ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ជាង​5​ម៉ឺន​នាក់ មិន​មានការ​បារម្ភ​ពី​សង្គ្រាម ខណៈ​ឧបទ្វីប​កូរ៉េ​ឡើងក​ម្តៅ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​ជួប​បញ្ហា​តានតឹង​យ៉ាងណា​ក្តី ក៏​ពលករ​ខ្មែរ​ដែល​បម្រើ​ការងារ​នៅ​សាធារណរដ្ឋកូរ៉េ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​ជួប​បញ្ហា​តានតឹង​យ៉ាងណា​ក្តី ក៏​ពលករ​ខ្មែរ​ដែល​បម្រើ​ការងារ​នៅ​សាធារណរដ្ឋកូរ៉េ បាន​សម្តែង​នូវ​អារម្មណ៍​ធម្មតា ។ នេះ​បើ​តាម​ការ​ថ្លែង របស់​លោក​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​(​កូរ៉េ​ខាងត្បូង​) ។

លោក ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​(​កូរ៉េ​ខាងត្បូង​) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែមេសា​ថា ទោះបីជា​ស្ថានការណ៍​កូរ៉េ​ខាងត្បូង​និង​កូរ៉េ​ខាងជើង​កំពុង​ឡើងក​ម្តៅ​ឬ​ផ្ទុះ​សង្គ្រាម​ដាក់​គ្នា​យ៉ាងណា​ក្តី ក៏​ពលរដ្ឋ​ខ្មែរ​កំពុង​បម្រើ​ការ​នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស នៅ​តែ​សម្តែង​អារម្មណ៍​ធម្មតា​មិន​តក់ស្លុត​នោះ​ទេ ។

លោក ឡុ​ង ឌី​ម៉​ង់ បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាមថា «​ទាក់ទង​នឹង​ពលក​រេ​ដែល​បម្រើ​ការងារ​នៅ​កូរ៉េ​ខាងត្បូង​នោះ គាត់​អត់​មាន​អារម្មណ៍​អ្វី​ដែល​មានការ​ភ័យ​ខ្លាច បារម្ភ​ទាំងអស់ ព្រោះថា​ស្ថានភាពជាក់ស្តែង​នៅ​កូរ៉េ​ខាងត្បូង​នេះ សូ​ម្បី​ប្រជា​ពលរដ្ឋ​កូរ៉េ​ក៏​ដូច​ជា​ជនជាតិ​ដទៃ​ទៀត អ្នកទេសចរ អ្នក​រកស៊ី​ធ្វើការ​មិន​មានការ​ភ័យ​ព្រួយ​ទេ​!» ។

លោក​បន្ត​ថា បងប្អូន​ពលករ​ខ្មែរ​យើង​ប៉ុន្មាន​ថ្ងៃនេះ គាត់​អត់​មាន​ភ័យ​អ្វី​ទាំងអស់ ដោយ​ពួក​គាត់​បាន​រៀបចំ​បុណ្យចូលឆ្នាំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ស្ទើរតែ​រាល់​ស​ប្តា​ហ៍ ។ ដូច្នេះ សតិអារម្មណ៍​របស់​គាត់​គ្មាន​ការ​បារម្ភ ។ ពិត​ណាស់ ទោះបីជា​មានការ​សួរនាំ​ពី​ស្ថានការណ៍​នៅ​កូរ៉េ​យ៉ាងណា​ក្តី តែ​ស្ថានការណ៍​ជាក់ស្តែង​មិន​មានការ​ព្រួយបារម្ភ​នោះ​ទេ ។

លោក​ឯកអគ្គរាជទូត​បញ្ជាក់​ថា «​យើងខ្ញុំ​ជា​ស្ថានទូត​នេះ បើ​មាន​បញ្ហា​អ្វី​នឹង​ដឹង ព្រោះថា​យើង​ធ្វើការ​ជាមួយ​បណ្តា​ស្ថានទូត​ទាំងអស់ និង​ជាមួយ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ពិសេសតាម​រយៈ​ក្រសួងការបរទេស​កូរ៉េ យើង​កំពុងធ្វើការ​តាមដាន​សភាពការណ៍​នៃ​ការ​វិវត្តន៍​ស្ថានការណ៍​កូរ៉េ​នេះ​ណាស់ ។ ដូច្នេះពេល​មាន​បញ្ហា​អ្វី​ខាង​កូរ៉េ​នឹង​ទាក់ទង​មក​យើង អ៊ីចឹ​ង រហូត​មក​ដល់​ពេល​នេះ​យើង​គ្មាន​អ្វី​ដែល​ត្រូវការ​ត្រៀមលក្ខណៈ​នោះ​ទេ ។ បងប្អូន​ខ្មែរ​នៅ​មាន​លក្ខណៈ​ធម្មតា​» ។

ទោះបី​ស្ថានការណ៍​នៅ​កូរ៉េ​កំពុង​មាន​ភាព​តានតឹង​យ៉ាងណា​ក្តី បើ​តាម​មន្ត្រី​ការទូត​កម្ពុជា​រូប​នេះ​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​គ្មាន​ពលករ​ខ្មែរ​ម្នាក់​ណា​សុំ​ទៅ​ស្ថានទូត​ដើម្បី​ជួយ អន្តរាគមន៍​មក​ស្រុក​ខ្មែរ​វិញ​ទេ គឺ​លើកលែងតែ​ពួក​គាត់​ចប់​អាណត្តិ ឬ​បាត់​លិខិតឆ្លងដែន ឬ​សុំ​ទៅ​លេង​ស្រុក ឬ​ទៅ​បុណ្យ​ទាន ។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​សុំ​ដើម្បី​មក​ស្រុក​ដោយសារ​ខ្លាច​សង្គ្រាម​គឺ​អត់​មាន​ទេ​។

ជាមួយ​គ្នា​នេះ លោក ឡុ​ង ឌី​ម៉​ង់ បាន​ឲ្យ​ដឹង​ថា ពលករ​ដែល​ទៅ​បម្រើ​ការងារ​នៅ​កូរ៉េ ខាងត្បូង​មាន​ជាង​៥​ម៉ឺន​៣​ពាន់​នាក់ ។ ស្ត្រី​ដែល​រៀប​ការ​ជាមួយ​ប្តី​កូរ៉េ​ជាង​១​ម៉ី​ន​នាក់ និង​សិស្ស​-​និស្សិត​ជាង​៤០០​នាក់ ។ 

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង មាន​ពលករ​បម្រើ​ការងារ​តាម​រោងចក្រ សហគ្រាស​ចំនួន​១៦​ប្រទេស បូក​ទាំង​ប្រទេស​កម្ពុជា​ផង ។ ក្នុង​នោះ​ប្រទេស​ជាស​មាជិ​ក​អាស៊ាន​មាន​ចំនួន​៧​គឺ កម្ពុជា វៀតណាម ឡាវ ថៃ មី​យ៉ា​ន់​ម៉ា ហ្វ៊ី​លី​ពី​ន និង​ឥណ្ឌូ​ណេ​ស៊ី​។ ក្រៅពី​នេះមាន​ពលករ​ពី​ប្រទេស​ផ្សេង​ទៀត​ដូច​ជា នេ​ប៉ា​ល់ ស្រី​លង្កា  ប៉ា​គី​ស្ថាន ជាដើម ។

ចំពោះ​ចំនួន​ពលករ​ដែល​កំពុង​បម្រើ​ការងារ​នៅ​កូរ៉េ​ខាងត្បូង​នេះ​ដែរ លោក ឡុ​ង ឌី​ម៉​ង់ បាន​ឲ្យ​ដឹង​ថា មាន​ប្រទេស​ខ្លះ​ច្រើន​ជាង​ប្រទេស​កម្ពុជា និង​ប្រទេស​ខ្លះ​តិច​ជាង​កម្ពុជា ។ លោក​បញ្ជាក់​ថា «​កម្ពុជា​មាន​ពលករ​នៅ​កូរ៉េ​ជាង​៥​ម៉ឺន​៣​ពាន់​នាក់ ដែល​ជា​កម្រិត​ខ្ពស់ ខណៈ​ប្រទេស ថៃ​មាន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​កូរ៉េ​ជាង​៩​ម៉ឺន​នាក់​» ។

ស្ថានការណ៍​នៅ​កូរ៉េ​ខាងត្បូង​កំពុង​តែ​ក្តៅ ដោយសារ​តែ​កូរ៉េ​ខាងជើង​បាន​ប្រកាស​នឹង​ធ្វើសង្គ្រាម​ជាមួយ​បណ្តា​ប្រទេស​ដែល​គាំទ្រ​កូរ៉េ​ខាងត្បូង ។ បន្ទាប់​ពី​ឃើញ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​មាន​ភាព​តានតឹង​នោះ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំ​ហេង ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​រូប​ទៀត បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​មួយ​រយៈ ដើម្បី​ចង់​ដឹង​ពី​ស្ថានការណ៍​របស់​ពលករ​កម្ពុជា​នៅ​ទីនោះ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ លោក​រដ្ឋមន្ត្រី​បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​កូរ៉េ ព្រម​ទាំ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​ទីនោះ ដោយ​មានការ​រាំ​លេង​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​ពលករ​ខ្មែរ ដែល​កំពុង​បម្រើ​ការងារ​នៅ​កូរ៉េ​ខាងត្បូង​នោះ​ផង ៕