ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ទូក​ទេសចរណ៍​ខេត្តកំពត​ស្ងប់ស្ងាត់​ក្រោយ​ជួប​ឧបទ្ទវហេតុ

6 ឆ្នាំ មុន

ខេត្តកំពត ៖ ក្រោយ​ពី​មាន​ឧបទ្ទវហេតុ​ទូក​ទេសចរណ៍​១​គ្រឿង​បាន​លិច​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លា.ប់​កាលពី​ប៉ុន្មាន​ខែ​កន្លង​មក ធ្វើ​ឲ្យ​អាជីវកម្ម​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​ទស្សនា​កម្សាន្ត​តាម​ដងព្រែក​មុន​ថ្ងៃ​លិច និង​មើល​សត្វ​អំពិល

ខេត្តកំពត ៖ ក្រោយ​ពី​មាន​ឧបទ្ទវហេតុ​ទូក​ទេសចរណ៍​១​គ្រឿង​បាន​លិច​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​កាលពី​ប៉ុន្មាន​ខែ​កន្លង​មក ធ្វើ​ឲ្យ​អាជីវកម្ម​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​ទស្សនា​កម្សាន្ត​តាម​ដងព្រែក​មុន​ថ្ងៃ​លិច និង​មើល​សត្វ​អំពិលអំពែក​នៅ​ពេល​រាត្រី​ក្នុង​ទីរួមខេត្ត​កំពត​ធ្លាក់​ចុះ ខណៈ​ពី​មុន​មក​មាន​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជិះ​កម្សាន្ត​ច្រើន ។

កញ្ញា ស៊ុ​យ សុ​ភ័​ក្រ​ដា​នី ម្ចាស់​ទូក​ទេសចរណ៍​ឆាក​គី​យោ​ខេត្តកំពត ឲ្យ​ដឹង​ថា នៅ​ពេល​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ជិះទូក​កម្សាន្ត​តាម​ដងព្រែក​មិន​ច្រើន​ដូច​ពី​មុន​ទេ តែបើ​ច្រើន គឺ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដូច​ជា ថ្ងៃ​សៅរ៍​-​អាទិត្យ និង​ថ្ងៃ​បុណ្យ​ទាន​ប៉ុណ្ណោះ ទោះជា​យ៉ាងណា ក៏​នៅ​មិន​ស្មើ​កាលពី​ប៉ុន្មាន​ខែ​មុន​ដែរ ។ កញ្ញា​និយាយ​ថា ៖ « ការ​ធ្លាក់​ចុះ​នេះ​បាន​ចាប់ផ្ដើម​ក្រោយ​មាន​ករណី​ទូក​ទេសចរណ៍​មួយ​គ្រឿង​លិច​កាលពី​ពេល​កន្លង ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ ហើយ​ភ្ញៀវ​មួយ​ចំនួន​អាច​ភ័យ​ខ្លាច » ។

កញ្ញា​បន្ត​ថា ក្រោយ​ពី​មាន​ឧបទ្ទវហេតុ​លិច​ទូក​មក អាជ្ញាធរ​បាន​រៀបចំ​សណ្ដាប់ធ្នាប់ និង​ច្បាប់ទម្លាប់​មួយ​ចំនួន​ដើម្បី​ការពារ​ក្រែង​មាន​ករណី​នោះ​កើតឡើង​ម្ដងទៀត ។ ជាក់ស្ដែង អ្នក​បើកទូក​ទាំងអស់​ត្រូវ​មាន​ប័ណ្ណបើកបរ មានការ​បណ្ដុះបណ្តាល​ច្បាស់លាស់ ហើយ​ទូក​ក៏​មាន​ឈៀក​ត្រឹមត្រូវ​ផង​ដែរ ។ ជា​ពិសេស អាជ្ញាធរ និង​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​កំណត់​ចំនួន​ភ្ញៀវ​ទេសចរ​ជិះទូក​នីមួយ​ៗ​ច្បាស់លាស់ ធ្វើ​យ៉ាងណា កុំ​ឲ្យ​លើស​ចំណុះ​ដែល​ទូក​អាច​ផ្ទុក​បាន ។

កញ្ញា​បន្ថែម​ថា បន្ទាប់​ពី​អាជ្ញាធរ និង​ម្ចាស់​ទូក​នីមួយ​ៗ​សហការ​គ្នា​រៀបចំ​ឲ្យ​មានច្បាប់ និង​សណ្ដាប់ធ្នាប់​ឡើង​វិញ​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​មក​ជិះទូក​កម្សាន្ត​កើនឡើង​វិញ​បន្តិច​ម្ដង​ៗ ជា​ពិសេស នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ និង​ថ្ងៃ​ឈប់​សម្រាក​ម្ដង​ៗ ក្នុង​នោះ​ក៏​មាន​អ្នកខ្លះ​នាំ​គ្រួសារ មិត្តភក្តិ​បងប្អូន​មក​ជា​ក្រុម​រៀបចំ​ជា​ពិធីជប់លៀង​នៅ​លើ​ទូក​ផង​ដែរ ។

កញ្ញា​និយាយ​ថា ៖ « ក្នុង​១​ថ្ងៃ ទូក​ទេសចរណ៍​របស់​នាង​ខ្ញុំ ចេញដំណើរ​ពី​ម៉ោង​៥​កន្លះ​ដល់​ម៉ោង​៧​កន្លះ​ល្ងាច ហើយ​បើ​មាន​ភ្ញៀវ​ចង់​ជិះ​បន្ត​ទៀត អាច​នាំ​ទៅ​បាន ក្នុង​នោះ​តម្លៃ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​១​ម៉ឺន​រៀល ឬ​២,៥​ដុល្លារ​អា​មេ​រិ​ក និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តម្លៃ​២​ម៉ឺន​រៀល ឬ​៥​ដុល្លារ​អា​មេ​រិ​ក ។ នៅ​លើ​ទូក​ទេសចរណ៍​នីមួយ​ៗ​ក៏​មាន​បម្រើ​អាហារ និង​ភេសជ្ជៈ​ទៅ​តាម​ការ​កុម្ម​ង់​ផង​ដែរ »។

លោក អិុ​ត សារី ម្ចាស់​ទូក​ទេសចរណ៍ Lovely នាំ​ភ្ញៀវ​កម្សាន្ត​តាម​ដងព្រែក​កំពត ក៏​បាន​លើក​ឡើង​ដូច​គ្នា​ដែរ​ថា នៅ​ថ្ងៃ​ធម្មតា​មាន​ភ្ញៀវ​តិចតួច​ទេ ដែល​ជិះទូក​កម្សាន្ត​មើល​ទេសភាព និង​ស្រូប​ខ្យល់​អាកាស​តាម​ដងព្រែក​ខេត្តកំពត ប៉ុន្តែ​សម្រាប់​ថ្ងៃ​សៅរ៍​-​អាទិត្យ ឬ​ថ្ងៃ​បុណ្យ​ទាន អាច​មាន​ភ្ញៀវ​ច្រើន​រហូត​ដល់​៥០​នាក់ ហើយ​បើ​មាន​លើស​នេះ ក៏​មិន​អាច​ដាក់​បាន​ដែរ ដើម្បី​ការពារ​សុវត្ថិភាព​អ្នកដំណើរ ។

លោក​បន្ត​ថា លោក​ទើបតែ​ប្រកប​អាជីវកម្ម​ទូក​ទេសចរណ៍​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​ទស្សនា​តាម​ដងព្រែក បាន​រយៈពេល​៤-៥​ខែ​ប៉ុណ្ណោះ ហើយ​ចាប់តាំងពី​បើក​អាជីវកម្ម​ទូក​ទេសចរណ៍ ឃើញ​ថា មាន​ភ្ញៀវ​មក​ជិះ​កម្សាន្ត​ជា​រៀងរាល់ថ្ងៃ ព្រោះ​តម្លៃ​សមរម្យ ហើយ​នាំ​ភ្ញៀវ​ទស្សនា ស្រូបខ្យល់​អាកាស​តាម​ដងព្រែក និង​មើល​អំពិលអំពែក​នៅ​ពេល​រាត្រី​ផង​ដែរ ។

ទេសចរ​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដែល​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា និង​ជិះទូក​លេង​កម្សាន្ត​តាម​ដងព្រែក​ខេត្តកំពត និយាយ​ថា ការ​ជិះទូក​តាម​ដងព្រែក​នៅ​ខេត្តកំពត ថ្វី​ដ្បិតតែ​មិន​ទំនើប មិន​អស្ចារ្យ ប៉ុន្តែ​ទទួល​បាន​ខ្យល់អាកាស​ធម្មជាតិ​ពិត​ៗ ជាមួយ​ការ​ស្រស់ស្រូប​អាហារ​នៅ​លើ​ទូក​ផង​ដែរ ។ ទេសចរ​បរទេស​រូប​នេះ​និយាយ​ថា ៖ « តម្លៃ​ជិះទូក និង​អាហារ​នៅ​លើ​ទូក​ទាប​មែនទែន បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ដែល​យើង​ធ្លាប់​ទៅ ហើយ​បើ​និយាយ​ពី​ខ្យល់អាកាស​វិញ ក៏​ល្អ​បរិសុទ្ធ ធម្មជាតិ​ពិត​ៗ​ទៀត​ផង » ៕