ភ្នំពេញ-ព្រះសីហនុ ៖ រយៈពេលមួយខែ នៃការបើកឱ្យប្រើប្រាស់ដោយឥតគិតថ្លៃផ្លូវល្បឿនលឿនចាប់ពីភ្នំពេញ-ក្រុងព្រះសីហនុ បានបិទបញ្ចប់ហើយ ដូចនេះការធ្វើដំណើរលើកផ្លូវល្បឿនលឿនចាប់ផ្តើមគិតតម្លៃ ចាប់ពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ ដែលការបង់ប្រាក់ត្រូវធ្វើឡើងតាមចម្ងាយជាក់ស្តែង។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ការធ្វើដំណើរលើផ្លូវល្បឿនលឿន នឹងត្រូវបង់ប្រាក់តាមចម្ងាយជាក់ស្តែង ឧទាហរណ៍ចម្ងាយ «ភ្នំពេញ-ក្រុងព្រះសីហនុ» បង់១២ដុល្លារ (បានចុះតម្លៃមក៨០%) យានយន្ត Type «A» ៖

១- រថយន្តប្រភេទគ្រួសារ ៧កៅអីចុះក្រោម
២- រថយន្តផ្ទុកទំនិញ ក្រោម ២តោន
៣- ទោចក្រយានយន្តកម្លាំងចាប់ពី 500cc ឬ 27kW ឡើងមានបិទ លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញនូវតារាងកម្រៃលម្អិតត្រូវគិតជាគីឡូម៉ែត តាមប្រភេទយានយន្ត ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។
ហើយរាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន ៖ ផ្លាកលេខសម្គាល់យានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព កាតព្វកិច្ចផ្សេងៗតាមផ្លូវច្បាប់ដែលបានកំណត់៕
ចែករំលែកព័តមាននេះ