ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុយ​ពី​គ្រប់​គ្នា​! បុរស​ម្នាក់​សម្តែង​ការ​ខកចិត្ត ក្រោយ​ឈ្នះ​ឆ្នោតជាតិ​រង្វាន់​ធំ​បំផុត

1 ឆ្នាំ មុន

ឥណ្ឌា ៖ នៅ​ពេល​និយាយ​ដល់​ការ​ឈ្នះ​ឆ្នោត គ្រប់​គ្នា​នឹង​រំពឹង​ឃើញ​ពី​ទិដ្ឋភាព​ដ៏​សែន​រីករាយ​បំផុត​រក​

ឥណ្ឌា ៖ នៅ​ពេល​និយាយ​ដល់​ការ​ឈ្នះ​ឆ្នោត គ្រប់​គ្នា​នឹង​រំពឹង​ឃើញ​ពី​ទិដ្ឋភាព​ដ៏​សែន​រីករាយ​បំផុត​រក​អ្វី​មក​កាន់​ថ្លៃ​មិន​បាន​ឡើយ​។ ប៉ុន្តែ​ទោះ​យ៉ាងណា អ្វី​ៗ​មិនមែន​សុទ្ធតែ​ដូច​គ្នា​ឡើយ ជាក់ស្តែង​ករណី​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ បែរជា​សម្តែង​ការ​ហួសចិត្ត និង​ខកចិត្ត​ទៅ​វិញ ក្រោយ​ពេល​គាត់​បាន​ឈ្នះ​ឆ្នោត​រង្វាន់​ធំ​បំផុត (Jackpot)​។

លោក Anoop ដែល​ជា​អ្នក​បើករថយន្ត​ដឹក​អ្នកដំណើរ​រស់នៅ​រដ្ឋ Kerala ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា បាន​ឈ្នះ​ឆ្នោត​រង្វាន់​ធំ ២៥០​លាន​រូពី ដែល​ស្មើនឹង​ប្រមាណ ៣,០៦​លាន​ដុល្លារ​អា​មេ​រិ​ក កាលពីដើម​ខែកញ្ញា​កន្លង​ទៅ ដែល​ជា​ឆ្នោតជាតិ​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​រដ្ឋ​ផ្ទាល់​តែ​ម្តង​។

ប៉ុន្តែ​មួ​យស​ប្តា​ហ៍​ក្រោយមក គាត់​បាន​បង្ហោះ​វី​ដេ​អូ​ស្នើ​សុំ​ឱ្យ​មនុស្ស​ចម្លែក​មុខ​ឈប់​រំខាន​ជីវិត​ឯកជន​របស់​គាត់ និង​ក្រុម​គ្រួសារ​គាត់ តាម​រយៈ​ការ​ស្នើ​សុំ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​គាត់​ទៀត​ទៅ​។ លោក Anoop បាន​និយាយ​ថា «​បើសិនជា​អាច​ខ្ញុំ​មិន​ចង់​ឈ្នះ​នោះ​ទេ​។ ខ្ញុំ​គិត​ថា​ឈ្នះ​រង្វាន់​ទី​៣ ប្រហែលជា​ប្រសើរ​ជាង​នេះ​»​។

ឥឡូវនេះ គាត់​កំពុង​ពិចារណា​ផ្លាស់​ប្តូរ​ទីលំនៅ ដើម្បី​គេច​ចេញពី​ការ​ចាប់អារម្មណ៍​របស់​សាធារណជន​ដ៏​ច្រើន​លើសលប់​។ លោក Anoop បាន​ក្លាយជា​ជន​ល្បីល្បាញ​បំផុត​ជាមួយ​ចំណងជើង​ថ្នាក់​ជាតិ នៅ​ពេល​គាត់​បាន​ឈ្នះ​ឆ្នោត​រង្វាន់​ធំ ដែល​ជា​រង្វាន់​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​រដ្ឋ Kerala ។

«​ដំបូង​ៗ ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​ពេល​ឈ្នះ​រង្វាន់​ធំ​។ មនុស្ស​ម្នា​នាំ​គ្នា​កាន់​កាមេរ៉ា​សម្រុក​មក​ថត​ពេញ​មុខ​ផ្ទះ​ខ្ញុំ​តែ​ម្តង​។ ប៉ុន្តែ​ស្ថានភាព​មិនយូរ​ប៉ុន្មាន​គឺ​យើង​មិន​អាច​គ្រប់គ្រង​បាន​ឡើយ​។ ខ្ញុំ​មិន​អាច​ចេញពីផ្ទះ​បាន​ទេ ខ្ញុំ​មិន​អាច​ទៅ​ណា​បាន​ទាំងអស់ សម្បី​តែ​ពេល​កូន​ខ្ញុំ​ឈឺ ក៏​ខ្ញុំ​មិន​អាច​យក​គេ​ទៅ​ពេទ្យ​បាន​ដែរ​»​។

គាត់​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា «​អ្វី​ដែល​ខ្ញុំ​អាច​ប្រាប់​អ្នក​គ្រប់​គ្នា​បាន​នោះ​គឺថា ខ្ញុំ​មិន​ទាន់​ទទួល​បាន​លុយ​នៅឡើយ​ទេ​។ គ្មាន​នរណា​ម្នាក់​យល់​អំពី​បញ្ហា​របស់ខ្ញុំ​ទេ ទោះបីជា​ខ្ញុំ​និយាយ​វា​ប៉ុន្មាន​ដង ហើយ​ដដែល​ៗ​យ៉ាងណា​ក៏​ដោយ​»​។

លោក Anoop និង​ក្រុម​គ្រួសារ​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅផ្ទះ​សាច់ញាតិ ដើម្បី​គេច​ចេញពី​ការ​ចាប់អារម្មណ៍​របស់​មនុស្ស​គ្រប់​គ្នា​។ ខណៈ​ដែល​រដ្ឋាភិបាល​រដ្ឋ Kerala បាន​អះអាង​ថា ខ្លួន​នឹង​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ពេញ​មួយ​ថ្ងៃ​សម្រាប់​លោក Anoop ស្តី​ពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ដើម្បី​ជួយ​គាត់​ឱ្យ​ប្រើប្រាស់​លុយ​ដោយ​ត្រឹមត្រូវ និង​បាន​ល្អ​បំផុត​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ