ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​តា​ល់​ផ្តល់​ជូន​ទឹកបរិសុទ្ធ និង​អង្ករ​ដល់​អ្នក​រត់​ស៊ី​ក្លូ​នៅ​រាជ​ធានី​ភ្នំពេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​វី​តា​ល់ ដែល​ជា​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​គុណភាព​ខ្ពស់ និង​ល្បីល្បាញ​លើ​សកម្មភាព​សប្បុរសធម៌ បាន​ពាំនាំ​អង្ករ​២​តោន និង​ផលិតផល​ទឹក​ពិសា​វី​តា​ល់ជា​ច្រើន​កេស​ព្រមទាំង​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​វី​តា​ល់ ដែល​ជា​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​គុណភាព​ខ្ពស់ និង​ល្បីល្បាញ​លើ​សកម្មភាព​សប្បុរសធម៌ បាន​ពាំនាំ​អង្ករ​២​តោន និង​ផលិតផល​ទឹក​ពិសា​វី​តា​ល់ជា​ច្រើន​កេស​ព្រមទាំង​របស់របរ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ឧបត្ថម្ភ​ជូន​ដល់​អ្នក​រត់​ស៊ី​ក្លូ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ប្រមាណ​២០០​នាក់ ។ នេះ​ជា​កម្មវិធី «​ស៊ី​ក្លូ​នៃ​ក្តី​សង្ឃឹម​» ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ មីនា ២០១៧​នៅ​វាល​ព្រះ​មេរុ​ជាប់​ព្រះ​បរមរាជវាំង ។

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​យុវជនស្ម័គ្រចិត្ត បាន​បញ្ជាក់​ថា អ្នក​រត់​ស៊ី​ក្លូ​ទូ​ទាំង​ប្រទេស​កម្ពុជា សព្វថ្ងៃ​មាន​ចំនួន​ប្រមាណ​២០០​នាក់ ដែល​ពួក​គាត់​ភាគច្រើន​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ អ្នកខ្លះ​ទៀត​ក៏​គ្មាន​ទីពឹង និង​ផ្ទះសំបែង ដែល​ស្នាក់​នៅ​លើ​ស៊ី​ក្លូ​រៀង​រាល់​យប់​គួរ​ឱ្យ​អាសូរ ។ ជាង​នេះ​ទៀតអ្នក​រត់​ស៊ី​ក្លូ​ទាំងអស់​គឺ​សុទ្ធតែ​មាន​វ័យ​ចំណាស់
ក្នុង​នោះ​មាន​ពីរ​នាក់​មាន​អាយុ​ជាង​៨០​ឆ្នាំទៅ​ហើយ តែ​នៅ​បន្ត​រត់​ស៊ី​ក្លូ​ដើម្បី​ច​ញ្ចឹ​មជីវិត​ដដែល ។

ដោយសារ​តែ​មើលឃើញ​ការ​លំបាក​ច្រើន​សណ្ឋាន​បែប​នេះ ទើប​វី​តា​ល់​បាន​ពាំនាំ និង​គាំទ្រ​ឱ្យ​មានកម្ម​វិធី «​ស៊ី​ក្លូ​នៃ​ក្តី​សង្ឃឹម​» ដើម្បី​ផ្តល់​ការ​ឧបត្ថម្ភ​ដល់​អ្នក​រត់​ស៊ី​ក្លូ​ទូ​ទាំង​រាជធានី​ក្នុង​គោលបំណង​ចែករំលែក​ការ​លំបាក​ផ្នែក​ស្បៀងអាហារ ព្រមទាំង​ចង់​ផ្សព្វផ្សាយ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​ងាក​មក​ផ្តល់​ជំនួយ​បន្ថែម​ចំពោះ​ការ​ខ្វះខាត​របស់​អ៊ំ​ៗ​ស៊ី​ក្លូ​ដែល​មាននៅ​ចំពោះ​មុខ ។

លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន វី​តា​ល់ បាន​មាន​ប្រសាសន៍​ថា ជា​ទូទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​សុទ្ធតែ​បានដឹង បានលឺ​ហើយ​ថា ពូ​ៗ​និង​អ៊ំ​ៗ​រត់​ស៊ី​ក្លូ​សព្វថ្ងៃ​គឺ​រស់នៅ​ក្នុង​ជីវភាព​កាន់តែ​លំបាក ព្រោះ​ការ​និយម​ប្រើប្រាស់​ស៊ី​ក្លូ​របស់​ប្រជាពលរដ្ឋ​យើង​មានការ​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​យុគសម័យ​ទំនើប ដែល​ធ្វើ​ឱ្យ​ចំណូល​របស់​ពួក​គាត់​កាន់តែ​ខ្សត់ខ្សោយ ។ ម្យ៉ាងវិញទៀត សព្វ​ថ្ងៃនេះ អ្នក​រត់​ស៊ី​ក្លូ​គឺ​ភាគច្រើន​ជា​មនុស្ស​មាន​វ័យ​ចំណាស់ ហើយ​ពិតជា​ត្រូវការ​ជំនួយ​យ៉ាង​ខ្លាំង​ពី​សប្បុរសជន​ទូ​ទាំង​ប្រទេស ។ ការ​ឧបត្ថម្ភ​ថ្ងៃនេះ​ប្រហែលជា​មិន​អាច​ជួយ​ដល់​ទុក្ខ​លំបាក​ទាំងស្រុង​របស់​ពួក​គាត់​បាន​ទេ ប៉ុន្តែវី​តា​ល់​សង្ឃឹមថា អំណោយ​នេះ​ក៏​អាច​ជួយ​ទំនុកបម្រុង​ដល់​ពួក​គាត់​មួយ​គ្រា​ផង​ដែរ ។ វី​តា​ល់ឆ្លៀតឱកាស​នេះ​សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន សប្បុរសជន​ដទៃ​ទៀត​ចូលរួម​ជួយ​បន្ត​លើ​វិស័យ​ស៊ី​ក្លូ​ក្នុង​ប្រទេស​ចៀសវាង​ការ​ឈាន​ទៅ​រក​ការ​បាត់បង់​ទាំងស្រុង​នៅ​ថ្ងៃ​អនាគត​ខាង​មុខ​។

លោក​បន្ត​ថា កម្មវិធី​សប្បុរសធម៌​មួយ​នេះ​អាច​កើត​មាន​ឡើង​គឺ​ដោយសារ​តែ​អតិថិជនវី​តា​ល់ ដែល​ជា​ម្ចាស់​មូលនិធិ​២៥៛ របស់​យើង ។ លោក​ថា វី​តា​ល់​គឺជា​ផលិតផល​ដែល​ធានា​បាន​នូវ​គុណភាព និង​អនាម័យ ដែល​បាន​អនុលោម​តាម​ស្តង់ដារ​ជាតិ​និង​អន្តរជាតិ​យោង​តាម​យើង​យកចិត្តទុកដាក់​ក្នុង​ការ​ពិនិត្យ​គុណភាព​ជា​ចម្បង ។ ជាង​នេះ
ទៀត វី​តា​ល់​គឺជា​ក្រុមហ៊ុន​ខ្មែរ​ផលិត​ដោយ​ជនជាតិ​ខ្មែរ​យើង​មាន​មនសិការ​ជាតិ មោទនភាព​ជាមួយនឹង​ទស្សនវិស័យ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​វី​តា​ល់​ក្លាយជា​ក្រុមហ៊ុន​ជាតិ​ដែល​ទទួល​បានការ​កោតសរសើរ​ជាងគេ​ក្នុង​វិស័យ​ផលិតផល​ទឹក​ពិសា ។

យុវជន​តាំង គឹ​ម​ឡេ​ង អ្នកដឹកនាំ​ក្រុម​យុវជន​ផ្តួចផ្តើម​កម្មវិធី​ស៊ី​ក្លូ​នៃ​ក្តី​សង្ឃឹម​បាន​និយាយ​ថា នេះ​ជា​លើក​ទី​៧​ហើយ​ដែល​ក្រុមការងារ​លោក​បាន​រៀបចំ​កម្មវិធី​សប្បុរសធម៌​សម្រាប់​អ្នក​រត់​ស៊ី​ក្លូ​ទូ​ទាំង​រាជធានី​នេះ​ឡើង ។ លោក​ពិតជា​រំភើប និង​សប្បាយចិត្ត​នៅ​ពេល​ទទួល​បានការ​គាំទ្រ និង​ចូលរួម​កាន់តែ​ច្រើន​ពី​សំណាក់សាធារណជន ជា​ពិសេស​ក្រុមហ៊ុន​វី​តា​ល់បាន​ចូលរួម​ជួយ​ជ្រោមជ្រែង​កម្មវិធី​លើក​នេះ​។

លោក​បន្ត​ថា ក្រុមការងារ​លោក​បង្កើត​កម្មវិធី​នេះ​ឡើង​ដោយ​មិន​បាន​បម្រើ​ដល់​ស្ថាប័ន​ណាមួយ​ឡើយ ព្រោះ​ការ​ធ្វើ​ឡើង​ដូចដែល​បានឃើញ​នេះ គឺ​កើត​ចេញពី​សន្តាន​ចិត្ត​យុវជន​ស្ម័គ្រចិត្ត​សុទ្ធសាធ ហើយ​ចំពោះ​ការ​ឧបត្ថម្ភ​ដទៃ​ទៀត​គឺ​បាន​មក​ពី​ការ​បរិច្ចាគ​ពី​បងប្អូន​ក្នុង និង​ក្រៅប្រទេស​ម្នាក់​បន្តិច​ៗ​។

គួរ​បញ្ជាក់​ថា ទស្សនវិស័យ​របស់​វី​តា​ល់មិន​ត្រឹមតែ​ចង់​ធ្វើ​សកម្មភាព​សប្បុរសធម៌​កាន់តែ​ច្រើន​នោះ​ទេ ក្រុមហ៊ុន​ក៏​មាន​បំណង លើកទឹកចិត្ត​និង​ផ្សព្វផ្សាយ​កម្មវិធី​សប្បុរស​ធម៌​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​មាន​ភាព​កាន់តែ​ពុះកញ្ជ្រោល​ផង​ដែរ ។ វី​តា​ល់​ប្តេជ្ញា​ថា​នឹង​យក​កញ្ចប់​ថវិកា​សប្បុរសធម៌ ដែល​បាន​ចូលរួម​ពី​អតិថិជន​ទាំងអស់ ទៅ​ធ្វើ​កម្មវិធី​សប្បុរសធម៌​ជា​ច្រើន​បន្ថែម​ទៀត ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ត្រឡប់​ទៅ​អតិថិជន​ទាំងអស់​វិញ ៕