ភ្នំពេញ៖ រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ ឱ្យរៀបចំពិធីបុណ្យរម្លឹកគុណអង្គរ នៅរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។ ពិធីបុណ្យរម្លឹកគុណអង្គរ មានរយៈពេល ៣ថ្ងៃ នៅថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ តទៅ។
ពិធីបុណ្យ “រំលឹកគុណអង្គរ” ប្រារព្ធឡើង ក្នុងគោលបំណងសំខាន់ គឺដើម្បីអបអរសាទរការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភ័ណពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជា ដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិបេតិកភ័ណ្ឌសិល្បៈ និងវប្បធ៌មជាច្រើនទៀត ជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត និងដើម្បីបំផុសឱ្យភ្ញៀវជាតិ និងអន្តរជាតិម្នាក់ ចូលរួមទស្សនាអង្គរយ៉ាងហោចណាស់ ១ដង ក្នុងមួយឆ្នាំ។
ពាក់ព័ន្ធនឹងពិធីបុណ្យអង្គរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំអាជ្ញាធរជាតិអប្សរា ឱ្យរៀបចំសកម្មភាពលម្អិត ពាក់ព័ន្ធនឹងពិធីបុណ្យនេះ ក្នុងនោះ រួមមានកម្មវិធីតាមថ្ងៃនីមួយៗ ទីតាំងប្រារព្ធពិធី សមាសភាពចូលរួម លិខិតអញ្ជើញ ខ្លឹមសារបដា សុន្ទរកថាថ្នាក់ដឹកនាំ និងលទ្ធភាព ថវិកា ជាដើម៕



ចែករំលែកព័តមាននេះ