ពិតទេ? ជីវិតគូ អ៊ីណូ ឈានដល់ផ្លូវបំបែក ខណៈភរិយាលោកពោលយ៉ាងចាក់ដោត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ដោយនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ អ្នកនាង ម៉ានីតា ដែលជាភរិយាយរបស់តារាចម្រៀងប្រុសដ៏ល្បីឈ្មោះមួយរូបក្នុងផលិតកម្មសាន់ដេ គឺលោក អ៊ីណូ បានបង្ហោះសារដ៏វែងអន្លាយបង្ហាញការឈឺចាប់ ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល រហូតមានការចែករំលែកធ្វើការវែកញែកយ៉ាងផុសផុលតែម្ដង។

នេះបើយោងតាមសំណេរដែលភរិយាលោកអ៊ីណូបង្ហោះមានខ្លឹមសារទាំងស្រុងថា «មនុស្សស្រីថោ.កទាបបំផុត គឺមនុស្សស្រីដែលដឹងថា គេមានប្រពន្ធកូន ហើយក៏នៅតែព្យាយាមចូលមកបំបែកបំបាក់ និយាយផ្អែម ឲ្យភ្នែក ឲ្យដៃ ឲ្យខ្លួន ព្រោះតែស្រលាញ់ប្ដីគេ ហើយចង់បានមកជារបស់ខ្លួនឯង»។

អ្នកនាង ម៉ានីតា ដែលត្រូវជាភរិយាលោក អ៊ីណូ បានបន្តថា «មនុស្សប្រុសថោ.កទាបបំផុត គឺជាមនុស្សប្រុសដែលរកឱកាសដើម្បីក្បត់ប្រពន្ធកូនខ្លួនគ្រប់ពេល ចូលចិត្តទៅប្រឡូកប្រឡាក់ជាមួយមនុស្សស្រីរាត់រាយ មិនចេះភ្ញាក់រលឹកនៅពេលទទួលបានឱកាស គ្មានភាពស្មោះត្រង់ ចំពោះប្រពន្ធកូនខ្លួនឯងសោះឡើយ ខ្ញុំដល់ដំណាក់កាលលេងនិយាយអ្វីទាំងអស់ សូមដើរផ្លូវចាស់អោយសប្បាយ ខ្ញុំជឿថាបើនៅបែបនេះ គ្មានថ្ងៃស្គាល់ទេពាក្យថា សុភមង្គលគ្រួសារ ជឿថា គ្មានថ្ងៃដល់កោះត្រើយនឹងគេទេ បើនៅបែបនឹង ខ្ញុំសុំដកខ្លួន ព្រោះទ្រាំឆ្អែតហើយ កម្មរបស់ខ្ញុំក៏បានសងរួចរាល់ហើយដែរ មានស្រីរាប់មិនភ្លេច ខ្ញុំអាចទ្រាំបាន តែបើជេរប្រមា.ថមើលងា.យប្រពន្ធនៅនឹងមុនស្រី ខ្ញុំមិនអាចទ្រាំបានឡើយ ខ្ញុំសុំដកខ្លួន ព្រោះចំណាយពេលវេលាមកច្រើនគួរសមហើយដែរ ឱកាសខ្ញុំក៏ទុកឲ្យច្រើនគួរសមហើយដែរ ត្រឹមរយៈពេលបីឆ្នាំសោះ ធ្វើអោយខ្ញុំរស់ដូចស្លា.ប់»។

សំណេរដែលបង្ហោះខាងលើនេះ ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមដាក់ការសង្ស័យថា លោក អ៊ីណូ និងភរិយា កំពុងតែមានជម្លោះផ្ទៃក្នុងជាមួយគ្រួសារ និងអាចឈានដល់ការចែកផ្លូវគ្នាផងដែរ។
យ៉ាងណាមិញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ គឺត្រូវជាថ្ងៃខួបកំណើតរបស់ខ្លួន ស្រាប់តែលោក អ៊ីណូ បានបង្ហោះសារមួយឃ្លាជូនពរខ្លួនឯងថា «ឆ្នាំនេះ អរគុណខួបខ្លួនឯង នឹងគោរពអរគុណសំរាប់ការជូនពរ សូមអោយស្រាលខ្លួនគ្រប់រឿង សូមអោយគ្រប់រឿងមិនល្អ ពិបាកចិត្ត សូមរលាយបាត់ផុតផុត តាមឆ្នាំចាស់ចុះ សូមឱ្យទៅចុះ»។

ដោយឡែក ក្នុងថ្ងៃខួបកំណើតរបស់ស្វាមី កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ អ្នកនាង ម៉ានីតា មិនបានបង្ហោះសារជូនពរលោកឡើយ តែបែរជាបង្ហោះសារមួយឃ្លាដូច្នេះថា «ដើរយឺតមិនសំខាន់ សំខាន់កុំឈប់ដើរ បើអ្នកច្បាស់លាស់នឹងជីវិតគូត្រូវទទួលយកថា ខ្លួនមិនមែនម្នាក់ឯង ស្រលាញ់ត្រូវចេះឃុំគ្រងចិត្តអោយបានត្រជាក់ ស្រលាញ់របស់មនុស្សម្នាក់ៗគឺវាខុសគ្នា ខុសថាគេព្យាយាមនឹងរក្សាគ្រួសារតូចអោយមានសេចក្តីសុខ និងអត់ធ្មត់រាល់បញ្ហាដែលកើតមានឡើង មិនចុះឡើងតាមអារម្មណ៍ មិនធ្វើអោយខ្លួនឯងបាត់បង់សេចក្តីសុខក្នុងគ្រួសារ កុំអោយនរណាម្នាក់អូសទាញអ្នកអោយត្រឡប់ទៅកន្លែងចាស់ដែលអ្នកធ្លាប់ត្រូវបាត់បង់ម្តងទៀតបានអោយសោះ គ្រួសារដែលមានសុភមង្គលនោះ គឺផ្តើមចេញពីមេគ្រួសារដែលចេះមើលថែរ និងរក្សាគ្រួសាររបស់ខ្លួនមិនអោយរងារ មិនបោះបង់ ទោះលើសខ្វះខឹងបែបណាក៏ដោយត្រូវតែនិយាយ ដោយការគិតពិចារណាយ៉ាងច្បាស់លាស់ ដោយភាពទទួលខុសត្រូវពិត សូមអានដោយការគិតពិចារណា»។

ដោយឡែកទៀតសោត អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែសង្ស័យថា អ្នកទាំងពីរកំពុងឈានដល់ផ្លូវបំបែកនោះ ក្រោយឃើញតារាសម្ដែងអ្នកស្រឡាញ់ភេទដូចគ្នា គឺលោក ម៉ាដូណា បានបង្ហោះសារមួយឃ្លាជូនពរលោក អ៊ីណូ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ យ៉ាងដូច្នេះថា «Happy birthday to you មហាមិត្ត អ៊ីណូ» ក្នុងនោះក៏ភ្ជាប់មកជាមួយគណនីហ្វេសប៊ុកផ្ទាល់ខ្លួនលោក អ៊ីណូ ដែលមានឈ្មោះ San Sophearith មកផងដែរ។
តារាអ្នកស្រឡាញ់ភេទដូចគ្នារូបនេះ បានពោលជូនពរទៅកាន់លោក អ៊ីណូ ខុសប្លែកពីគេថា «សូមអោយជោគជ័យគ្រប់ភារៈកិច្ច និងសំរេចគ្រប់ការងារ សំខាន់នឹងបានជួបស្នេហាពិត កុំអោយស្រីបោ.កស្នេហាទៀត»។

ក្នុងសំណេរដ៏ខ្លី តែចាក់ដោតនេះ ត្រូវបានមហាជននាំគ្នាវែកញែកថា «លោក អ៊ីណូ និងភរិយាឈ្មោះអ្នកនាង ម៉ានីតា ប្រាកដជាមានរឿងផ្ទៃក្នុងជាមួយក្រុមគ្រួសារ និងអាចឈានដល់ការចែកផ្លូវគ្នា ទើបមានការបង្ហោះសារជូនពរបែបនេះ ចំណែកអ្នកលេងបណ្ដាញសង្គមផ្សេងទៀត បានពោលស្ដីអោយលោក ម៉ាដូណា ថា «គេមានប្រពន្ធហើយ នៅប្រើពាក្យស្រីបោ.កទៀត ពិតជាមិនសមរម្យសោះ»។
សូមបញ្ជាក់ថា សារដែលលោក ម៉ាដូណា បង្ហោះ គឺនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ ហើយចំពោះរឿងរ៉ាវខាងលើនេះ យើងនៅមិនទាន់ដឹងថា មានរឿងអ្វីអោយប្រាកដនោះឡើយ គឺមានតែរង់ចាំមើលការបកស្រាយពីលោក អ៊ីណូ និងភរិយាតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រោយរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធពេញសិទ្ធិ រហូតមកទល់នឹងបច្ចុប្បន្ននេះ លោកអ៊ីណូ និងភរិយា ឈ្មោះអ្នកនាង ម៉ានីតា ទទួលបានកូនម្នាក់ឃ្យូតគួរអោយស្រលាញ់ជាចំណងដៃស្នេហ៍ផងដែរ៕
















ចែករំលែកព័តមាននេះ