ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ដៀលត្មះ​ថា​ចេះ​អាប​ធ្មប់ លែង​ចង់​រស់​ចាក់​ប្រពន្ធ​ស្លា.ប់ រួច​អត់​ហ៊ាន​ចាក់​ខ្លួនឯង

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ នគរបាល​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ក្រោយ​ពី​ចាក់​ប្រពន្ធ​របស់​ខ្លួន​នឹង​កាំបិត​ចុង​ស្រួច កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​

ខេត្តស្ទឹងត្រែង ៖ នគរបាល​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ក្រោយ​ពី​ចាក់​ប្រពន្ធ​របស់​ខ្លួន​នឹង​កាំបិត​ចុង​ស្រួច កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមីនា បណ្តាល​ឱ្យ​ស្លាប់ នៅ​ភូមិ​វាល​ពោធិ៍ ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដែល​តាម​ព័ត៌មាន​ថា ដោយសារ​ខ្មាស​អ្នក​ភូមិ​ដែល​ដៀលត្មះ​ថា​ខ្លួន​ចេះ​អំពើ​ធ្មប់ ។

បុរស​រូប​នេះ​ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន​បាន​និយាយ​ថា ខ្លួន​និង​ប្រពន្ធ​បាន​សម្រេចចិត្ត​រួម​គ្នា​ថា​ត្រូវ​តែ​សម្លាប់​ខ្លួន​ទាំង​២​នាក់ ដើម្បី​គេច​ពី​ការ​ដៀលត្មះ​របស់​អ្នក​ភូមិ ។ ពេល​ចាក់​ប្រពន្ធ​ស្លាប់​ហើយ​ត្រូវ​ចាក់​សម្លាប់​ខ្លួនឯង​ទៀត តែ​ខ្លួន​មិន​ហ៊ាន​ក៏​រត់​កាន់​កាំបិត​ហុច​ឱ្យ​អ្នក​ភូមិ​តែ​ម្តង​ទៅ ។

មន្ត្រី​នគរ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​ភេ បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​នេះ​រស់នៅ​ក្នុងភូមិ​ឃុំ​កើត​ខាងលើ ជា​ជនជាតិភាគតិច​កួយ ប្រកប​របរ​ធ្វើស្រែ​ចម្ការ ។ បុរស​ជា​ប្តី​បាន​ប្រើ​កាំបិត
ចុង​ស្រួច​ចាក់​ប្រពន្ធ​របស់​ខ្លួន​មួយ​កាំបិត​លើ​ចុង​ដោះ​ខាងស្តាំ​បណ្តាល​ឱ្យ​ស្លាប់​នៅ​លើ​ផ្ទះ ។ ការ​ចាក់​សម្លាប់​ប្រពន្ធ​នេះ ត្រូវ​បាន​បុរស​ជា​ប្តី​និយាយ​ថា ដោយសារ​ភូមិ​ជាមួយ​គ្នា​តែង​ដៀលត្មះ​លើ​គ្រួសារ​របស់​ខ្លួន​ថា​ចេះ​អំពើ​អាប​ធ្មប់ ងាយ​បង្ក​គ្រោះ​ថា្ន​ក់​ដល់​អ្នក​ភូមិ​ណាស់ ហើយ​ក៏​តែង​ខ្មាស​អៀន​ជា​ខ្លាំង​ស្ទើរ​មិន​ចង់​ឃើញ​មុខ​អ្នក​ភូមិ​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ​បុរស​ជា​ប្តី​បាន​ផឹកស្រា​ស្រវឹង​ជោកជាំ​តាំងពី​ថ្ងៃ​រហូត​ដល់​យប់ ហើយ​និយាយ​ជាមួយ​ប្រពន្ធ​ថា​នឹង​សម្លាប់​ខ្លួន​ទាំងអស់​គ្នា ព្រោះ​មិន​អាច​រស់នៅ​ក្នុងភូមិ​តទៅ​ទៀត​បាន​ទេ ដោយសារ​សព្វថ្ងៃ​រង​ការ​ដៀលត្មះ​ពី​អ្នក​ភូមិ​ជា​ច្រើន​និយាយ​ចោទប្រកាន់​ថា គ្រួសារ​ខ្លួន​ចេះ​អាប​ចេះ​ធ្មប់​។ ប្រសិនបើ​រស់នៅ​តទៅ​ទៀត​ពិតជា​ខ្មាស​គេ និង​មិន​ចង់​រស់នៅ​ក្នុងភូមិ​ឡើយ ហើយ​បុរស​ជា​ប្តី​ក៏​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ប្រពន្ធ​ចំ​ដើមទ្រូង​ស្លាប់​នៅ​លើ​គ្រែ​ក្នុង​មុង​លើ​ផ្ទះ​។

តាម​បុរស​ជា​ប្តី​និយាយ​ថា ក្រោយ​ពី​ចាក់​ប្រពន្ធ​រួច​ហើយ ខ្លួន​ក៏​ងងឹតមុខ​ឈឹង​មិនដឹង​ថា បាន​ធ្វើ​អ្វី​ទៀត​នោះ​ទេ លុះ​ពេល​ដឹងខ្លួន​ឡើង​ស្រាប់តែ​ត្រូវ​ប្អូនថ្លៃ​ចាប់ចង​រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង ។ ប៉ុន្តែ​ប្រភព​មួយទៀត និយាយ​ថា ក្រោយ​ពី​ចាក់​សម្លាប់​ប្រពន្ធ​ហើយ​បុរស​ជា​ប្តី​ក៏​បាន​រត់​ចុះពីលើផ្ទះ​យក​កាំបិត​ទៅ​ឱ្យ​អ្នក​ភូមិ​រួច​ប្រាប់​ថា ខ្លួន​ចាក់​សម្លាប់​ប្រពន្ធ​ហើយ ទើប​ភ្លាម​នោះ​មានការ​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង ។

នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ឃុំ​អន្លង់​ភេ និយាយ​ថា បុរស​ជា​ប្តី​ឈ្មោះ ស៊ុត រ៉េ​ត អាយុ​៤៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ វឿ​ន ឡី អាយុ​៣៩​ឆ្នាំ មានកូន​៥​នាក់​(​ប្រុស​៤​នាក់​និង​កូនស្រី​ច្បង​ម្នាក់​) ។ ពេល​នេះ​ម្តាយ​ស្លាប់ ឯ​ឪពុក​ក្លាយជា​អ្នកទោស តើ​ពួក​គេ​ត្រូវ​រស់​ដោយ​របៀប​ណា? បុរស​ជា​ប្តី និង​ជា​ឪពុក ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​សាកសួរ​បន្ថែម​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មុន​ពេល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕