ខេត្តកំពង់ចាម ៖ ព្រែកតាឃ្លោក ស្ថិតនៅភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ត្រូវបានទឹកទន្លេមេគង្គឡើងមកជន់លិចធ្វើឲ្យប្រជាកសិករ មិនអាចធ្វើដំណើរជិះកង់ និងម៉ូតូបាន គឺមានតែឆ្លងទៅមកតាមរយៈទូកដតែប៉ុណ្ណោះ។ ហើយតំបន់នេះ ក៏បានក្លាយជាកន្លែងទេសចរណ៍ មនុស្សមកកំសាន្តលេងទាំងព្រឹក រហូតដល់ល្ងាចផងដែរ។
![Picture]()
លោក ឃីម ហាង វ័យ៣៧ឆ្នាំ រស់នៅភូមិទី៤ ឃុំកោះសូទិន បានរៀបរាប់ឲ្យដឹងនាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ថា ព្រឹកព្រលឹមស្រាងៗ គាត់បានជិះម៉ូតូចេញពីផ្ទះ ដើម្បីធ្វើដំណើរមកកាន់ក្រុងកំពង់ចាម ដើម្បីបំពេញការងារ លុះរហូតដល់វេលាម៉ោងជិត១១ថ្ងៃត្រង់ ត្រូវបានត្រឡប់មកវិញ ហើយត្រូវជិះទូកដ ដោយចំណាយថវិកាអស់១,០០០រៀល។
![Picture]()
ប្រជាពលរដ្ឋរូបនេះបានរៀបរាប់បន្តឲ្យដឹងទៀតថា ក្នុងរយៈពេល២ទៅ៣ឆ្នាំមកហើយ នៅព្រែកតាឃ្លោកនេះ ទឹកទន្លេមិនបានឡើងមកជន់លិចនោះទេ ទើបតែនៅឆ្នាំ២០២២ អាកាសធាតុមានការប្រែប្រួលជាហេតុធ្វើឲ្យទីនេះ ត្រូវបានទឹកជន់លិច ហើយការធ្វើដំណើរត្រូវជួបការលំបាកត្រូវឆ្លងទូកដ។ ប្រសិនបើមានសមាជិកក្រុមគ្រួសារ ឬអ្នកភូមិណាម្នាក់ឈឺ គឺរថយន្តមិនអាចបើកបរបាននោះទេ គឺមានមធ្យោបាយតែមួយ ដាក់តាមម៉ូតូយកមកកាន់មន្ទីរពេទ្យនៅក្រុងកំពង់ចាម ដើម្បីព្យាបាលជំងឺ។ សម្រាប់ម្ហូបអាហារវិញ គឺមិនពិបាកទិញនោះទេ ដោយអ្នកភូមិខ្លះ គេទៅទិញពីផ្សារក្រុងកំពង់ចាមយកមកលក់ នៅឯផ្ទះរបស់ខ្លួន ដើម្បីសម្រាប់លក់បន្តឲ្យអ្នកភូមិ។ ជាមួយនោះ នៅនឹងព្រែកនេះ ឃើញថា មានមនុស្សមកកម្សាន្តលេងពិតជាគួរឲ្យសប្បាយផងដែរ។
![Picture]()
ចំណែកស្ត្រីឈ្មោះ សុផា ណារី វ័យជាង៣០ឆ្នាំ មុខរបរលក់ការ៉េមកី ប្រាប់ឲ្យដឹងថា រាល់ដងគាត់តែងតែលក់ដូរនៅមាត់ទន្លេក្រុងកំពង់ចាម ដោយមានរថយន្តតូចមួយសម្រាប់ដឹកធុងការ៉េម ស្របពេលដែលទឹកទន្លេបានឡើងមកលិចនៅព្រែកតាឃ្លោក គាត់នឹងក្រុមគ្រួសារបានបើករថយន្តមកលក់នៅទីនេះទាំងព្រឹកល្ងាច។ ហើយក្នុងមួយថ្ងៃ គាត់អាចរកចំណូលបានរហូតដល់ជាង១០ម៉ឺនរៀល ដោយសារតែមនុស្សម្នាក្មេងចាស់ប្រុសស្រីនាំគ្នាមកលេងទឹកនៅព្រែកតាឃ្លោកនេះ។
![Picture]()
រីឯអ្នកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិន វិញ ប្រាប់ឲ្យដឹងដែរថា ក្នុងគ្រាដែលទឹកទន្លេបានចាប់ផ្ដើមឡើងមកដំបូង គឺពលរដ្ឋនាំគ្នាលេងនៅភូមិទី៩ ភូមិ១២ និងលេងនៅលូប្រាំ ហើយចុងក្រោយលិចព្រែកតាឃ្លោក អ្នកស្រុករួមនឹងប្រជាពលរដ្ឋមកពីតំបន់ឆ្ងាយនាំគ្នាមកលេងនៅទីនេះ ដើម្បីងូតទឹកលេង។ នៅក្នុងឃុំរបស់គាត់ ចាប់ពីភូមិទី១ រហូតដល់ភូមិ១៤ ដំណាំរបស់ប្រជាកសិករដែលខូចខាតភាគច្រើន គឺប្រភេទឪឡឹក ដែលកំពុងតែលូតលាស់ចេញក្តិប ហើយត្រូវទឹកឡើងមកខូចខ្ទេច។ ហើយរាល់ថ្ងៃអ្នកក្រុងកំពង់ចាម នាំគ្នាជិះកង់ហាត់ប្រាណមកនៅតាមភូមិមួយចំនួនក្នុងឃុំកោះសូទិននេះ ពេលដែលឃើញមានលក់ត្រី បន្លែ ផ្លែឈើធម្មជាតិ គឺពួកគាត់ទិញយកទៅផ្ទះសម្រាប់ទទួលទានផងដែរ។
![Picture]()
មេឃុំកោះសូទិន បញ្ជាក់ថា ក្នុងនាមអាជ្ញាធរ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ធ្វើយ៉ាងណារៀបចំអូសសម្រាប់ដាំបាយឲ្យបានត្រឹមត្រូវ និងកុំឲ្យក្មេងតូចលេងទឹកខ្លាចលង់ស្លា.ប់ និងឱ្យប្រុងប្រយ័ត្នមួយទៀត គឺសត្វគ្រប់ប្រភេទ បើសិនជាសត្វអសិរពិសខាំ ឬចឹក សូមប្រញាប់យកមកសង្គ្រោះជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅកៀកបំផុត។ ហើយសម្រាប់កន្លែងកំសាន្តវិញ នៅតាមដងផ្លូវបេតុងមិនជាធំប៉ុន្មានទេ ដូច្នេះសូមឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋមានការយកយល់គ្នាទៅវិញទៅមក។
![Picture]()
គួរបញ្ជាក់ថា តាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ ទឹកទន្លេមេគង្គមានកម្ពស់១៣,៧៤ម៉ែត្រ សម្រាប់កម្ពស់ទឹកទន្លេប្រកាសអាសន្នឱ្យប្រុងប្រយ័ត្នវិញ គឺកម្ពស់ ១៥,២០ ម៉ែត្រ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ