ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​កម្ពុជា​នៅ​ម៉ា​ឡេ​ស៊ី​អន្តរាគមន៍​ជួយ​ពលករ​-​ពល​ការិនី​ខ្មែរ​5​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​អន្តរាគមន៍​ដោះស្រាយ​បញ្ហា និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​

រាជធានី​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​អន្តរាគមន៍​ដោះស្រាយ​បញ្ហា និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន​៥​នាក់​ឱ្យ​ត្រឡប់​មក​មាតុភូមិ​វិញ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្ដិការ​អន្ដរជាតិ នៅ​ថ្ងៃ​ទី​៥ មេ​សា ។

ចំពោះ​ពល​ការិនី ប​.​ដ​.​ន អាយុ​២៦​ឆ្នាំ មក​ពី​ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ពល​ការិនី ច​.​ស អាយុ​២៩​ឆ្នាំ មក​ពី​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​នាំ​ធ្វើ​ដំណើរ​តាម​រថយន្ត​កាត់​តាម​ព្រំដែន​ថៃ​ទៅ​ម៉ា​ឡេ​ស៊ី ធ្វើ​ការងារ​តាម​ផ្ទះ​កាលពី​ឆ្នាំ​២០១៥ ។ ដោយ​ការងារ​លំបាក​ពេក និង​និយោជក​មិន​ព្រម​បើក​ប្រាក់ខែ​ឱ្យ ពល​ការិនី​ទាំង​ពីរ​បាន​ទាក់ទង​មក​ក្រុម​គ្រួសារ​នៅ​កម្ពុជា ដើម្បី​ជួយ​ពួក​គេ​ឱ្យ​បាន​ត្រឡប់​មក​កម្ពុជា​វិញ ។

បន្ទាប់​ពី​ទទួល​បាន​សំណូមពរ​ពី​ក្រុម​គ្រួសារ​របស់​ពល​ការិនី​ទាំង​ពីរ ស្ថានទូត​បាន​អន្តរាគមន៍ ហើយ​និយោជក​របស់​ពល​ការិនី​ទាំង​២​នាក់ បាន​យល់ព្រម​នាំ​ពល​ការិនី​មក​ស្ថានទូត និង​ប្រគល់​លិខិតឆ្លងដែន ប្រាក់ខែ​ដែល​នៅ​សល់ និង​សំបុត្រ​យន្តហោះ​ជូន​ដល់​អ្នក​ទាំង​ពីរ​នៅ​ថ្ងៃ​ទី​៣០ មីនា ។

ចំពោះ​ពលករ ល​.​ឡ អាយុ​២៤​ឆ្នាំ មក​ពី​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ពល​ការិនី ឆ​.​យ អាយុ​៣៧​ឆ្នាំ មក​ពី​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ និង​ពល​ការិនី ភ​.​ភ អាយុ​១៨​ឆ្នាំ មក​ពី​ស្រុក​បាកាន ខេត្តពោធិ៍សាត់ ត្រូវ​បាន​មេខ្យល់ នាំ​ធ្វើ​ដំណើរ​តាម​រថយន្ត​កាត់​តាម​ព្រំដែន​ថៃ​ទៅ​ម៉ា​ឡេ​ស៊ី ធ្វើការ​ជា​អ្នក​លក់ដូរ កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ។ ដោយ​ចង់​ត្រឡប់​មក​កម្ពុជា​វិញ ពួក​គេ​បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៧ ។ ស្ថានទូត​បាន​សម្របសម្រួល​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍​ម៉ា​ឡេ​ស៊ី ។ ពលករ​-​ពល​ការិនី​ទាំង​៥​នាក់​ខាងលើ បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​០៥ មេ​សា ៕