រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានត្រៀមបើកកិច្ចប្រជុំមួយនៅថ្ងៃទី២៥ មេសា ខាងមុខនេះ ដើម្បីពិនិត្យទៅលើបញ្ហាផ្លូវច្បាប់ ក្នុងចំណាត់ការ ការដាក់ពិន័យទៅលើតារាសម្តែងដែលចូលចិត្តសម្ញែងដើមទ្រូង គឺនាងដេនីក្វាន់ ក្នុងពេលដែលតារារូបនេះ នៅតែធ្វើសកម្មភាពគគ្លើនទៅនឹងចំណាត់ការរបស់ក្រសួង ។
ចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាពេលនេះ មិនមែនជាលើកទីមួយទេ ពោលកន្លងមកក្រសួង ក៏បានកោះហៅតារារូបនេះ យកមកដុះក្អែលម្តងរួចមកហើយ នៅពេលដែលតារារូបនេះ បញ្ចេញរូបភាពស្ទើរអាក្រាតកាយជាសាធារណៈ ។
ចំណាត់ការខាងលើនេះផងដែរ បានធ្វើឡើងបន្ទាប់ពីកន្លងទៅថ្មីៗនេះ តារាសម្តែងដែលមានមូលដ្ឋានមកពីខេត្តព្រះវិហារនាងដេនី ក្វាន់ បានLive វីដេអូបង្ហោះតាមហ្វេសប៊ុកក្នុងសម្លៀកបំពាក់ស្ទើរបញ្ចេញសុដន់ទាំងមូលមកក្រៅ ដែលធ្វើឲ្យអ្នកបានឃើញបានធ្វើការស្តីបន្ទោស និងរិះគន់មិនសំចៃមាត់ ។
បើយោងតាមលិខិតអញ្ជើញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវបានទម្លាយដោយលោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានបញ្ជាក់ថា លេខាធិការក្រុមប្រឹក្សាពិន័យ សូមអញ្ជើញអស់លោក ដែលជាក្រុមប្រឹក្សាពិន័យទាំងអស់ ចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃទី២៥ មេសា នៅទីស្តីការក្រសួង ។
លិខិតដដែលនោះបានបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្តោតទៅលើការពិនិត្យទៅលើព្យសនកម្មនៃបទល្មើសដែលបង្កដោយកញ្ញាដេនីក្វាន់។ ពិនិត្យ អនុម័តដាក់ពិន័យកញ្ញា ដេនីក្វាន់ ក្នុងកម្រិតណាមួយ ឱ្យស្របទៅតាមស្ថាននៃបទល្មើសដែលគេបានប្រព្រឹត្ត។ពិនិត្យសម្រេចទៅលើទម្រង់លិខិតក្នុងការដាក់ពិន័យ ។ ប្រមើមើល និងទាញការសន្និដ្ឋានពីលទ្ធផលជាវិជ្ជមាន និងអវិជ្ជមានបន្ទាប់ពីចេញលិខិតដាក់ពិន័យ។ ពិភាក្សាស្វែងរកបណ្តាយន្តការបន្ថែម ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការដាក់ពិន័យ និងបញ្ហាផ្សេងៗ។
ទាក់ទងទៅនឹងបញ្ហាខាងលើនេះ កោះសន្តិភាពនៅមិនទាន់អាចស្វែងរកការបកស្រាយណាមួយពីអ្នកនាង ដេនីក្វាន់ ឡើយនៅថ្ងៃទី២១ មេសា នេះ ប៉ុន្តែប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច បានទទួលស្គាល់ពីបញ្ហាខាងលើនេះ និងបានគាំទ្រដល់ការបង្កើតក្រុមប្រឹក្សាពិន័យនេះឡើង ហើយចំណាត់ការទៅលើតារារូបនេះយ៉ាងណានោះគឺនឹងដឹងទៅថ្ងៃទី២៥នេះ។
លោកបញ្ជាក់ថា ការបង្កើតក្រុមប្រឹក្សាពិន័យនេះឡើង គឺមានសារសំខាន់ណាស់ សម្រាប់ជាការតម្រង់ទិសដល់សិល្បករ សិល្បការិនីមួយចំនួន ដែលភ្លេចខ្លួន ហើយបានប្រព្រឹត្តនូវសកម្មភាពដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ក្នុងសង្គមសិល្បៈខ្មែរ ហើយការធ្វើបែបនេះ គឺជាគំរូមួយល្អសម្រាប់សិល្បករខ្មែរជំនាន់ក្រោយផងដែរ ។
ចែករំលែកព័តមាននេះ