រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង និងតារាចម្រៀងគឹម រ៉ូហ្សា បានមកលេងមាតុភូមិក្រោយពីចេញទៅកសាងជីវិតថ្មី នៅដែនដីអូស្ត្រាលី ។ ក្នុងអំឡុងពេលនេះគឹម រ៉ូហ្សាចង់បង្ហាញវត្តមានក្នុងពិភពសិល្បៈ ដ្បិតចិត្តនៅតែស្រឡាញ់ ។
បែកទៅសាងអនាគតថ្មីជាមួយស្វាមីជាអាណិកជននោះ គឹម រ៉ូហ្សា មានកូនស្រីម្នាក់ ។សម្តីរួសរាយរាក់ទាក់គឹម រ៉ូហ្សា រៀបរាប់ឱ្យដឹង ថា នាងមកលេងស្រុកកំណើតបាន២ដងហើយ ។ លើកទី១ កាលពីប៉ុន្មានឆ្នាំមុន ហើយនេះជាលើកទី២ ។
គឹម រ៉ូហ្សា ចេញទៅរស់នៅប្រទេសអូស្ត្រាលីតាំងពីឆ្នាំ២០០៧ម៉្លេះ បើគិតទៅរយៈពេល១០ឆ្នាំហើយ ។ រស់នៅប្រទេសអូស្ត្រាលី ទីក្រុងស៊ីដនីរ៉ូហ្សា ឆ្លៀតរៀនបន្ថែមនិងច្រៀងនៅចុងសប្តាហ៍ ។អ្វីក្រៅពីនេះគឺមើលថែកូន ។
មកស្រុកកំណើតជាលើកទី២នេះ គឹម រ៉ូហ្សា មានគម្រោងទទួលការងារសិល្បៈ ខ្លះៗដោយសារនាងនៅតែស្រឡាញ់ និងចូលចិត្ត ។ «នាងខ្ញុំចង់ច្រៀងនៅតាមស្ថានីយទូរទស្សន៍ ព្រោះស្តាយកេរ្តិ៍ឈ្មោះធ្លាប់សាងកាលពីមុន ។ ណាមួយចង់ឱ្យបងប្អូនយើងស្គាល់ឡើងវិញកុំឱ្យបាត់មុខគ្រាមានចិត្តនឹករលឹក» ។ គឹម រ៉ូហ្សា មកកម្ពុជាជិត១ខែហើយ ។ នាងមកលេងបងប្អូន និងឪពុកម្តាយយូរជាងលើកទី១ គឺមានពេលបីខែឯណោះ ។
គឹម រ៉ូហ្សា កត់សម្គាល់ឃើញថា«វិស័យសិល្បៈមានភាពរីកចម្រើនខ្លាំង ។ តារា ក្រោយៗក៏មានភាពរីកសាយតម្លៃ ប្រាក់ចំណូលក៏ខ្ពស់ជាងជំនាន់នាងខ្ញុំប្រឡូក ។ បើអាចនាងខ្ញុំពិតជាចង់ឱ្យពេលវេលាបកក្រោយ ដើម្បីរកប្រាក់ចំណូលពីសិល្បៈដែលមានភាពលូតលាស់ច្រើនខុសពីជំនាន់នាងខ្ញុំប្រាក់បានពីសិល្បៈតិចតួច ហើយស៊ូណាស់ ។ យ៉ាងណាក្តីនាងខ្ញុំចូលរួមត្រេកអរដែលសិល្បៈក្រោយនេះរីកចម្រើនជាងមុន ។
នាងខ្ញុំរំពឹងថាអំឡុងពេលមកលេងស្រុកបណ្តាស្ថានីយទូរទស្សន៍នានានឹងអញ្ជើញរូបនាងខ្ញុំបានសម្តែងច្រៀងតាមរយៈកម្មវិធីប្រគំតន្ត្រីនានា នៅចុងសប្តាហ៍ ដើម្បីបានជួបអ្នកគាំទ្រ និងបងប្អូនក្នុងស្រុកដែលនាងខ្ញុំមានការនឹករលឹកជាខ្លាំង» ៕
ចែករំលែកព័តមាននេះ