ​ខ្ពស់ នៅ​តែ​ពេញ​ដោយ​កម្លាំងកាយ​និង​កម្លាំងចិត្ត​យ៉ាង​មុះ​មុត ក្នុង​ការ​បន្ត​ធ្វើការ​ងារ​ដែល​លោក​ស្រលាញ់ ពិសេស​ជា​ស្នាដៃ​ដែល​ត​ពី​ដូនតា​របស់​លោក​តែ​ម្តង​។

ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវយឺត​ដៃខ្លី​ពណ៌​ខ្មៅ សក់​របាយ​អាច​ម៌​ខ្លា ថែម​បង់ក​ក្រ​ម៉ា​ខ្មែរ និង​ពាក់​វ៉ែនតា​ផង​នោះ លោកតា ជា យុ​ទ្ធា បាន​ពោល​មក​កាន់​អ្នក​សារព័ត៌មាន​បណ្តើរ ដៃ​កំពុង​កំពុង​កាន់​ដង្កៀប កៀប​ស្ពាន់​លឿង​ដែល​បាន​ធ្លាក់​ជា​សន្លឹក​ពពិល កំពុង​ត​ដុត​លើ​រងើកភ្លើង​បណ្តើ​រថា ការ​រៀន​ឆ្លាក់​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ គឺ​ទាមទារ​នូវ​ការ​អំណត់ ការ​ផ្ជ​ង់​អារម្មណ៍​ខ្លាំង​បំផុត​ទើប​អាច​ឆ្លាក់​ចេញ​ជា​ចម្លាក់​បាន​ស្អាត​ល្អ​។

លោកតា​បាន​មាន​ប្រសាសន៍​បន្ត​ថា លោកតា​មានចិត្ត​ស្រឡាញ់​ការ​ដាប់ និង​ចង់​ចេះ​ឆ្លាក់​តាំងពី​ដឹងក្ដី​មក​ម្លេះ បើ​ទោះបីជា​កាលពី​សម័យ​នោះ មិន​ទាន់​មាន​គេ​មើលឃើញ​ពី​ស្នាដៃ និង​តម្លៃ​ការ​ចម្លាក់​ដោយ​ដៃ​យ៉ាងណា​ក្ដី​។ លោកតា ជា យុ​ទ្ធា បាន​ពោល​បន្ថែម​ថា «​ស្នាដៃ​ចម្លាក់​ពី​ដំបូង​ឡើយ គឺ​លក់​អត់​ដាច់​ទេ​។ លក់​ឲ្យ​ថៅកែ​ហាង គេ​ឲ្យ​តម្លៃ​យើង​ថោក គេ​ថា​លក់​អត់​ដាច់​ដែរ​ហ្នឹង ទើប​គេ​ទិញ​ក្នុង​តម្លៃ​ធូរ​ថ្លៃ ខណៈ​ការ​ឆ្លាក់​ជា​រូប​ផ្សេង​ៗ​លើ​ស្ពាន់ ឬ​ប្រាក់​ទាមទារ​នូវ​ពេលវេលា ភាព​អត់ធ្មត់​និង​ទឹកដៃ​ខ្លាំង​!»​។

យ៉ាងណាមិញ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ ការ​ខិតខំ​ប្រឹងប្រែង​ថែរក្សា​ស្នាដៃ​របស់​លោកតា​ទទួល​បាន​លទ្ធផល ដោយ​ស្នាដៃ​ចម្លាក់​របស់​លោកតា ត្រូវ​បាន​គេ​ទទួលស្គាល់ និង​កោតសរសើរ​មិន​ដាច់​ពី​មាត់ ថា​លោកតា​ពិតជា​មាន​ទេព​កោសល្យ​ខ្ពស់ និង​សមត្ថភាព​ដ៏​កម្រ​មួយ​នេះ ដោយ​ការ​ឆ្លាក់​របស់​លោកតា ដកស្រង់​ចេញពី​ក្បាច់​នៅ​អង្គរ​។

«​កន្លែង​ខ្ញុំ​ឆ្លាក់​តែ​ក្បាច់​អង្គរ​ទេ ទាល់តែ​គេ​កម្ម​ង់​ជា​ភ្ញីទេស បាន​ខ្ញុំ​ឆ្លាក់​ភ្ញីទេស​ឲ្យ​គេ​» ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោកតា​។ ជាងចម្លាក់​ដែល​មានបទពិសោធន៍​ជាង ៥ ទស​វត្ស រូប​នេះ​បាន​បន្ត​ថា «​ក្បាច់​ខ្លះ​ឆ្លាក់​ឡើង ដោយ​បញ្ជាក់​ពី​អត្ថន័យ​ត្រជាក់ត្រជុំ ហើយ​ការ​ឆ្លាក់​នីមួយ​ៗ​ត្រូវ​ចំណាយពេល​រាប់​ខែ ដោយ​ទាមទារ​ឲ្យ​ជាង​មានការ​អត់ធ្មត់ ផ្ចិតផ្ចង់ តស៊ូ​បន្តិច​ទើប​ចម្លាក់​ល្អ​ឯក​ដូច​ផុស​មក​ពិត​ៗ»​។

ងាក​មក​ស្ថានភាព​គ្រួសារ​របស់​លោកតា​វិញ លោកតា ជា យុ​ទ្ធា បាន​បញ្ជាក់​លោកតា​រីករាយ​ដែល​មានកូន​ៗ​បាន​បន្ត​រៀន​ស្នាដៃ​ចម្លាក់​ពី​លោកតា ដូច្នេះ​លោកតា​ក៏​បាន​ព្យាយាម​បង្រៀន​កូន ចៅ ឱ្យ​ចេះ​ស្ទាត់ជំនាញ​ដើម្បី​ស្នង​ត្រកូល​បន្ត​ពី​លោកតា ដោយសារ​តែ​ប​ច្ចុ​ប្ប​ន្នេះ លោកតា​វ័យ​ក៏​កាន់តែ​មាន​វ័យចាស់ ហើយ​កូន​ៗ​របស់​លោកតា​ក៏​ចេះ​និង​មាន​ជំនាញ​ប្រហាក់ប្រហែល​លោកតា អាច​ស្នង​ស្នាដៃ​ជំនួស​លោកតា​បាន​ហើយ​។

ចំណែកឯ​ចៅ​ៗ លោកតា​ក៏​បាន​បង្រៀន​បណ្ដើរ​ៗ​ហើយ​ដែរ ព្រោះ​លោកតា​ពិតជា​មិន​ចង់​ឲ្យ​ស្នាដៃ​ចម្លាក់​របស់​លោកតា ត្រូវ​បាត់បង់​ទៅ​តាម​លោកតា​ឡើយ ជា​រួម​គឺ​លោកតា​បាន​មាន​ប្រសាសន៍​ថា ដរាបណា​លោកតា​នៅ​មានជីវិត​នឹង​ជម្រុញ​កូន​ៗ​ចៅ​បន្ត​ស្នាដៃ​នេះ ហើយ​ថ្ងៃ​ណាមួយ​ដែល​លោកតា អស់​ជីវិត​ពីលើ​លោក​នេះ​ទៅ ក៏​លោកតា​អាច​បន្សល់​ទុក​នូវ​ស្នាដៃ​ចម្លាក់​របស់​លោកតា ដែល​ជា​ដួង​ព្រលឹង និង​ស្នាដៃ​ដែល​មិន​អាច​បំភ្លេច​បាន​៕