រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យទន្លេ នឹងក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍តាមតំបន់ដងទន្លេប្រកបដោយនិរន្ដរភាព និងការទទួលខុសត្រូវ ជាពិសេស ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ប្រជាពលរដ្ឋមូលដ្ឋាន ដូចដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រធានបទនៃពិធីបុណ្យទន្លេលើកទី៣នេះ គឺ «ទន្លេផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន » ។ នេះបើយោងតាមសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើជូនជនរួមជាតិក្នុងឱកាសប្រារព្ធពិធីបុណ្យទន្លេលើកទី៣ នៅខេត្តស្ទឹងត្រែង ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ មីនា ខាងមុខនេះ ។
ក្នុងសារលិខិត សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយដើរតួនាទីជា «មាសបៃតង» រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការបង្កើត និងបង្កើនឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល ជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ ចូលដល់ការកាត់បន្ថយភាពក្រីក្រ ជាពិសេស ចូលរួមការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជាសកល។
ជាមួយគ្នានេះ វិស័យទេសចរណ៍បាននិងកំពុងលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាលើឆាកអន្ដរជាតិផងដែរ ។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៦កន្លងមកនេះ ក្រុមប្រឹក្សាពាណិជ្ជកម្ម និងទេសចរណ៍អឺរ៉ុប បានជ្រើសរើសព្រះរាជាណាចក្រកម្ពុជា ជា «គោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក ឆ្នាំ២០១៦» និងជា «គោលដៅវប្បធម៌ពេញនិយមក្នុងឆ្នាំ២០១៦» ដែលនេះពិតជាបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សពីសភាពការណ៍ពិតរបស់កម្ពុជានាពេលបច្ចុប្បន្ន និងអរិយភាពរបស់កម្ពុជា ជាគោលដៅទេសចរណ៍ «វប្បធម៌ និងធម្មជាតិ» ហើយកម្ពុជាបាននិងកំពុងក្លាយជាបេះដូង និងគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ទន្ទឹមនឹងនេះ ភាពសម្បូរបែបនៃសក្ដានុពលទេសចរណ៍តាមដងទន្លេ បាននិងកំពុងរួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយឧត្តមភាព ភាពទាក់ទាញខ្ពស់ និងចូលរួមចំណែកសម្រេចចក្ខុវិស័យអាស៊ានជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក និងប្រកបដោយភាពកក់ក្ដៅ « ASEAN: The World –Class Destination» និង «ASEAN: Fells the Warmth» ។ ស្របពេលដែលទេសចរណ៍តាមដងទន្លេ ជាពិសេស ទេសចរណ៍មេគង្គបានក្លាយជាផលិតផលទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ាន ។
ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេស ទេសចរណ៍តាមនាវា សហគមន៍ទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ជាពិសេស ពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ និងមេគង្គ-ជប៉ុន ជាដើម ។
រាជរដ្ឋាភិបាលនឹងប្រារព្ធពិធីបុណ្យទន្លេនេះជារៀងរាល់ឆ្នាំនាពេលអនាគតនៅតាមបណ្ដាខេត្តជាប់ដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ដែលទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេស ការអភិវឌ្ឍផលិតផលតាមដងទន្លេ រួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពទាំងក្នុងតំបន់ និងឆាកអន្ដរជាតិ ។
សម្ដេចតេជោបានថ្លែងក្នុងសារលិខិតថា ៖ « ខ្ញុំសូមអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនរួមជាតិ ទាំងអស់ វិស័យឯកជន សហគ្រាសធុនតូច និងមធ្យមចូលរួមឲ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឲ្យពិធីបុណ្យទន្លេលើកទី៣នេះ និងបុណ្យទន្លេជាបន្ដបន្ទាប់ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ » ។
សម្ដេចបន្ដថា ៖ « ខ្ញុំក៏សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋចូលរួមសកម្មភាពចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» និងសហការថែរក្សាដងទន្លេឲ្យស្រស់ស្អាតគង់វង្សយូរអង្វែងដើម្បីបន្ដទុកជាមរតកដល់កូនចៅជំនាន់ក្រោយ ។ ក្នុងន័យទាំងអស់នេះ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធពិធីបុណ្យទន្លេនឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀតក្នុងការធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលជាកត្តាចូលរួមចំណែកក្នុងការផ្ដល់ចំណូល ការបង្កើនការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ពិសេសចូលរួមចំណែកធ្វើឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់អង្គការសហប្រជាជាតិ និងកម្ពុជា ព្រមទាំងបង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាព » ៕
ចែករំលែកព័តមាននេះ