ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ចុះ​ពិនិត្យ​ច្រាំង​ទន្លេ​បាក់​នៅ​ពាម​កោះ​ស្នា និង​ណែនាំ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន

1 ឆ្នាំ មុន
  • កំពង់ចាម

ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ដោយ​ឃើញ​ច្រាំង​ទន្លេមេគង្គ បាន​បាក់​ជា​បន្តបន្ទាប់​នៅ​ភូមិ​ពាម​ក្រៅ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ។ ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ភ្លាម

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ដោយ​ឃើញ​ច្រាំង​ទន្លេមេគង្គ បាន​បាក់​ជា​បន្តបន្ទាប់​នៅ​ភូមិ​ពាម​ក្រៅ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ។ ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ភ្លាម ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​សហការី បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ ដើម្បី​រក​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​បាក់​បន្ត​ទៀត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​។

លោក ទុន ស៊ា​ង មេឃុំ​ពាម​កោះ​ស្នា ប្រាប់​ឲ្យ​ដឹង​ថា ហេតុការណ៍​បាក់​ច្រាំង​ទន្លេ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ក្រោយ​ផ្ទះ​របស់​ឈ្មោះ​ឌី ប៊ីត ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ នៅ​ភូមិ​ពាម​ក្រៅ ហើយ​នៅ​ព្រឹក​ព្រលឹម​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​មេ​ភូមិ រូប​លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ពី​ចម្ងាយ​ឃើញ​ថា ច្រាំង​បាក់​មាន​ជម្រៅ​២៥​ម៉ែត្រ និង​បណ្ដោយ​៦០​ម៉ែត្រ ភ្លាម​ៗ​នោះ​លោក​បាន​រាយការណ៍​ជូន​លោក​អភិបាលស្រុក ដើម្បី​ឲ្យ​បាន​ដឹងផង​ដែរ​។

លោក​មេឃុំ​ពាម​កោះ​ស្នា បាន​ប្រាប់​បន្ត​ថា រហូត​ដល់​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​ដោយ​ផ្ទាល់​តែ​ម្ដង​។ ជាមួយ​នោះ ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រៀបចំ​ខ្សែ​ព័ទ្ធ​ទីតាំង​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ក្មេង​ៗ​ទៅ​ក្បែរ​ខ្លាច​ធ្លាក់​ចូល​ទឹកទន្លេ​បង្ក​គ្រោះថ្នាក់​។

ក្រោម​កិច្ចសហការ​រវាង​រដ្ឋបាល​ខេត្ត និង​ក្រសួង​ធនធានទឹក បាន​ចុះ​ពិនិត្យ​មើល​ជា​បន្ទាន់​ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​បូម​ខ្សាច់​ច្រក​បាវ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បាក់​ដល់​លំនៅ​ដ្ឋា​ន​របស់​ពលរដ្ឋ​។

សូម​បញ្ជាក់​ថា កន្លែង​បាក់​លើក​នេះ​មាន​ចម្ងាយ​ពី​កន្លែង​បាក់​លើក​មុន​ប្រមាណ​ជាង​២០០​ម៉ែត្រ មាន​ទំហំ​ប្រហាក់ប្រហែល​គ្នា ហើយ​ស្ថិត​នៅ​គម្លាត​ពី​ផ្ទះ​របស់​ឈ្មោះ​ប៊ីត ប្រមាណ​ជាង ៣០​ម៉ែត្រ ប្រសិនបើ​ច្រាំង​ទន្លេ​បាក់​នោះ​នឹង​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ចំនួន​៥​ខ្នង​។

គួរ​រំលឹក​ថា ហេតុការណ៍​គ្រោះ​ធម្មជាតិ​បាន​កើតឡើង​លើក​មុន​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២២ រំលង​អ​ធ្រា​ត​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​ពាម​ក្រៅ​ដែរ​។

អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​ស្រុក ក្នុង​នោះ​មាន​លោក អ៊ុ​ម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម អញ្ជើញ​អមដំណើរ​ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចុះ​មក​ដល់​ភូមិ​ពាម​ក្រៅ ទីតាំង​ដែល​បាន​កើតឡើង​បាក់​ស្រុត​ច្រាំង​ទន្លេ​ខាង​លិច​ពី​ផ្ទះ​សម្ដេច​តេ​ជោ​ប្រហែល​៥០​ម៉ែត្រ ដែល​បាក់​ស្រុត​បណ្ដោយ​ប្រហែល​៦០​ម៉ែត្រ និង​ជម្រៅ​ប្រវែង​១០-១៥​ម៉ែត្រ បាត់​ម៉ូ​ទ័​រ​បូមទឹក​ចំនួន​១​គ្រឿង ហើយ​មិន​ទាន់​មានការ​ប៉ះពាល់​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ឡើយ​។

បើ​តាម​ការ​ពិនិត្យ​ដោយ​ផ្ទាល់​ពី​ទីតាំង​ដែល​បាក់​ច្រាំង​មក​ដល់​លំនៅ​ដ្ឋា​ន​នៅ​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ ប្រសិនបើ​មិន​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​ទាន់​ពេល​ទេ​នោះ គឺ​ប៉ះពាល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង ស្មើ​ចំនួន​៥​ម្ចាស់​។ ហើយ​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ក៏​ដូច​ជា​ស្ថាប័ន​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​សា​ឡង់​បូម​ខ្សាច់​មួយ​គ្រឿង ព្រមទាំង​ក្រុម​ជំនាញ​បច្ចេកទេស ដើម្បី​ចុះ​មក​បូម​ខ្សាច់​ទប់ស្កាត់​ច្រាំង​កុំ​ឲ្យ​បាក់​បន្ត​ទៀត​។

លោក ទុន ស៊ា​ង មេឃុំ​ពាម​កោះ​ស្នា បាន​បញ្ជាក់​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហេតុការណ៍​បាក់​ច្រាំង​ទន្លេ​នេះ បាន​កើតឡើង​ចាប់ពី​ត្រង់​ចំណុច​មុខ​សាលា​ព្រះ​អណ្ដូង រហូត​មក​ដល់​ពាម​កោះ​ស្នា ហើយ​ត្រូវ​បាន​ក្រុមបច្ចេកទេស​របស់​ក្រសួង​ធនធានទឹក​សហការ​ជាមួយនឹង​ខេត្ត​រៀបចំ​ប៉ាវ ខ្សាច់​ដាក់​ទប់​នៅ​តាម​ច្រាំង​ទន្លេ​តាម​លក្ខណៈ​បច្ចេកទេស គឺ​មិន​មាន​បាក់​ទៀត​នោះ​ទេ​។

តែ​មក​ដល់​ឆ្នាំ​២០២២​នេះ ទឹកទន្លេ​មេគង្គ​បាន​ឡើង​ប្លែក​ខុស​ពី​ឆ្នាំ​កន្លង​ទៅ លុះ​ពេល​ស្រក​ទៅ​វិញ​ជា​ហេតុ​បណ្ដាល​ឱ្យ​បាក់​ស្រុត​ច្រាំង​ទន្លេ​នៅ​ភូមិ​ពាម​ក្រៅ ហើយ​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​គ្រប់​លំដាប់ថ្នាក់ កំពុង​តែ​ញាប់​ដៃជើង​ដឹក​សម្ភារៈ​បច្ចេកទេស​មក​កាន់​ឃុំ​ពាម​កោះ​ស្នា ដើម្បី​រៀបចំ​បូម​ខ្សាច់ ដើម្បី​បូម​ទុក​ច្រាំង​កុំ​ឲ្យ​បាក់​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​នៅ​តាម​ជួរ​ដង​ទន្លេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ