ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេកណាំវ៉ា​ធ្លាក់​ថ្លៃ អ្នក​ដាំ​អំពាវនាវ​ឱ្យ​រដ្ឋ​ជួយ​រក​ទីផ្សារ

6 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ កសិករ​ដែល​កំពុង​ដាំចេក​ណាំវ៉ា បាន​ត្អូញត្អែរ​ពី​រឿង​គ្មាន​ទីផ្សារ ហើយ​តម្លៃ​ចេក​ធ្លាក់​ចុះ ខណៈ​ដែល​ឆ្នាំ​នេះ អ្នក​រស់នៅ​ខេត្តព្រះវិហារ​សម្រុក​នាំ​គ្នា​ដាំចេក​នេះ​ជា​ច្រើន​ហិ​កតា ព្រោះ​កន្លង​ទៅ

ខេត្តព្រះវិហារ ៖ កសិករ​ដែល​កំពុង​ដាំចេក​ណាំវ៉ា បាន​ត្អូញត្អែរ​ពី​រឿង​គ្មាន​ទីផ្សារ ហើយ​តម្លៃ​ចេក​ធ្លាក់​ចុះ ខណៈ​ដែល​ឆ្នាំ​នេះ អ្នក​រស់នៅ​ខេត្តព្រះវិហារ​សម្រុក​នាំ​គ្នា​ដាំចេក​នេះ​ជា​ច្រើន​ហិ​កតា ព្រោះ​កន្លង​ទៅ លក់​បាន​ថ្លៃ​សមរម្យ អាច​ឲ្យ​ពួក​គាត់​មាន​ចំណូល​គ្រាន់​បាន​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។

ជុំវិញ​ការ​ធ្លាក់​ថ្លៃ​ចេកណាំវ៉ា​នេះ អ្នកស្រី អឹុម រុន ជា​អ្នក​ដាំចេក​និង​ជា​អ្នក​នាំ​ចេញ​ទៅលក់​លើ​ទីផ្សារ នៅ​ភូមិ​បេង​កោង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្នកសិករ​ដែល​កំពុង​សម្រុក​ដាំចេក​នៅ​ខេត្តព្រះ​វិហារ​បាន​ត្អូញត្អែរ​ស្ទើរ​គ្រប់​គ្នា ព្រមទាំង​ព្រួយបារម្ភ​ពី​បញ្ហា​ទីផ្សារ​ចេកណាំវ៉ា​ធ្លាក់​ថ្លៃ ធ្វើ​ឲ្យ​ពួក​គាត់​ប្រឈម​នឹង​ការ​ខាតបង់​ប្រាក់​កាស​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។
អ្នកស្រី​បន្ត​ថា ៖ « ប​ច្ចុ​ប្បុ​ន្ន​នេះ​ចេកណាំវ៉ា​បាន​ធ្លាក់​ថ្លៃ​មក​ត្រឹម​៨០០​រៀល​ក្នុង​១​ស្និត បើ​ធៀប​នឹង​ឆ្នាំ​២០១៦ លក់​បាន​រហូត​ដល់​១.២០០​រៀល ទៅ​១.៥០០​រៀល​ក្នុង​១​ស្និត ជា​តម្លៃ​មួយ​អាច​ឲ្យ​កសិករ​ទទួលយក​បាន » ។

អ្នកស្រី​បញ្ជាក់​ថា រៀង​រាល់​ឆ្នាំ​អ្នកស្រី​ទិញ​ពី​តំបន់​នេះ​ទៅ​លក់​នៅ​ខេត្តសៀមរាប ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ហើយ​នាំ​ចេញម្តង​ចាប់ពី​៧.០០០​ស្និត​ទៅ​១​ម៉ឺន​ស្និត និង​ក្នុង​១​ខែ​នាំ​ចេញ​៣​ទៅ​៤​ដង ។ ពី​មុន​ចេកណាំវ៉ា​នេះ ជា​ធម្មតា​២០​ថ្ងៃ​កាប់​ចេញពី​ចម្ការ​ម្តង តែ​ពេល​នេះ​កសិករ​ខ្លះ​មាន​រហូត​ដល់​១​ខែ ទៅ​១​ខែ​កន្លះ ទើប​ឈ្មួញ​បញ្ជា​ទិញ​ឲ្យ​កាប់​ម្តង ។ រីឯ​កសិករ​ខ្លះ​ទៀត ពុំ​មាន​ឈ្មួញ​ទិញ​ធ្វើ​ឲ្យ​ចេក​ក្នុង​ចម្ការ​ខ្លះ​ទុំ​ស្អុយ​តែ​ម្តង ។

អ្នកស្រី អឹុម រុន  សំណូមពរ​ដល់​រាជរដ្ឋាភិបាល សូម​ជំរុញ​ញ​យន្តការ​យ៉ាងណា ដើម្បី​ឲ្យ​កសិផល​ទាំងអស់​នៅ​ខេត្តព្រះវិហារ មាន​ទីផ្សារ​និង​មាន​តម្លៃ​សមរម្យ​ដល់​កសិករ ដែល​កំពុង​ដាំ​ដុះ​ដំណាំ​ទាំង​អស់នេះ​ឡើង​វិញ ។ បើ​ពុំនោះ​ទេ កសិករ​ទាំងអស់​ច្បាស់​ជា​ប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ជា​មិន​ខាន​ឡើយ ។

កសិករ​ម្នាក់​ទៀត​ឈ្មោះ ហ៊ុន រ​ដ្ឋា លើក​ឡើង​ថា ដោយសារ​តែ​អ្នកបញ្ជា​ទិញ​ក្នុងស្រុក​លក់​ចេក​ដែល​នាំ​ចេញពី​ទឹកដី​ខេត្តព្រះវិហារ​ពុំ​ទាន់​អស់ ទើប​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ចេកណាំវ៉ា​មានការ​ស្ទះ​និង​ធ្លាក់​ថ្លៃ ។ គាត់​បាន​សម្តែង​នូវ​ការ​សោកស្តាយ​និង​និយាយ​ថា ប្រសិនបើ​នៅ​តែ​ធ្លាក់​ថ្លៃ​ទៀត គាត់​នឹង​ប្តូរ​ទៅ​ដាំ​ដំណាំ​ផ្សេង​វិញ ដែល​អាច​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​ដំណាំ​ចេក​នេះ ។

លោក ផា​ន់ សំអាង អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ទទួលស្គាល់​ថា ចេកណាំវ៉ា​បច្ចុប្បន្ន​នេះ​ពិតជា​ធ្លាក់​ថ្លៃ​ប្រាកដ​មែន ហើយ​កត្តា​ដែល​ធ្លាក់​ថ្លៃ​នេះ ដោយសារ​តែ​ផល​ចេក មួយ​ចំនួន​មានការ​ថយ​ចុះ​ផ្នែក​គុណភាព​បន្តិច ។ កសិផល​ទាំងនេះ ពុំ​ទាន់​មានការ​នាំ​ចេញ​ទៅ​កាន់ ប្រទេស​ជិតខាង​នៅឡើយ​ទេ ដោយ​បច្ចុប្បន្ន​កំពុង​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្មរុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ បង្ហាញ​ថា ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ចេក​តាម​ផែនការ​សរុប​ប្រមាណ​ជាង​៧​ពាន់​ហិ​កតា មាន​ផ្ទៃដី​ប្រហាក់​ប្រហែល​ឆ្នាំ​២០១៦ ។ ដោយឡែក​កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ ការ​ដាំ​ដុះ​ចេក​អនុវត្ត​បាន​ជាង​៦,៨​ពាន់​ហិ​កតា ស្មើនឹង​១១០,៦៣%​នៃ​ផែនការ ហើយ​ការ​នាំ​ចេញ​ចេក​ពី​ទឹកដី​ខេត្តព្រះវិហារ​ក្នុង​ឆ្នាំ​២០១៦ មាន​ប្រមាណ​៥.៩០០​តោន ៕