ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក មិន សា​រិ​ន កើតទុក្ខ​មិន​សុខចិត្ត ចេញ​មុខ​បញ្ជាក់​រឿងរ៉ាវ​រវាង​លោក​និង​អ្នក​នាង អ៊ុំ សុវណ្ណ​នី

1 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ទល់​នា​ពេល​នេះ អតីត​តារា​សម្តែង​អ្នក​នាង អ៊ុំ សុវណ្ណ​នី នៅ​បន្ត​ការ​ស្ងៀមស្ងាត់ ដោយ​មិន​ទាន់​ចេញ​មុខ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​ទេ ខណៈ​ពេល​ដែល​លោក មិន សា​រិ​ន ហៅ ម៉ែ​ន ដែល​ជា​ឪពុក​នៅ​តែ​ទទូច​ចង់​ជួប​មុខ និង​សម្លេង​របស់​កូនស្រី​ក្នុង​ជីវិត​ចុង​ក្រោយ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​នា​ពេល​នេះ អតីត​តារា​សម្តែង​អ្នក​នាង អ៊ុំ សុវណ្ណ​នី នៅ​បន្ត​ការ​ស្ងៀមស្ងាត់ ដោយ​មិន​ទាន់​ចេញ​មុខ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​ទេ ខណៈ​ពេល​ដែល​លោក មិន សា​រិ​ន ហៅ ម៉ែ​ន ដែល​ជា​ឪពុក​នៅ​តែ​ទទូច​ចង់​ជួប​មុខ និង​សម្លេង​របស់​កូនស្រី​ក្នុង​ជីវិត​ចុង​ក្រោយ​។

ក្នុង​នាម​ជា​ឪពុក​ដែល​កំពុង​មាន​ជំងឺ ជាមួយនឹង​ភាព​ចាស់ជរា​ផង​នោះ លោក មិន សា​រិ​ន ហៅ ម៉ែន បាន​ចេញ​មុខ​រំលឹក​ឈ្មោះ​កូនស្រី គឺ​អ​តី​តារា​សម្តែង​ដ៏​ល្បី​អ្នក​នាង អ៊ុំ សុវណ្ណ​នី ដើម្បី​លោក​បាន​ជួប​មុខ​កូន​ជា​លើក​ចុង​ក្រោយ ក្នុង​ពេល​ដែល​កូនស្រី​កំពុង​សាង​គ្រួសារ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​។

ជុំវិញ​ការ​អំពាវនាវ​ពី​សំណាក់​លោក មិន សា​រិ​ន តាម​រយៈ​បណ្តាញ​សង្គម​នា​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មានការ​ឆ្លើយ​តប​ណាមួយ​ជា​វិជ្ជមាន​ពី​អ្នក​នាង អ៊ុំ សុវណ្ណ​នី នៅឡើយ​ទេ ហើយ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​អតីត​តារា​សម្តែង​រូប​នេះ​បាន​ទទួល​ដំណឹង​នេះ​ហើយ​ឬ​នៅ?។

យ៉ាងណា ជុំវិញ​ការ​រំលឹក​ឈ្មោះ​អ្នក​នាង អ៊ុំ សុវណ្ណ​នី ពី​សំណាក់​លោក មិន សា​រិ​ន នា​ពេល​នេះ​ដែរ គេ​ក៏​ឃើញ​មាន​សាច់ញាតិ​របស់​អ្នក​នាង អ៊ុំ សុវណ្ណ​នី បាន​ចេញ​មុខ​បកស្រាយ​ខ្លះ​ៗ​ពី​ប្រវត្តិ និង​ទំនាក់ទំនង​​រវាង​លោកតា ម៉ែ​ន និង​អ្នក​នាង​កាលពី​អតីតកាល​។

តាម​រយៈ​ការ​បកស្រាយ​បង្ហាញ​ថា ទំនាក់ទំនង​រវាង​លោក មិន សា​រិ​ន និង​អ្នក​នាង អ៊ុំ សុវណ្ណ​នី ហាក់​ត្រូវ​បាន​កាត់​ផ្តាច់​ទាំងស្រុង ក្រោយ​ពី​អ្នក​នាង​បាន​ចេញ​ទៅ​សាង​គ្រួសារ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​។ ការ​លើក​ឡើង​នេះ ក៏​បាន​បញ្ជាក់​ពី​ការ​មិន​អើពើ​របស់​លោក មិន សា​រិ​ន ចំពោះ​កូនស្រី​ម្នាក់​នេះ​ដែរ បន្ទាប់​ពី​លោក​​មាន​ភរិយា​ទី​២ និង​មានកូន​ប្រុស​ស្រី​ថ្មី​ទៀត ដែល​កត្តា​នោះ​ជាដើម​ចម​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ឪពុក​កូន​អ្នក​ទាំង​ពីរ​កាន់តែ​ឃ្លាតឆ្ងាយ​ស្ទើរ​ហៅ​មិន​លឺ​។

ទោះជា​បែប​ណា ការ​បកស្រាយ​ខាងលើ​នេះ លោក មិន សា​រិ​ន ហៅ ម៉ែ​ន បាន​កើតទុក្ខ​មិន​សុខចិត្ត​ក៏​បាន​ចេញ​មុខ​បញ្ជាក់​រឿងរ៉ាវ​ខាងលើ​នេះ​ជា​ថ្មី ត្បិត​លោក​គិត​ថា ការ​លើក​ឡើង​ខាងលើ​នេះ គឺ​មិនមែន​ជា​ការ​ពិត​ឡើយ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​លោក សា​វិ​ន ហ្វី​លី​ព អ្នកសិល្បៈមួយរូប កាលពី​ពេល​ថ្មី​នេះ អតីត​តារា​សម្តែង​តួអង្គ​មេ​ខ្មែរក្រហម​ក្នុង​រឿង «​នរក​៩​ជាន់​» លោក មិន សា​រិ​ន បាន​អះអាង​ថា «​អ្នក​នាង អ៊ុំ សុវណ្ណ​នី ពិតជា​កូន​របស់​លោក​ពិតប្រាកដ​មែន ប៉ុន្តែ​លោក និង​កូនស្រី​បាន​បែក​គ្នា​រហូត​មក​ដល់​ពេល​នេះ មិន​ដែល​បាន​ជួប​មុខ​គ្នា​ឡើយ​»​។

លោក​បញ្ជាក់​ថា «​ក្រោយ​បែក​សម័យ​ប៉ុ​ល ​ពត លោក​ក៏​បាន​ដំណឹង​ពី​ភរិយា​ (ភរិយាទី១) របស់​លោក​ដែល​នៅ​រស់​នោះ លោក​ក៏​បាន​តាម​ស្វែងរក ដើម្បី​បាន​ជួប​មុខ​ប្រពន្ធ និង​កូន ហើយ​ការ​ស្វះ​ស្វែងរក​នោះ​ក៏​បាន​ជួប​ដូច​បំណង​ដែរ​»​។ លោកបន្តថា «​ពេល​ជួប​គ្នា​នោះ លោក​ក៏​បាន​សួរ​ទៅ​ភរិយា​ថា កូន (​អុ្នក​នាង អ៊ុំ សុវណ្ណ​នី​) មានការ​ងារ​ធ្វើ​ដែរ​ទេ បើ​អត់​ទេ លោក​នឹង​នាំ​ចូល​សិល្បៈ ហើយ​មុន​នឹង​ទៅ​នោះ កូនស្រី​នឹង​មានកូន​ដែល​ជា​ចៅ​របស់​លោក​២​នាក់​ហើយ ប៉ុន្តែ​បាន​បែកបាក់​គ្នា​។ ដោយសារ​ឃើញ​កូន​កំសត់ លោក​ក៏​បាន​សុំ​ភរិយា ដើម្បី​យក​កូន​ចូល​សិល្បៈ ហើយ​ភរិយា​របស់​លោក​ក៏​បាន​យល់ព្រម ដោយពេល​នោះ​លោក​ក៏​បាន​យក​រូបថត​កូនស្រី អ៊ុំ សុវណ្ណ​នី មក​អោយ​នាយកដ្ឋាន​ភាពយន្ត​តែ​ម្តង​»​។

លោក​បន្ថែម​ថា «​អំឡុង​ពេល​នោះ គឺ​មាន​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី បាន​ចូល​មក​សហការ​ផលិតភាព​យន្ត​ជាមួយ​នាយកដ្ឋាន​រឿង «​នរក​៩​ជាន់​» ហើយ​លោក​ក៏​បាន​នាំ​កូនស្រី​មក​អោយ​គេ​មើល​ផ្ទាល់​ទាំង​ម្តាយ​ផង ដោយពេល​នោះ​គេ​ក៏​ពេញចិត្ត​។ ក្រោយ​ផលិតករ​ពេញចិត្ត​កូនស្រី​នោះ លោក​រំភើប​រីករាយ​យ៉ាង​ខ្លាំង ដោយ​គេ​សម្រេច​យក​កូន​ទៅ​សម្តែង​ជា​តួឯក​នៅ​ក្នុង​រឿង​នេះ ខណៈ​ពេល​ដែល​លោក​ក៏​ត្រូវ​បាន​ជ្រើសរើស​ជា​តួ​ប៉ុ​ល​ពត​ផង​ដែរ​»​។

លោក មិន សា​រិ​ន បាន​លើក​ឡើង​បន្ថែម​ទៀត​ថា «​កូនស្រី អ៊ុំ សុវណ្ណ​នី ក៏​ត្រូវ​បាន​បណ្តុះបណ្តាល​បន្ថែម​​លើ​ផ្នែក​របាំ​បុរាណ ហើយ​បាន​មក​ស្នាក់​នៅ​នាយកដ្ឋាន​ភាពយន្ត​ក្នុងអំឡុងពេល​ថត​ភាព​យន្ត​រឿង «​នរក​៩​ជាន់​» នេះ​»​។ លោក​បញ្ជាក់​ថា «​ក្នុង​ពេល​នោះ​លោក​មិន​បាន​បោះបង់​កូន​ចោល​ដូច​ការ​លើក​ឡើង​នោះ​ឡើយ ដោយសារ​លោក​ធ្វើការ​នៅ​នាយកដ្ឋាន​ភាពយន្ត ហើយ​កូន​ស្នាក់​នៅ​ទី​នេះ ហេតុនេះ​លោក​ចេញចូល​មើល​កូនស្រី​រហូត បើ​ទោះបីជា​លោក​បាន​មាន​ភរិយា​ទី​២​ក៏​ពិតមែន ប៉ុន្តែ​លោក​នៅ​តែ​ទទួលស្គាល់​ដដែល​»​។

លោក​បន្ថែម​ថា «​លុះ​ពេល​ថត​រឿង​ខាងលើ​នេះ​ចប់ គេ​ក៏​បាន​នាំ​រឿង និង​តួអង្គ​ទៅ​បង្ហាញខ្លួន​នៅ​ស្រុក​គេ​អស់​រយៈពេល​ជា​ច្រើន​ខែ ដែល​ពេល​នោះ​ហើយ លោក​បាន​បែក​ពី​កូនស្រី អ៊ុំ សុវណ្ណ​នី តែ​ម្តង​។ យ៉ាងណា​អស់​ពេល​ជា​ច្រើន​ឆ្នាំ អ៊ុំ សុវណ្ណ​នី ក៏​បាន​វិល​ចូល​ស្រុក​ខ្មែរ​វិញ ហើយ​ពេល​នោះ​ក៏​មាន​ម្ចាស់​ផលិត​ជា​ច្រើន​បាន​ហៅ​នាង​ថត​ភាពយន្ត​ជា​បន្តបន្ទាប់ រហូត​ធ្វើ​ឲ្យ​នាង​មានឈ្មោះ​ល្បី​»​។

លោក​បន្ត​ថា «​ចាប់ពី​ពេល​នោះ​មក អ្នក​នាង អ៊ុំ សុវណ្ណ​នី ហាក់​មិនសូវ​បាន​ទាក់ទង​មក​លោក​ឡើយ ប៉ុន្តែ​ម្តាយ​របស់​នាង​ដែល​ជា​ភរិយា​ទី​១ របស់​លោក គឺ​បាន​មក​លេង​លោក និង​ភរិយា​ទី​២ នៅ​ច្បារ​អំពៅ​នេះ​ដដែល​»​។

យ៉ាងណា បើ​តាម​លោក មិន សា​រិ​ន ហៅ ម៉ែ​ន ថា «​ក្នុងអំឡុងពេល​នេះ លោក​នៅ​តែ​នឹករលឹក​កូនស្រី អ៊ុំ សុវណ្ណ​នី ដដែល ហើយ​លោក​រំលឹក​ឈ្មោះ​កូន​នា​ពេល​នេះ គឺ​លោក​មិន​មាន​បំណង​ចង់បាន​អ្វី មានបាន​ពី​កូនស្រី​ឡើយ គ្រាន់តែ​ចង់​ជួប​មុខ​កូន និង​លឺ​សំដី​ចេញពី​មាត់​កូន​ថា កូន​សុខ​សប្បាយ ឬ​នៅ​នឹក​ឪពុក​ម្នាក់​នេះ​ឬ​ក៏​អត់?​»​។

ជុំវិញ​បញ្ហា​ខាងលើ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​ស្រាយ​បំភ្លឺ​ពី​អ្នក​នាង អ៊ុំ សុវណ្ណ​នី ក៏​ដូច​ជា​កូនប្រុស​របស់​នាង​បាន​នៅឡើយ​ទេ គិត​មក​ដល់​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ខណៈ​ពេល​ការ​សាកសួរ​តាម​រយៈ​បណ្តាញ​សង្គម​នោះ មិន​មានការ​ឆ្លើយ​តប​។ យ៉ាងណា បើ​តាម​ការ​បញ្ជាក់​របស់​ក្មួយ​ប្រុស​របស់​អ្នក​នាង អ៊ុំ សុវណ្ណ​នី គឺ​តារា​សម្តែង​លោក អ៊ុំ សុវណ្ណ​គី​រី បាន​ឲ្យ​ដឹង​ថា ម្តាយមីង (​អ៊ុំ សុវណ្ណ​នី​) មិនសូវ​ជា​លេង​ហ្វេ​ស​ប៊ុ​ក​ឡើយ ហើយ​ជា​ទូទៅ​សាច់ញាតិ​គាត់​នៅ​អា​មេ​រិ​ក ដែល​ចង់​ផ្ញើ​អ្វី​ទៅ​គាត់​នោះ គឺ​ទាក់ទង​តាម​រយៈ​អ៊ី​ម៉ែ​ល​ប៉ុណ្ណោះ​។

គួរ​រំលឹក​ថា ប្រភព​មួយ​ទម្លាយ​អាថ៌​កំបាំង​នៅ​ពីក្រោយ​ទំនាក់ទំនង​រវាង​លោក មិន សា​រិ​ន និង​អ្នក​នាង អ៊ុំ សុវណ្ណ​នី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ