ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​បើក​កិច្ច​ពិភាក្សា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​សិក្ខា​រួម​គ្នា​ជា​លក្ខណៈ​ត្រីភាគី ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត នៅ​ក្នុង

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​សិក្ខា​រួម​គ្នា​ជា​លក្ខណៈ​ត្រីភាគី ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត នៅ​ក្នុង​ប្រទេស​កម្ពុជា ។

សិក្ខាសាលា​នេះ ប្រារព្ធ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​២០ ខែមេសា នៅ​សណ្ឋាគារ​ភ្នំពេញ ដោយមានការ​ចូលរួម​ពី​ត្រីភាគី​គឺ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​និយោជក និង​តំណាង​កម្មករនិយោជិត និង​បាន​លើកយក​សេចក្តីព្រាងច្បាប់​ដែល​មាន​៦​ជំពូក ៣៣​មាត្រា​មក​ពិភាក្សា​។

លោក រដ្ឋមន្ត្រី អិុត សំ​ហេង ថ្លែង​ថា ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់ គឺ​ដើម្បី​ធានា​បាន​នូវ​យន្តការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ពិតជា​មាន​សារ​ប្រយោជន៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ធានា​បាន​នូវ​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ក៏​ដូច​ជា​ការ​លើកកម្ពស់​កម្រិតជីវភាព​របស់​កម្មករនិយោជិត ព្រមទាំង​ធានា​នូវ​ស្ថិរភាព និរន្តរភាព​នៃ​វិស័យ​ពាណិជ្ជកម្ម និង​ការ​ទាក់ទាញ​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ។ ក្រសួង​បាន​រៀបចំ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣៦ វាក្យខណ្ឌ​ទី​២ ដែល​បញ្ញត្តិ​ថា «​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ទទួល​ប្រាក់​បំណាច់​ស្មើគ្នា​ចំពោះ​ការងារ​ដូច​គ្នា​»​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា សេចក្តីព្រាងច្បាប់​នេះ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ស្ដី​ពី​ការងារ ដែល​ក៏​កំណត់​ផង​ដែរ​អំពី​ប្រាក់​ឈ្នួល​អប្បបរមា ដែលចាំបាច់​ក្នុង​ការ​ធានា​នូវ​ជីវភាព​រស់នៅ​សមរម្យ​របស់​កម្មករនិយោជិត​គ្រប់​រូប និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​១៣១ និង​អនុសាសន៍​លេខ​១៣៥ ស្ដី​ពី​ការ​កំណត់​ប្រាក់​ឈ្នួលអប្បបរមា ដែល​តម្រូវ​ឱ្យ​មាន​ប្រព័ន្ធ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​មួយ តាម​បែប​វិទ្យាសាស្ត្រ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​សេចក្តីព្រាងច្បាប់​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ក្នុង​ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​គតិ​យុ​ត្ត ។ សេចក្តីព្រាងច្បាប់​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ប្រជុំ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​ចំនួន ២​លើក​រួច​មក​ហើយ ដែល​លើក​ទី​១ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​លើក​ទី​២ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៦ កន្លង​ទៅ​»​៕