ចិញ្ចៀនពេជ្រធំ ឡានស៊េរីថ្មីទំនើបៗ ផ្ទះវីឡាធំស្កឹមស្កៃជាក្តីស្រម៉ៃរបស់មនុស្សជាច្រើន។ ពួកគេត្រូវការប្រណីតភាពដោយគិតថា វានឹងធ្វើឱ្យជីវិតមានន័យ និងទទួលការស្ញប់ស្ញែង។
តម្រូវការនូវវត្ថុទំនើបៗនៅក្នុងជីវិតរស់នៅគ្មានអ្វីខុសឆ្គងនោះទេ។ ប៉ុន្តែជាអកុសលមនុស្សត្រូវបានដឹកនាំឱ្យដើរផ្លូវខុស ដើម្បីសម្រេចក្តីប្រាថ្នានៃជីវិតមួយដែលពោរពេញដោយប្រណីតភាពនៅក្នុងប្រទេសមួយដែលស្ថិតនៅក្នុងភាពក្រីក្រនៅឡើយ។
ប្រាក់ខែទាបនៅក្នុងស្ថាប័នរដ្ឋមិនអាចឱ្យពួកមន្ត្រីស្វែងរកប្រណីតភាពតាមរយៈប្រាក់ខែនោះឡើយ។ ការងាកទៅរកផ្លូវងងឹត ឬអំពើពុករលួយក៏កើតមាន ដើម្បីសម្រេចបំណងប្រាថ្នានៃជីវិតប្រកបដោយប្រណីតភាពនេះ។ ការងុបងល់ខ្លាំងនឹងប្រណីតភាពនឹងធ្វើឱ្យមនុស្សហ៊ានធ្វើគ្រប់យ៉ាង ដើម្បីបានចិញ្ចៀនពេជ្រគ្រាប់ធំ ឡានតម្លៃរាប់សែន និងវិមានស្កឹមស្កៃជាដើម។
ដរាបណាមនុស្សនៅតែប្រណាំងប្រជែងមិនចេះចប់មិនចេះហើយ ដើម្បីសម្រេចប្រណីតភាពនៅក្នុងជីវិតតាមមធ្យោបាយគ្រប់វិធី ពេលនោះបញ្ហាពុករលួយនឹងនៅតែតាមញាំញីក្នុងសង្គម ដោយធ្វើឱ្យពិបាកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យបានលឿនជាងនេះ។
គេមិនគួរគិតថា ប្រណីតភាព គឺជាតម្លៃតែមួយគត់នៃជីវិតឡើយ។ សេចក្តីថ្លៃថ្នូរ សីលធម៌ ចំណេះដឹង កិត្តិយស និងការស្រឡាញ់រាប់អានរបស់មនុស្ស គឺជាតម្លៃសំខាន់ៗផ្សេងទៀតនៅក្នុងជីវិត។
វាពិតជារឿងគួរឱ្យសរសើរសម្រាប់មនុស្សប្រកបរបរសុច្ចរិតដែលអាចធ្វើឱ្យជីវិតមានប្រណីតភាព។ ប៉ុន្តែផ្ទុយទៅវិញ វាពិតជាគួរឱ្យខ្មាសអៀនណាស់ ដែលមនុស្សត្រូវលះបង់តម្លៃជាមនុស្សដូចជាសីលធម៌ និងសេចក្តីថ្លៃថ្នូរដោយបង្កើតជាអំពើពុករលួយ និងអយុត្តិធម៌សង្គមដោយគ្រាន់តែដើម្បីទិញរបស់ប្រណីតៗដើម្បីអួតមនុស្សនៅក្នុងសង្គម។
ដូច្នេះសង្គមនឹងកាន់តែប្រសើរជាងនេះ កាលបើមនុស្សអាចទប់ចិត្តពីប្រណីតភាព៕
ចែករំលែកព័តមាននេះ