រាជធានីភ្នំពេញ ៖ ខ្សែភាពយន្តរឿង «សសរកន្លោង» របស់ផលិតកម្មឥន្ទ្រានិម្មិតបានរៀបចំពិធីក្រុងពលីចេញថតកាលពីព្រឹកថ្ងៃទី៦ មីនា ឆ្នាំ២០១៧ នៅទឹកដីវិហារសួគ៌ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ។ ពិធីនេះមានតារាសម្តែង ថៅកែផលិតកម្មផលិតករ និងតារាមួយចំនួនទៀត ។
ភាពយន្តរឿង «សសរកន្លោង» ជាស្នាដៃទី២របស់ឥន្ទ្រានិមិត្ត បន្ទាប់ពីជោគ ជ័យរឿង«កំណត់ហេតុនាងនាថ» ។
ការនាំតារាសម្តែង និងក្រុមការងារទៅធ្វើពិធីក្រុងពលីនៅវត្តវិហារសួគ៌ព្រោះរំពឹងថា បារមីវត្តនឹងជួយឃុំគ្រង ថែរក្សាឱ្យដំណើរការថតទទួលបានជោគជ័យ ។
ផលិតកម្មឥន្ទ្រានិមិ្មតទទួលបានការចាប់អារម្មណ៍ពីយុវវ័យ និងទស្សនិកជនទូទៅ ក្រោយពីផលិតស្នាដៃទី១ មានគុណភាព និងក្លាយជាផលិតកម្មល្បីក្រោយពីចេញផ្សាយរឿង «កំណត់ហេតុបាងនាថ» លេចធ្លោជាងគេក្នុងឆ្នាំ២០១៧ ។
ស្របពេលធ្វើក្រុងពលីនោះ ផលិតកម្មបានដឹកនាំក្រុមការងារចែកអំណោយដល់លោកតា លោកយាយ និងកុមារនៅវត្តវិហារសួគ៌ជាង១០០នាក់ផងដែរ ។
លោកចាន់ ណារ៉ូណាន ផលិតករ និងជាអ្នកដឹកនាំរឿងនិយាយថា «តំបន់វិហារសួគ៌នេះយើងបានធ្វើក្រុងពលីរឿងតាំងពីដំបូងមក និងជាកន្លែងប្រកបដោយបារមី និងជំនឿរបស់ខ្មែរយើងផងដែរ ដោយយើងមិនអាចចោលបាន ។ ចំពោះភាពយន្តរឿង«សសរកន្លោង»នេះផ្តោតលើភាពកំប្លែងនិងភាពភ័យរន្ធត់ខ្លាំងលើសពីរឿងកំណត់ហេតុនាងនាថទៅទៀត ។
ស្នាដៃទី២ របស់ឥន្ទ្រានិម្មិតនេះ ចំណាយដើមទុនជាង៧ម៉ឺនដុល្លារ ដោយចេញថតរយៈពេល២ខែគត់ ។ ខាងក្រុមការងារនឹងលៃលករកពេលបញ្ចាំងក្នុងឆ្នាំ២០១៧នេះ ឱ្យទាល់តែបានតាមការទន្ទឹងរង់ចាំរបស់ទស្សនិកជន ព្រោះគ្រាន់តែខ្ញុំផុសរូបខ្មោចលើហ្វេសបុ៊ក មានអ្នកភ្ញាក់ផ្អើលរួចទៅហើយ ខ្លះថាទោះជាខ្ចីលុយគេទិញសំបុត្រចូលមើលក៏ព្រមដែរ ។ នេះជាការផ្តល់ទឹកចិត្តមួយដល់ក្រុមការងារ» ៕
ចែករំលែកព័តមាននេះ