រាជធានីភ្នំពេញ ៖ ម្តាយអតីតតារាសម្តែងលោកថៃនរៈ ពិទូ គឺអ្នកស្រីងិន ម៉ារីយ៉ា បានផ្ញើសារជូនពរកូនប្រុសរបស់ខ្លួនក្នុងថ្ងៃខួបកំណើតក្នុងពេលអតីតតារាសម្តែងរូបនេះកំពុងជាប់នៅក្នុងពន្ធនាគារ ។
សារដ៏រំជួលចិត្តមួយត្រូវអ្នកស្រីងិន ម៉ារីយ៉ា សរសេរបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃទី២៦ ខែមេសា ២០១៧ ធ្វើឲ្យមហាជនមួយចំនួនក្តុកក្តួលចិត្ត ក្នុងពេលអ្នកស្រីបង្ហាញពីទំហំទឹកចិត្តម្តាយចំពោះកូន បើទោះបីជាកូនបានប្រព្រឹត្តខុសឆ្គងយ៉ាងណាក៏ដោយ ។
អ្នកស្រីងិន ម៉ារីយ៉ា សរសេរសារដោយភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹករបស់លោកថៃនរៈ ពិទូ ទាំងនៅតូច និងធំពេញវ័យថា «យប់មិញម៉ាក់មិនបានគេងទេ ហើយបើកឡានរាប់រយគីឡូមករកកូន ព្រោះថ្ងៃនេះជាថ្ងៃដែលម៉ាក់បានបង្កើតកូនប្រុសឲ្យមកស្គាល់ពិភពលោកនេះ…ពិទូ ពួកយើងស្រឡាញ់កូនណាស់ » ។
កូនប្រុស ! ទោះបីជាឆ្នាំនេះ ពួកយើងកម្សត់់ជាងរាល់ឆ្នាំ តែម៉ាក់សប្បាយចិត្ត ព្រោះថា ចាប់ពីពេលវេលានេះទៅ កូននឹងយល់ដឹង និងស្គាល់ពីន័យពិតរបស់ជីវិត…កូនតស៊ូឡើង ដើម្បីអនាគត…កើតជាមនុស្សគ្មាននរណាមិនចេះខុសទេ សំខាន់ខុសហើយកូនត្រូវកែខ្លួនបែរមករកផ្លូវត្រូវវិញ…អត់ធ្មត់ណាកូន ក្រុមគ្រួសារយើង ព្រមទាំងមនុស្សជាច្រើននៅស្រឡាញ់កូន និងរង់ចាំផ្លូវកូនត្រឡប់មកវិញ ពេញដោយ លក្ខណសម្បត្តិជាកូនប្រុសដ៏ថ្លៃថ្នូរ ជាសរសេរទ្រូងគ្រួសារ ជាកូនល្អ ជាបងល្អ ជាប្ដីល្អ និងជា ឪពុកល្អ ណាកូនណា» ។
តាមរយៈសារដ៏រំជួលចិត្តនេះត្រូវគេគិតថា គឺជាការផ្តល់កម្លាំងចិត្តមួយពីក្រុមគ្រួសារទៅកាន់លោកថៃនរៈ ពិទូ ដែលកំពុងជាប់ពន្ធនាគារ ប្រកបដោយភាពអស់សង្ឃឹមក្នុងជីវិត ។
អតីតហ្វ្រេស៊ីប៊យ ចំណាត់ថ្នាក់លេខ១លោកថៃនរៈ ពិទូ និងបក្សពួកមួយចំនួនទៀតត្រូវសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ទាក់ទិនការជួញដូរគ្រឿងញៀន ហើយបច្ចុប្បន្នលោកកំពុងជាប់នៅពន្ធនាគារឯខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ